សិង្ហបុរីបានរកឃើញអ្នកផ្ទុកវីរុសCOVID-19ថ្មីជិត600នាក់បន្ថែមទៀត ធ្វើឱ្យប្រទេសនេះក្លាយជាសម្បុកមេរោគធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ខណៈតំបន់នេះក៏បានរកឃើញអ្នកជំងឺថ្មីជាង1,200នាក់នៅថ្ងៃនេះ។
ថ្ងៃនេះ សិង្ហបុរីបានប្រកាសថា បានរកឃើញករណីផ្ទុកមេរោគកូរ៉ូណា596នាក់បន្ថែមទៀត នាំឱ្យតួលេខនៃអ្នកជំងឺសរុបកើនដល់6,588នាក់ ខណៈតួលេខនៃអ្នកស្លាប់នៅដដែល ពោលគឺ11នាក់។ ដូច្នេះ ប្រទេសនេះបានក្លាយជាសម្បុកមេរោគធំជាងគេនៅអាស៊ីអាគ្នេយ៍។ ភាគច្រើននៃអ្នកជំងឺថ្មីនៅសិង្ហបុរីគឺជាពលករបរទស។
សាស្ត្រាចារ្យរង Alex Cook អនុប្រធានផ្នែកស្រាវជ្រាវនៅសាលាសុខាភិបាលសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានឱ្យដឹងថា អ្នកជំងឺថ្មីដែលជាពលករបរទេស ស្នាក់នៅក្នុងលំនៅឋានសម្រាប់ពលករបរទេសកាលពីសប្ដាហ៍កន្លង អាចជាសញ្ញាបង្ហាញថា ពលករបរទេសយ៉ាងតិច10,000-20,000នាក់អាចឆ្លងវីរុសCOVID-19 នៅចុងខែមេសានេះ។
ឥណ្ឌូនេស៊ី ជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងតំបន់ បានរាយការណ៍ថា បានរកឃើញអ្នកជំងឺថ្មី327នាក់ និងអ្នកស្លាប់ថ្មី47នាក់ ធ្វើឱ្យអ្នកជំងឺសរុបកើនដល់ 6,575នាក់ និងអ្នកស្លាប់សរុបមានចំនួន582នាក់។
វេជ្ជបណ្ឌិត20នាក់បានបាត់បង់ជីវិតចាប់តាំងពីវីរុសនេះបានចាប់ផ្ដើមបង្ហាញវត្តមាននៅឥណ្ឌូនេស៊ី។ ក្រុមអ្នករិះគន់បានព្រមានថា តួលេខនៃអ្នកស្លាប់ដែលត្រូវបានប្រកាសគឺមានចំនួនទាបខ្លាំងណាស់បើធៀបនឹងស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសមួយដែលមានការធ្វើតេស្តCOVID-19 កម្រិតទាបបំផុតក្នុងពិភពលោក។
ហ្វីលីពីន រកឃើញអ្នកជំងឺថ្មី172នាក់ និងអ្នកស្លាប់ថ្មី12នាក់បន្ថែមទៀត នាំឱ្យអ្នកជំងឺCOVID-19 សរុបកើនដល់6,259នាក់ និងអ្នកស្លាប់កើនឡើងដល់409នាក់។
ម៉ាឡេស៊ី រកឃើញអ្នកជំងឺថ្មី84នាក់ នាំឱ្យតួលេខនៃអ្នកជំងឺសរុបឡើងដល់5,389នាក់ ខណៈដែលតួលេខនៃអ្នកស្លាប់សរុបគឺ89នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មី1ករណីបន្ថែមទៀត។ រាជរដ្ឋាភិបាលម៉ាឡេស៊ី បានដាក់បម្រាមគោចរទូទាំងប្រទេសចាប់ពីថ្ងៃទី18មីនា ដើម្បីទប់ស្កាត់វីរុសCOVID-19។
ប្រទេសថៃ៖ អ្នកជំងឺថ្មី32នាក់ និងអ្នកជំងឺសរុប2,765នាក់។ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅប្រទេសនេះមាន47នាក់ដដែល។
កម្ពុជា វៀតណាម ឡាវ និងទីម័រខាងកើតគឺជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមិនទាន់មានអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅឡើយ។ ទីម័រខាងកើតគឺជាប្រទេសដែលមានករណីឆ្លងវីរុសកូរ៉ូណាទាបជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ប្រភព៖ សារព័ត៌មានបរទេស