នៅក្នុងពិភពលោកទាំងមូល អ្នកស្លាប់ដោយសារឆ្លងវីរុសCOVID-19 បានកើនឡើងជិតដល់160,000នាក់ ក្នុងចំណោមអ្នកជំងឺជាង2.3លាននាក់ ដែលភាគច្រើនគឺនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប។
ស្ថិតិពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន2,317,759នាក់ នៅក្នុងប្រទេសនិងដែកដីចំនួន210 ក្នុងនោះមាន159,691នាក់បានបាត់បង់ជីវិត និង592,319នាក់បានជាសះស្បើយ។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគធំជាងបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺ732,197នាក់ និងអ្នកស្លាប់38,721នាក់ ខណៈ64,697នាក់បានជាសះស្បើយ។
រដ្ឋ New York ដែលជាស្នូលនៃរោគរាតត្បាតCOVID-19 នៅសហរដ្ឋអាមេរិក មានអ្នកជំងឺដល់ទៅ222,284នាក់ ក្នុងនោះមាន14,636នាក់បានបាត់បង់ជីវិត។ រដ្ឋនេះនៅតែបន្តពន្យារសុពលភាពនៃបម្រាមគោចររហូតដល់ថ្ងៃទី15ឧសភា។
សម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោកគឺប្រទេសអេស្ប៉ាញ បានឱ្យដឹងថា បានរកឃើញអ្នកជំងឺថ្មី887នាក់ និងអ្នកស្លាប់ថ្មី637នាក់ ធ្វើឱ្យអ្នកជំងឺសរុបកើនដល់191,726នាក់ និងអ្នកស្លាប់សរុប20,639នាក់។ តួលេខនៃករណីឆ្លងមេរោគ និងស្លាប់ កំពុងថយចុះ ខណៈដែលអ្នកជំងឺបានជាសះស្បើយ កើនឡើងជិតដល់75,000នាក់។
ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រី Pedro Sanchez កាលពីម្សិលមិញបានសម្រេចអូសបន្លាយបម្រាមគោចរទូទាំងប្រទេស រហូតដល់ថ្ងៃទី9ឧសភា។
អ៊ីតាលី៖ អ្នកជំងឺថ្មី3,491នាក់ អ្នកជំងឺសរុប175,925នាក់ និងអ្នកស្លាប់ថ្មី482នាក់ អ្នកស្លាប់សរុប23,227នាក់។ ប្រទេសនេះក៏បន្តសុពលភាពនៃបម្រាមគោចររហូតដល់ថ្ងៃទី3ឧសភា ប៉ុន្តែ បានអនុញ្ញាតឱ្យរោងចក្រ និងហាងមួយចំនួនដំណើរការឡើងវិញចាប់ពីថ្ងៃទី14មេសា។
បារាំងរកឃើញអ្នកជំងឺថ្មី3,824នាក់ អ្នកស្លាប់ថ្មី642នាក់ និងអ្នកជំងឺសរុប151,793នាក់ អ្នកស្លាប់សរុប19,323នាក់។ ប្រទេសនេះបានចាប់ផ្ដើមដាក់បម្រាមគោចរពីថ្ងៃទី17មីនា ប៉ុន្តែប្រធានាធិបតីបារាំង លោក Macron បានប្រកាសក្នុងសប្ដាហ៍នេះថា បម្រាមគោចរនេះអាចនឹងត្រូវបន្ធូរបន្ថយចាប់ពីថ្ងៃទី11ឧសភា។
អាល្លឺម៉ង៖ អ្នកជំងឺថ្មី1,945នាក់ អ្នកស្លាប់ថ្មី107នាក់ និងអ្នកជំងឺសរុប143,342នាក់ អ្នកស្លាប់សរុបឡើងដល់4,459នាក់។ រដ្ឋមន្ត្រីសុខាភិបាល Jens Spahn ថ្លែងថា តួលេខនៃករណីឆ្លងវីរុសថ្មីនៅអាល្លឺម៉ង់ “បានថយចុះច្រើន” ហើយសម្បុកមេរោគកំពុង “ត្រូវបានគ្រប់គ្រង”។
អង់គ្លេស៖ អ្នកជំងឺថ្មី5,525នាក់ អ្នកស្លាប់ថ្មី888នាក់ ធ្វើឱ្យអ្នកជំងឺសរុបកើនដល់114,217នាក់ អ្នកស្លាប់សរុប15,464នាក់។ សាស្ត្រាចារ្យ Anthony Costello មកពីវិទ្យាស្ថានសុខាភិបាលសកល UCL នៅទីក្រុងឡុងដ៍បានព្រមានថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាអាចកើនដល់ជាង40,000នាក់ ព្រោះតែរាជរដ្ឋាភិបាលមានការយឺតយ៉ាវក្នុងការចាត់វិធានការទប់ស្កាត់។
ប្រទេសចិន៖ តួលេខចុងក្រោយបង្ហាញថា មានអ្នកជំងឺសរុប8,719នាក់ និងអ្នកស្លាប់សរុប4,632នាក់។
អ៊ីរ៉ង់បន្តជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអាស៊ី ដោយមានអ្នកជំងឺសរុប80,568នាក់ និងអ្នកស្លាប់សរុប5,031នាក់។ ប្រទេសនេះទើបតែបានរកឃើញអ្នកជំងឺថ្មី1,374នាក់ និងអ្នកស្លាប់ថ្មី73នាក់បន្ថែមទៀត។ នេះជាថ្ងៃទី5ហើយដែលប្រទេសនេះមានអ្នកស្លាប់ក្រោម100នាក់ក្នុងមួយថ្ងៃ៕
ប្រភព៖ សារព័ត៌មានបរទេស