ពាក្យសុំឧបត្ថម្ភពីកម្មវិធីជំនួយសម្រាប់អ្នកបាត់បង់ការងារ បានកើនឡើងដល់ទៅជាង22លានច្បាប់ក្នុងរយៈពេល1ខែកន្លងមកនេះ ខណៈដែល COVID-19 កំពុងបង្កផលវិបាកខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។
“ចំនួនករណីបាត់បង់ការងារធ្វើក្នុងអំឡុង4សប្ដាហ៍កន្លងទៅ ពិតជាគួរឱ្យចាប់ព្រួយបារម្ភ ពោលគឺ ការងារទាំងឡាយដែលយើងមានចាប់តាំងពិក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ2007-2008 បានបង់ទាំងស្រុង” James Knightley អ្នកសេដ្ឋសាស្ត្រអន្តរជាតិប្រចាំទីក្រុង New York សហរដ្ឋអាមេរិកថ្លែងបែបនេះ។
បច្ចុប្បន្ន មានពលរដ្ឋអាមេរិកាំង 22,034,000នាក់បានដាក់ពាក្យស្នើសុំជំនួយពីកម្មវិធីជំនួយសម្រាប់អ្នកបាត់បង់ការងារ រាប់ចាប់ពីថ្ងៃទី21មីនា ដែលតួលេខនេះស្មើនឹង13.5% នៃកម្លាំងពលកម្មសរុបទូទាំងប្រទេស។ Gus Faucher សេដ្ឋវិទូមកពីរដ្ឋ Pennsylvania បានឱ្យដឹងថា “ទីផ្សារពលកម្មបានដួលរលំ។ មានលិខិតស្នើសុំជំនួយឧបត្ថម្ភពីកម្មវិធីជំនួយសម្រាប់អ្នកបាត់បង់ការងារ បានកើនដល់ជាង22លានច្បាប់ ហើយនឹងមានការស្នើសុំបែបនេះរាប់លានទៀតនៅសប្ដាហ៍ក្រោយ”។
រដ្ឋនានា និងអាជ្ញាធរដែនដីនៅមូលដ្ឋាន បានចេញបទបញ្ជាស្នើឱ្យប្រជាជននៅក្នុងផ្ទះ បើសិនជាមិនមានការចាំបាច់ ដើម្បីទប់ស្កាត់ COVID-19។ បទបញ្ជាទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិកាំងជាង90%។
តួលេខនៃពាក្យស្នើសុំជំនួយដែលជាឯកសារសំខាន់ទាក់ទិននឹងខឿនសេដ្ឋកិច្ច កំពុងត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងយល់ថា ពេលណាអត្រានៃការកាត់បន្ថយបុគ្គលិកបានថយចុះ ក៏ដូចជា ពេលណាទើបខឿនសេដ្ឋកិច្ចចាប់ផ្ដើមងើបឡើងវិញ។
ប្រធានាធិបតីអាមេរិកាំង លោក Donald Trump កាលពីថ្ងៃទី16មេសា បានប្រកាសណែនាំឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីសម័យកាល COVID-19 បានបញ្ចប់។ លោក Trump ឱ្យដឹងថា អភិបាលរដ្ឋ និងទីក្រុងនានានឹងទទួលបានសិទ្ធិសម្រេចក្នុងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយយោងទៅតាមស្ថានភាពជាក់ស្ដែងនៃរដ្ឋ និងទីក្រុងនីមួយៗ។ លោកក៏បានថ្លែងថានឹងមានបទបញ្ជាមួយ បង្ខំឱ្យអភិបាលរដ្ឋ និងទីក្រុងនានា ត្រូវធ្វើតាមលោក ក៏ប៉ុន្តែ ក្រោយមក លោកក៏បានថ្លែងដកសម្ដីនេះត្រឡប់វិញ។
ប្រធានសភាជាន់ទាបអាមេរិកាំង លោកស្រី Nancy Pelosi បានរិះគន់ទៅលើការណែនាំរបស់លោក Trump អំពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញថាជា “ការមិនច្បាស់លាស់ និងច្របូកច្របល់”។
COVID-19 បានបង្ហាញខ្លួននៅក្នុងដែនដី និងប្រទេសចំនួន210 នៅក្នុងពិភពលោក ធ្វើឱ្យមនុស្សជាង2លាននាក់បានឆ្លងរោគ និងបានសម្លាប់មនុស្សជិត147,000នាក់។ នៅសហរដ្ឋអាមេរិក វីរុសនេះបានឆ្លងទៅមនុស្សជាង678,000នាក់ ហើយក៏បានសម្លាប់អ្នកជំងឺជិត35,000នាក់ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស