កម្ពុជាមានអ្នកជំងឺដែលបានជាសះស្បើយសរុបឡើងដល់105នាក់ហើយ បន្ទាប់ពីមានអ្នកជំងឺ2នាក់ទៀតបានជាសះស្បើយ។
អ្នកជំងឺដែលបានជាសះស្បើយនេះរួមមាន ស្ដ្រីអ្នកទេសចរជនជាតិវៀតណាមដែលស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់កោះពេជ្រ និងកុមារជនជាតិខ្មែរនៅខេត្តសៀមរាប។ អ្នកទាំងនេះ ទទួលបានលទ្ធផលអវិជ្ជមាន2លើកក្នុងការធ្វើតេស្តរកមេរោគCOVID-19។ ពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។ នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកជំងឺCOVID-19 សរុប122នាក់ ដោយព្រឹកនេះមិនមានករណីឆ្លងថ្មីនោះទេ។ អ្នកជំងឺដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ នៅសល់ចំនួន17នាក់ទៀតតែប៉ុណ្ណោះ៕