គិលានុបដ្ឋាកជនជាតិថៃម្នាក់ ធ្វើការក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យ នៃមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 នៅទីក្រុងដែលមានប្រាក់ចិញ្ចឹមជីវិតថ្លៃបំផុតក្នុងសហរដ្ឋអាមេរិក បានរៀបរាប់អំពីជ្រុងមួយនៃជីវិតការធ្វើការងារដែលប្រថុយប្រថាននឹងការឆ្លងមេរោគកូវីដ-19 គ្រប់ពេលវេលា…ថា៖
“ខ្ញុំចែករំលែករឿងរ៉ាវនេះ គឺដើម្បីចង់ឱ្យមនុស្សលោកយើងភ្ញាក់រឭកឡើង យល់ដឹងឱ្យច្បាស់ តែមិនស្លន់ស្លោនឹងស្ថានការណ៍កូវីដ-19 ដែលកំពុងរាតត្បាតទូទាំងពិភពលោក។ សុំឱ្យអ្នកទាំងអស់គ្នារួមដៃគ្នា និងចូលរួមប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នៅតាមតំបន់ដែលយើងរស់នៅ តាមដានព័ត៌មានយ៉ាងតាំងស្មារតី ដើម្បីកុំឱ្យត្រូវនាំមនុស្ស ដែលយើងស្រឡាញ់ទៅដល់ស្ថានការណ៍អាសន្ន ដូចក្នុងប្រទេសអ៊ីតាលី ដែលត្រួវជ្រើសរើសថា តើអ្នកណាដែលត្រូវទុកឱ្យរស់ អ្នកណាដែលត្រូវទុកចោលឱ្យស្លាប់ ព្រោះបើសិនជាស្លាប់ វាជារឿងដ៏គួរឱ្យសោកសៅជាទីបំផុត ព្រោះនឹងគ្មានឱកាសបានជួប បានលាបងប្អូនញាតិមិត្ត ឬមនុស្សដែលយើងស្រឡាញ់ទាំងនោះឡើយ”
លោក ម៉េក ខាំថៃ គិលានុបដ្ឋាកជនជាតិថៃ ធ្វើការក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ ក្នុងមជ្ឈមណ្ឌលសម្រាប់អ្នកជំងឺដែលឆ្លងមេរោគកូវីដ-19 នៅទីក្រុងសានហ្វ្រានស៊ីស្កូ រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក បានរៀបរាប់ប្រាប់សារព័ត៌មានរបស់ប្រទេសថៃមួយ អំពីរឿងរ៉ាវដ៏សែនសោកសង្រេង អំពីមេរោគកូវីដ-19សម្លាប់អ្នកជំងឺ និងជីវិតការងារនៅក្នុងបន្ទប់ ICU។
ធ្ងន់ធ្ងរ ប្រថុយនឹងការឆ្លងមេរោគ តែធ្វើដោយចិត្តស្រឡាញ់!
បង្ហាញពីជីវិតការធ្វើការនៅក្នុងបន្ទប់ ICU ប្រថុយដោយជីវិតគ្រប់វិនាទី
ការធ្វើការនៅក្នុងបន្ទប់ ICU ព្យាបាលអ្នកជំងឺកូវីដ-19 លោក ម៉េក រៀបរាប់ថា ចាប់តាំងពីថ្ងៃទី25 ខែមីនា ឆ្នាំ2020 មក លោកអភិបាលក្រុងសានហ្វ្រានស៊ីស្កូ បានប្រកាសជាផ្លូវការ ឱ្យមន្ទីរពេទ្យមួយនេះ ធ្វើជាមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 ប្រចាំទីក្រុងសានហ្វ្រានស៊ីស្កូ។ គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកពេទ្យគ្រប់រូប បាននាំគ្នាធ្វើការយ៉ាងខ្លាំងក្លា និងសកម្ម។ សម្រាប់លោក ម៉េក ជាធម្មតា ធ្វើការ 8ម៉ោងក្នុង 1ថ្ងៃ និង 4ថ្ងៃក្នុង1សប្ដាហ៍ តែបច្ចុប្បន្ន ត្រូវធ្វើការ 8ថ្ងៃជាប់ៗគ្នា ដោយមិនបានឈប់សម្រាក និងធ្វើការអូធីវែង 16ម៉ោង រយៈពេល 4ថ្ងៃ ឆ្លាស់គ្នាជាមួយមិត្តរួមការងារ ម្នាក់ 30នាទី។
អ្នកជំងឺកូវីដ-19 ដែលចូលមកព្យាបាលក្នុងមន្ទីរពេទ្យ មានរៀងរាល់ថ្ងៃ ស្ថិតក្នុងអំឡុងអាយុ 25-80ឆ្នាំ។ ការធ្វើការនៅក្នុងបន្ទប់ ICU នឹងជួបអ្នកជំងឺដែលមានអាការដកដង្ហើមមិនរួច ត្រូវដាក់ម៉ាស៊ីនជួយដកដង្ហើម។ អាការរបស់អ្នកជំងឺម្នាក់ៗ អាស្រ័យលើអាយុ និងរោគប្រចាំកាយរបស់ពួកគេ។ ត្រូវមើលប្រព័ន្ធបេះដូង ដង្ហើម ថ្លើម ក្រលៀន សួត ប្រព័ន្ធទឹកមូត្រ ប្រព័ន្ធបន្ទោបង់លាមក និងដាក់បំពង់ប្រព័ន្ធរំលាយអាហារឱ្យបើមានអាការសន្លប់ ឬកូម៉ា ហើយអ្នកខ្លះបាត់បង់ស្មារតីទាំងស្រុងក៏មានច្រើនដែរ។
ក្នុងការធ្វើការ ដែលត្រូវនៅក្នុងបន្ទប់សម្ពាធឈាមអវិជ្ជមាន(Negative pressure) ដ៏តូចចង្អៀត ជាមួយអ្នកជំងឺរយៈពេល 5-6ម៉ោង បើសិននឹងប្រាប់ថា មិនខ្លាចឆ្លងមេរោគកូវីដ-19នោះ លោកម៉េក ប្រាប់ថា ប្រហែលមិនមែនជាការពិតទេ។ ការប្រតិបត្តិការងារម្ដងៗ ត្រូវប្រយ័ត្នប្រយែង និងការពារខ្លួនឯងកាន់តែខ្លាំងឡើង មិនឱ្យឆ្លងមេរោគ ដើម្បីឱ្យបាននៅព្យាបាលអ្នកជំងឺ ឱ្យបានច្រើនៗនាក់ទៀត។ មុនចូលបន្ទប់ ICU ត្រូវស្លៀក និងបំពាក់ឧបករណ៍ការពារ PPE តាំងពីក្បាលដល់ចុងជើង មើលទៅដូចអ្នកបើកយានអវកាស ត្រូវពាក់ម៉ាស់ការពារ 2ជាន់ ទាំង Face shield វ៉ែនតា ម៉ាស់N95 ពាក់ស្រោមដៃលើគ្នា 2ជាន់ និងពាក់ថង់ប្លាស្ទិកឃ្លុំស្បែកជើង។
ការព្យាបាលអ្នកជំងឺកូវីដ-19 គឺប្រថុយជីវិតគ្រប់ពេលវេលា ទោះជាការពាក់ម៉ាស់N95 ដើម្បីការពារការឆ្លងមេរោគហើយក្ដី ក៏អាចមានគ្រោះថ្នាក់ដល់ជីវិតបានដែរ ដែលចំពោះរឿងនេះ លោកម៉េកខ្លួនឯងក៏ធ្លាប់មានអាការងងឹតមុខ ធីងធោង ដកដង្ហើមស្ទះៗ បេះដូងលោតញាប់ ដោយសារតែហត់នឿយ ព្រោះតែអុកស៊ីហ្ស៊ែនមិនគ្រប់គ្រាន់ជាញឹកញាប់ រហូតដល់ត្រូវដោះឈុត PPE ចេញ ហើយទៅឈរនៅមុខបន្ទប់ រយៈពេល 5នាទី រៀងរាល់ 1ម៉ោងម្ដង បន្ទាប់ពីនោះ ក៏ត្រឡប់ចូលមកមើលថែទាំអ្នកជំងឺក្នុងបន្ទប់ជាបន្តទៀត។
“ម៉ាស់N95 នឹងចាប់សារធាតុកាបោនទុក ធ្វើឱ្យការប្ដូរយកសារធាតុអុកស៊ីហ្ស៊ែនដែលរាងកាយត្រូវការខណៈពាក់ម៉ាស់នេះ មានការពិបាក ធ្វើឱ្យដកដង្ហើមយកអត្រាកាបោន ចូលទៅក្នុងខ្លួនច្រើនណាស់ ព្រោះត្រូវនៅក្នុងបន្ទប់ជាមួយអ្នកជំងឺយូរជ្រុលពេក”
ក្នុងការមើលថែទាំអ្នកជំងឺកូវីដ-19 ក្នុងបន្ទប់ ICU លោកម៉េក បានប្រាប់ឱ្យដឹងថា ត្រូវមិនងាកភ្នែកចេញពីអ្នកជំងឺ សូម្បីតែ 1វិនាទីឡើយ ទោះជាពេលចេញទៅស្រូបយកខ្យល់អាកាសត្រឹមតែ 5នាទីក៏ដោយ ក៏ខ្សែភ្នែកត្រូវតែមើលអ្នកជំងឺ និងគ្រឿងលាងសម្អាតក្រលៀនឆ្លងកាត់កញ្ចក់ ជាប់រហូតដែរ ព្រោះបើសិនជាខ្សែផ្សេងៗដែលភ្ជាប់រវាងអ្នកជំងឺនឹងម៉ាស៊ីននោះរបូត នោះអ្នកជំងឺអាចនឹងបាត់បង់ឈាមច្រើន កើតសភាវគាំងប្រកាច់ និងស្លាប់បានក្នុងរយៈពេលត្រឹមតែមិនប៉ុន្មាននាទីប៉ុណ្ណោះ។
ពេលត្រូវការចាក់ថ្នាំអ្នកជំងឺកូវីដ-19 ម្ដងៗ មុនចាក់ថ្នាំឱ្យអ្នកជំងឺ យើងត្រូវចេញមកផ្នែកខាងក្រៅបន្ទប់អ្នកជំងឺ ហើយដោះឧបករណ៍ការពារនៅលើក្បាល ដោះវ៉ែនតាចេញមកផ្លុំលាងចំហាយទឹកដែលជាប់លើវ៉ែនតាចេញ ព្រោះវាអាចធ្វើឱ្យមើលមិនឃើញ អាចចាក់ខុស មកត្រូវខ្លួនឯងបាន…។
ក្នុងពេលធ្វើការ បើមិនចាំបាច់ មិនគួរដោះម៉ាស់ការពារចេញ ឬក៏ត្រូវដោះចេញដែរ តែដោះឱ្យបានតិចដងបំផុត។ លោក ម៉េក ប្រាប់ថា វាត្រូវតែមានដោះខ្លះហើយ មិនដូច្នោះទេ ត្រចៀកអាចនឹងរយះ ព្រោះខ្សែម៉ាស់ វារឹបណែនខ្លាំងណាស់។ ពេលធ្វើការចប់ ត្រូវងូតទឹក ដុសខាត់ខ្លួនប្រាណ 2-3ដង ដើម្បីការពារ ការនាំយកមេរោគទៅចម្លងអ្នកនៅក្នុងក្រុមគ្រួសារ។
“ឃើញអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរចូលមក យើងតែងគិតថា គេគឺជាបងប្អូនពូមីងរបស់យើង ហើយក៏ត្រូវមើលថែទាំគាត់យ៉ាងពេញដៃពេញជើង ព្រោះចង់ឱ្យគាត់បានវិលត្រឡប់ទៅជួបប្រពន្ធកូនបងប្អូន និងក្រុមគ្រួសារវិញ។ ពេលចេញពីធ្វើការ ត្រឡប់ទៅដល់ផ្ទះ យើងត្រូវប្រយ័ត្នប្រយែងគ្នាទៅវិញទៅមក សូម្បីតែឆ្កែក៏មិនហ៊ានប៉ះដែរ មិនឱ្យវាចូលមកក្បែរទេ ព្រោះធ្វើការមើលថែអ្នកជំងឺកូវីដ មិនមែនប្រថុយត្រឹមតែយើងម្នាក់ឯងទេ មនុស្សក្នុងក្រុមគ្រួសារ ក៏ប្រថុយជាមួយយើងដែរ។ ត្រូវរកវិធីទប់ទល់នឹងស្ថានការណ៍ដែលប្រែប្រួលរៀងរាល់ថ្ងៃ ព្រោះអ្នកជំងឺដែលឆ្លងមេរោគ ក៏មានចូលមកជារឿយៗ”
វិនាទីអាណោចអធម្ម សាច់ញាតិអ្នកជំងឺយល់ព្រមឱ្យបញ្ឈប់ការព្យាបាល ខាងមន្ទីរពេទ្យ ឱ្យអ្នកជំងឺប្រើ Face Time លាបងប្អូន មុនអ្នកជំងឺផុតដង្ហើមស្លាប់
អ្នកជំងឺកូវីដ-19 ក្នុងបន្ទប់ ICU ភាគច្រើនមានអាការធ្ងន់ធ្ងរ ឆ្លើយតបអ្វីលែងបានហើយ បើសិនដល់ថ្នាក់សន្លប់កូម៉ាធ្ងន់ធ្ងរ អាការមិនល្អឡើងវិញនោះ លោកម៉េក បានបង្ហើបប្រាប់ពីកម្មវិធីការព្យាបាលថា នឹងកើតមានការសម្រេចចិត្តរួមគ្នា 3អ្នក គឺនាយកផ្នែកមើលថែអ្នកជំងឺ គ្រូពេទ្យប្រចាំបន្ទប់សង្គ្រោះបន្ទាន់ និងក្រុមគ្រួសារអ្នកជំងឺដែលត្រឹមត្រូវតាមច្បាប់ អាចជាកូន ឬប្រពន្ធដែលយល់ព្រមឯកភាពឱ្យបញ្ឈប់ការព្យាបាល។ ពេលនោះគ្រូពេទ្យនឹងដោះឧបករណ៍ការព្យាបាលគ្រប់យ៉ាងចេញពីអ្នកជំងឺ…។
ដោយសារតែអ្នកជំងឺកូវីដ-19 ត្រូវបានហាមសាច់ញាតិចូលសួរសុខទុក្ខ ដូច្នេះការប្រើ Face Time គឺដើម្បីឱ្យសាច់ញាតិរបស់អ្នកជំងឺកូវីដ ដែលជិតផុតដង្ហើមយ៉ាងសន្សឹមៗនោះ មានឱកាសបានលាគ្នា។ គឺជារឿងចុងក្រោយដែលខាងមន្ទីរពេទ្យអនុញ្ញាតឱ្យធ្វើ ដើម្បីឱ្យអ្នកជំងឺ និងបងប្អូនកូនចៅ បានឃើញមុខគ្នា បានពោលពាក្យលា និងអរគុណគ្នាជាលើកចុងក្រោយ ទោះជាអ្នកជំងឺលែងដឹងខ្លួន និងនិយាយលែងកើតហើយក៏ដោយ។
“ហេតុការណ៍ក្នុងគ្រានោះ ដែលអ្នកជំងឺត្រូវស្លាប់ មានខ្ញុំ និងលោកគ្រូវេជ្ជបណ្ឌិត ឈរនៅក្បែរៗគ្រែអ្នកជំងឺ និងបានឮសំឡេងលាគ្នា និងសំឡេងទ្រហោយំ របស់សាច់ញាតិអ្នកជំងឺ តាមរយៈអៃផេដ…ទាំងអស់គ្នានិយាយលាគ្នាម្ដងម្នាក់ៗ ឪពុកម្ដាយប្រាប់ថា ស្រឡាញ់ប្រពន្ធកូន យំលាបងប្អូនញាតិមិត្ត…ជាទិដ្ឋភាពដែលគួរឱ្យសោកសៅក្នុងចិត្តជាទីបំផុត”
អ្នកជំងឺដែលស្លាប់ម្នាក់នេះ លោកម៉េក បានប្រាប់ពីប្រវត្តិថា ជាបុរសវ័យកណ្ដាលម្នាក់ គ្មានរោគប្រចាំកាយទេ…ក្នុងការព្យាបាលគាត់ ពេទ្យប្រើពេលវេលាអស់ 16ម៉ោង ជាមួយ OT ដើម្បីជួយស្រោចស្រង់ជីវិតគាត់។ រាងកាយអ្នកជំងឺ មានខ្សែ IV រយីងរយាង ដើម្បីព្យាបាលយ៉ាងពេញទំហឹង តែទីបំផុត អ្នកជំងឺក៏ស្លាប់ ធ្វើឱ្យលោកម៉េក មានអារម្មណ៍ថា ហាក់ដូចជាបរាជ័យក្នុងការតស៊ូជាមួយអាមេរោគកំណាចកូវីដ-19 រហូតមានអារម្មណ៍ចង់អស់កម្លាំងចិត្ត។ តែពេលនឹកឡើងវិញម្ដងទៀត ក៏គិតថា ខ្លួនបានបំពេញតួនាទីយ៉ាងអស់ពីសមត្ថភាពហើយ ព្រមទាំងផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងថា ត្រូវតែបន្តដំណើរទៅមុខទៀត ព្រោះនៅមានអ្នកជំងឺដទៃទៀតនៅរង់ចាំរៀងរាល់ថ្ងៃ។
“ខ្ញុំប្រាប់ខ្លួនឯងថា កម្លាំងចិត្តរបស់យើង ត្រូវតែឆាប់មានឡើងវិញ ហើយដើរទៅមុខទៀត ព្រោះខ្ញុំនៅមានអ្នកជំងឺនៅក្នុងបន្ទប់ជាប់ហ្នឹង រង់ចាំខ្ញុំ…សូមឱ្យខ្ញុំបានតស៊ូយ៉ាងអស់ពីសមត្ថភាពតទៅទៀត។
ចង់ឱ្យអ្នកដែលបានអានរឿងរ៉ាវដែលខ្ញុំចែករំលែកក្នុងថ្ងៃនេះ ភ្ញាក់រឭកឡើង ដឹងច្បាស់ពីភាពដ៏គ្រោះថ្នាក់របស់មេរោគកូវីដ-19 ព្រោះនៅឃើញមានមនុស្សច្រើនទៀតណាស់ ដែលនៅតែចេញទៅដើរលេង ជប់លៀងផារ៍ធី មិនទទួលខុសត្រូវខ្លួនឯងសោះ ខ្លួនឯងអាចនឹងមិនអីខ្លាំងក្លាទេ តែមនុស្សជុំវិញខ្លួនយើង ដែលមានប្រព័ន្ធប្រឆាំងជំងឺខ្សោយជាង អាចមានគ្រោះថ្នាក់ដល់ជីវិត។ វាជារឿងដែលកើតឡើងពិតៗ និងមិនចង់ឱ្យសោកស្ដាយនៅពេលក្រោយឡើយ”
លោកម៉េក វីរបុរស អ្នកប្រយុទ្ធនឹងវីរុសកូវីដ-19 បានប្រាប់នៅក្នុងសេចក្ដីបញ្ចប់ថា គ្រប់គ្នាអាចក្លាយជាវីរបុរសបាន ដោយការកាត់បន្ថយភាពអត្មានិយម ព្យាយាមនឹកដល់អ្នកឯទៀត ចែករំលែកតែអ្វីដែលល្អៗ ដែលចម្រើន និងធ្វើជាកម្លាំងចិត្តដល់គ្នាទៅវិញទៅមក។ ចេះចែករំលែកឱ្យអ្នកដទៃ ដោយមិនប្រកាន់ជាតិសាសន៍ ឬសាសនា…ទីបំផុតទាំងអស់គ្នា នឹងមានសុខភាពកាយ និងសុខភាពចិត្តដែលល្អ និងឆ្លងកាត់វិបត្តិនេះទៅបានទាំងអស់គ្នា៕
ប្រភព៖ សារព័ត៌មានបរទេស