រដ្ឋមន្ត្រីការបរទេស Dominic Raab បានឱ្យដឹងថា ប្រទេសអង់គ្លេស និងសម្ព័ន្ធមិត្ត នឹងដាក់សំណួរទៅកាន់ប្រទេសចិន ទាក់ទិននឹងប្រភពវីរុសCOVID-19 រួមនឹងវិធីដោះស្រាយបញ្ហានេះ។
“យើងនឹងត្រូវតែសួរសំណួរដែលពិបាកបំផុតអំពីរោគរាតត្បាតនេះថា តើវាផ្ទុះឆ្លងរាលដាលតាមរបៀបណា ហើយហេតុអ្វីមិនត្រូវបានទប់ស្កាត់ឆាប់រហ័ស” រដ្ឋមន្ត្រីការបរទេសអង់គ្លេស Cominic Raab ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីអំពី COVID-19 កាលពីថ្ងៃទី16មេសា នៅឯការិយាល័យនាយករដ្ឋមន្ត្រី បន្ទាប់ពីត្រូវបានសួរអំពីទំនាក់ទំនងនាពេលអនាគតរវាងអង់គ្លេសជាមួយនឹងប្រទេសចិន។ លោក Raab បានដឹកនាំកិច្ចប្រជុំនេះជំនួសនាយករដ្ឋមន្ត្រី Boris Johnson ដែលកំពុងសម្រាកយកកម្លាំងក្រោយពីបានជាពីជំងឺ COVID-19។
លោក Raab ព្រមានប្រទេសចិនថា មិនអាចត្រឡប់មកធ្វើសកម្មភាពពាណិជ្ជកម្មជាធម្មតាជាមួយអង់គ្លេសដូចមុនទៀតនោះទេ ក្រោយវិបត្តិ COVID-19 ហើយសាធារណៈមតិអន្តរជាតិ ចង់បានចម្លើយពីទីក្រុងប៉េកាង អំពីវិធីដោះស្រាយបញ្ហាវិបត្តិសុខភាពនេះ។
“បច្ចុប្បន្ន យើងត្រូវការពិនិត្យមើលគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងជាមួយប្រទេសចិន និងអនុវត្តវាដោយយុត្តិធម៌បំផុត ប៉ុន្តែ ប្រាកដណាស់ថា ប្រទេសអង់គ្លេសនឹងមិនអាចរកស៊ីធម្មតាជាមួយចិនបានដូចមុននោះទេ ក្រោយវិបត្តិសុខភាពនេះ” រដ្ឋមន្ត្រីការបរទេសអង់គ្លេសមានប្រសាសន៍។
សារព័ត៌មានអង់គ្លេសយល់ថា យោបល់របស់រដ្ឋមន្ត្រីការបរទេស Raab បានបង្ហាញអំពីការខកចិត្តរបស់រាជរដ្ឋាភិបាលអង់គ្លេសចំពោះការខ្វះតម្លាភាពរបស់ប្រទេសចិនទាក់ទង់នឹងវិបត្តិ COVID-19។
ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Donald Drump បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកកំពុងតែពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើសម្មតិកម្មមួយដែលថា COVID-19 “រួច” ចេញពីបន្ទប់ពិសោធន៍នៅទីក្រុង Wuhan ដែលជាទីក្រុងធំរបស់ខេត្ត Hubei ប្រទេសចិន និងជាកន្លែងដែលមេរោគនេះចាប់ផ្ដើមឆ្លង និងរាតត្បាតកាលពីចុងឆ្នាំ2019។
មានសម្មតិកម្មជាច្រើនយល់ថា បន្ទប់ពិសោធន៍ដែលមានស្ដង់ដាទាបនៅទីក្រុង Wuhan បានធ្វើឱ្យមនុស្សម្នាក់ឆ្លងវីរុស ហើយមនុស្សម្នាក់នេះក៏បានទៅកាន់ផ្សារលក់គ្រឿងសមុទ្រ និងសត្វព្រៃ ជាកន្លែងដែល COVID-19 ចាប់ផ្ដើមផ្ទុះឆ្លង។ ប៉ុន្តែ វិទ្យាស្ថានស្រាវជ្រាវមេរោគ Wuhan បានទាត់ចោលការចោទប្រកាន់នេះកាលពីខែកុម្ភៈកន្លងទៅ។
ប្រតិកម្មទៅនឹងមតិរបស់លោក Trump ក្រសួងការបរទេសចិន បានឱ្យដឹងថា មន្ត្រីនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយជាច្រើនលើកហើយថា មិនមានភ័ស្ដុតាងណាមួយបញ្ជាក់ថា វីរុសCOVID-19 ត្រូវបានបង្កើតឡើងនៅក្នុងបន្ទប់ពិសោធន៍នោះទេ ហើយអ្នកជំនាញជាច្រើនក៏បានយល់ថា ការប្រកាសរបស់មន្ត្រីសហរដ្ឋអាមេរិក គឺមិនប្រកបដោយវិទ្យាសាស្ត្រ។
ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ថា COVID-19 មានប្រភពពីតំបន់ផ្សារត្រីសមុទ្រនៅទីក្រុង Wuhan។ ប៉ុន្តែក្រុមមន្ត្រីជំនាញរបស់អង់គ្លេសកំពុងតែពិនិត្យទៅលើលទ្ធភាពដែលថា វីរុសនេះបាន “រួច” ចេញពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan។ នេះបើតាមសារព័ត៌មានអង់គ្លេស Daily Mail ចេញផ្សាយកាលពីថ្ងៃទី12មេសា។ សមាជិកម្នាក់នៃគណៈកម្មធិការសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលអង់គ្លេសថ្លែងថា “វាប្រហែលជាមិនធម្មតានោះទេ ដែលនៅសុខៗ គេបង្កើតមន្ទីរពិសោធន៍នៅ Wuhan បែបនេះ”។
ឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានរបស់ Financial Times កាលពីថ្ងៃទី16មេសា ប្រធានាធិបតីបារាំង លោកEmmanuel Macron បានថ្លែងថា មាន “តំបន់ប្រផេះ” ជាច្រើននៅក្នុងវិធីដែលចិនប្រើប្រាស់ក្នុងដោះស្រាយបញ្ហា COVID-19។ “យើងមិនត្រូវឆោតល្ងង់ដល់ថ្នាក់និយាយថា ការដោះស្រាយបញ្ហារោគរាតត្បាតរបស់ពួកគេ បានល្អនោះទេ។ យើងមិនដឹងសោះឡើយ។ មានរឿងខ្លះបានកើតឡើង ហើយយើងមិនបានដឹងអំពីវា”៕
ប្រភព៖ សារព័ត៌មានបរទេស