សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំជាងគេបង្អស់នៅក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប755,533នាក់ អ្នកស្លាប់សរុប40,461នាក់ និងអ្នកជំងឺជាសះស្បើយមាន67,172នាក់។
ប្រទេសនេះ បានធ្វើតេស្តរកវីរុសសរុបចំនួនជាង3,865,864នាក់ ក្នុងនោះមាន617,555នាក់ត្រូវបានធ្វើតេស្តនៅ New York។ រដ្ឋ New York គឺជា “វាលពិឃាត” របស់មេរោគCOVID-19 ធំជាងគេនៅសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ដល់ទៅ14,451នាក់។
ពលរដ្ឋមួយចំនួននៅរដ្ឋ Minnesota, Michigan, Ohio, Carolina ខាងជើង, Virginia និងរដ្ឋមួយចំនួនផ្សេងទៀត បានធ្វើបាតុកម្មកាលពីចុងសប្ដាហ៍កន្លងទៅដើម្បីជំទាស់ទៅនឹងបម្រាមគោចរដែលអូសបន្លាយពេលយូរ។ លោក Trump ក៏បានគាំទ្របាតុកម្មនេះដែរ ដោយយល់ថា គួរតែបើកដំណើរការសេដ្ឋកិច្ចឡើងវិញសម្រាប់រដ្ឋណាដែលមានអ្នកជំងឺកូរ៉ូណាតិច និងស្ថានភាពមិនអាក្រក់ខ្លាំង។
លោក Trump កាលពីថ្ងៃទី17មេសា ក៏បានណែនាំឱ្យបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយCOVID-19 ដោយគូសវាសការបើកដំណើរការសេដ្ឋកិច្ចសហរដ្ឋអាមេរិកជា3ដំណាក់កាល។ ការណែនាំនេះមិនបានលើកឡើងលម្អិតអំពីកាលបរិច្ឆេទជាក់លាក់នោះទេ ប៉ុន្តែ គម្រោងនេះបានលើកទឹកចិត្តឱ្យបណ្ដារដ្ឋ សម្រេចចិត្តដោយខ្លួនឯង ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃរដ្ឋនីមួយៗ។
ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ជិត2.4លាននាក់ ក្នុងនោះមានអ្នកជំងឺជិត165,000នាក់បានបាត់បង់ជីវិត ដែលភាគច្រើននៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុប៕
ប្រភព៖ សារព័ត៌មានបរទេស