បុរស2នាក់បានដាក់ពាក្យប្ដឹងនាយករដ្ឋមន្ត្រី Jacinda Ardern ដោយសារតែពួកគេយល់ថា លោកស្រីដាក់បម្រាមគោចរទូទាំងប្រទេសនូវែលហ្សេឡង់ដើម្បីទប់ស្កាត់COVID-19 គឺដើម្បី “ផលប្រយោជន៍នយោបាយ”។
ដើមបណ្ដឹងដែលមិនត្រូវបានបញ្ចេញឈ្មោះ ថ្ងៃនេះបានដាក់ពាក្យបណ្ដឹងទៅតុលាការជាន់ខ្ពស់នៃទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រី Ardern ថា បានប្រកាសអាសន្នកម្រិត4 នៅទូទាំងប្រទេស ធ្វើឱ្យពួកគេ “ត្រូវបង្ខាំងខ្លួនក្នុងផ្ទះដោយខុសច្បាប់ និងមិនគួរប្ដូរជាមួយនឹងការខាតបង់សេដ្ឋី ព្រោះតែចំនួនអ្នកស្លាប់ដោយសារវីរុសCOVID-19 មានកម្រិតទាប”។ ពួកគេយល់ថា បទបញ្ជាដាក់បម្រាមគោចររបស់លោកស្រី Ardern “ទាំងអស់សុទ្ធតែដោយសារផលប្រយោជន៍នយោបាយ”។
ដើមបណ្ដឹងទី1 បាននិយាយជាមួយ Mary Peters ដែលជាតំណាងតុលាការថា ការដាក់បម្រាមគោចរទូទាំងប្រទេស “គឺជាការលេងសើច” ហើយ COVID-19 គ្រាន់តែជា “ការភ័យស្លន់ស្លោប៉ុណ្ណោះ គឺវាមិនមែនជារោគរាតត្បាតអ្វីនោះទេ” បើទោះជាគាត់ទទួលបានសិទ្ធិចេញពីផ្ទះចាប់ពីម៉ោង8ដល់ម៉ោង17 ក៏ដោយ។
ដើមបណ្ដឹងរូបនេះយល់ថា នាយករដ្ឋមន្ត្រី Ardern មិនមានមូលដ្ឋានដើម្បីដាក់បម្រាមគោចរនោះទេ។ ទន្ទឹមនឹងនេះ បុរសនេះក៏បានចោទលោកស្រីថា បានឃុបឃិតជាមួយ Stephen Tindall ដែលជាស្ថាបនិកក្រុមហ៊ុនលក់រាយធំបំផុតនៅប្រទេសនូវែលហ្សេឡង់ ដើម្បីបំផ្លាញសេដ្ឋកិច្ច ហើយការដាក់បម្រាមគោចរទូទាំងប្រទេសនេះ គួរតែត្រូវបានពិគ្រោះយោបល់ជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
ដើមបណ្ដឹងថែមទាំងបានប្រៀបធៀបលោកស្រី Ardern ទៅនឹង Adolf Hitler ផងដែរ ហើយប្រៀបធៀបការដាក់បម្រាមគោចរដូចទៅនឹង “ការសម្លាប់រង្គាល”។ បុរសនេះនិយាយថា ការស្លាប់ចំនួន9ករណីដោយសារវីរុសCOVID-19 នៅនូវែលហ្សេឡង់បានកើតឡើងក្នុងពេលដែលពួកគេបានដាក់ពាក្យបណ្ដឹង នេះបង្ហាញថា ការដាក់បម្រាមគោចរគឺមិនសមហេតុផលជាមួយនឹងស្ថានភាពជាក់ស្ដែង។
ចំណែកដើមបណ្ដឹងទី2 យល់ថា តួលេខអ្នកស្លាប់ដោយសារជំងឺផ្សេងៗដូចជាមហារីកជាដើម វាមានអត្រាខ្ពស់ជាង COVID-19 ទៅទៀត ប៉ុន្តែមិនត្រូវបានពិនិត្យ និងព្យាបាល ដោយសារតែធនធានរបស់មន្ត្រីពេទ្យ ផ្ដោតទៅលើតែការទប់ស្កាត់COVID-19។ “នាយករដ្ឋមន្ត្រីបានសម្រេចចិត្តខុស ទាំងអស់គឺដើម្បីផលប្រយោជន៍នយោបាយរបស់លោកស្រីតែប៉ុណ្ណោះ”។
មេធាវី Austin Powell របស់នាយករដ្ឋមន្ត្រី Ardern បកស្រាយថា បម្រាមគោចរ បង្កផលប៉ះពាល់ច្រើនគួរសមដល់សិទ្ធិនៃការដើរហើររបស់អ្នករាល់គ្នា ក៏ប៉ុន្តែ ប្រជាជននៅតែមានសិទ្ធិដើរ ពេលមានការចាំបាច់។ មេធាវីខាងលើក៏បានបដិសេធការចោទប្រកាន់របស់ដើមបណ្ដឹង និងបានបកស្រាយថា ច្បាប់សុខភាពអនុញ្ញាតឱ្យក្រសួងសុខាភិបាលមានសិទ្ធិអនុវត្តវិធានការរឹតបន្តឹងនានាទាក់ទិននឹងបម្រាមគោចរ។ តំណាងតុលាការ លោកស្រី Peters បានឱ្យដឹងថា លោកស្រីនឹងកាត់ក្ដីរឿងនេះក្នុងពេលឆាប់ៗខាងមុខ។
នាយករដ្ឋមន្ត្រី Ardern កាលពីខែមីនា បានប្រកាសអាសន្នកម្រិត4(កម្រិតខ្ពស់បំផុត) ទូទាំងប្រទេស ព្រោះតែCOVID-19។ តាមរយៈការប្រកាសអាសន្នដែលមានសុពលភាព4សប្ដាហ៍នេះ សាលារៀន ភោជនីយដ្ឋាន បារ រោងកុន រួមនឹងកន្លែងដែលប្រមូលផ្ដុំមនុស្សច្រើន ត្រូវបានផ្អាកដំណើរការទាំងស្រុង។
វិធានការខ្លាំងក្លានេះ ត្រូវបានគេមើលឃើញថា បាន និងកំពុងជួយប្រទេសនូវែលហ្សេឡង់ គ្រប់គ្រងវីរុសCOVID-19 បានឆាប់រហ័ស៕
ប្រភព៖ សារព័ត៌មានបរទេស