ជនជាតិជប៉ុនចំនួនដ៏ច្រើនក្នុងទីក្រុងតូក្យូកំពុងធ្វើដំណើរមកស្ថានីយរថភ្លើង ឈីណាហ្កាវៈ ដើម្បីជិះរថភ្លើងទៅធ្វើការ ទោះជាមានការប្រកាសដាក់ប្រទេសក្នុងសភាវអាសន្ន កាលពីថ្ងៃម្សិលមិញ(ព្រហស្បតិ៍ ទី16 មេសា)ក៏ដោយ…
រដ្ឋភិបាលជប៉ុន បានសម្រេចចិត្តប្រកាសសភាវគ្រាអាសន្នទូទាំងប្រទេសហើយ ក្រោយមានការឆ្លងរាលដាលរបស់វីរុសកូវីដ-19 កាន់តែអាក្រក់ឡើងៗ ដោយលោកនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា កំពុងត្រៀមចែកប្រាក់ដល់ប្រជាជនក្នុងម្នាក់ 100,000យ៉េន(ជិត 1,000ដុល្លារអាមេរិក)។
ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ប្រទេសក្នុងសភាវអាសន្នហើយ កាលពីថ្ងៃទី16 មេសា ម្សិលមិញ ដែលកាលពីមុន បានប្រកាសតែនៅក្នុងខេត្តចំនួន7 រួមទាំងទីក្រុងតូក្យូប៉ុណ្ណោះ ក្រោយពីស្ថានការណ៍ឆ្លងរាលដាលរបស់មេរោគកូវីដ-19 នៅក្នុងប្រទេសកាន់តែអាក្រក់ឡើង ដោយមានអ្នកឆ្លងមេរោគសរុបច្រើនជាង 9,000នាក់ ក្នុងចំនួននេះ មានអ្នកស្លាប់រួចហើយ 178នាក់ និងព្យាបាលជាសះស្បើយបានត្រឹមតែ 901នាក់ ដោយការប្រកាសនេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី6 ខែឧសភា ខាងមុខ។
ការប្រកាសសភាវគ្រាអាសន្នរបស់រដ្ឋាភិបាលជប៉ុន នឹងធ្វើឱ្យរដ្ឋបាលនៅក្នុងខេត្តនីមួយៗ អាចអំពាវនាវឱ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះបាន តែនឹងមិនមានវិធានការដាក់ទោសអ្នកល្មើសក្នុងករណីចំនួនច្រើន ឬក៏ការបញ្ជាខាងច្បាប់ឡើយ។
លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៃប្រទេសជប៉ុន បានថ្លែងក្នុងអំឡុងការប្រជុំលើរបៀបវារៈពិសេស ជាមួយអ្នកជំនាញការផ្នែកពេទ្យថា ទីតាំងដែលមានការប្រកាសសភាវអាសន្ន គួរតែពង្រីកចេញពី 7ខេត្ត ទៅជាគ្រប់ខេត្តទូទាំងប្រទេសតែម្ដង និងសូមអំពាវនាវឱ្យប្រជាជនកាត់បន្ថយការជួបជុំគ្នាឱ្យបានយ៉ាងតិច 80% ដើម្បីជួយបន្ថយការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ខណៈដែលធុរកិច្ចផ្សេងៗ ឱ្យបង្កើនការធ្វើការងារពីចម្ងាយរបស់បុគ្គលិកឱ្យបានយ៉ាងតិច 70%ទៀតផង។
ខណៈដែលទីភ្នាក់ងារព័ត៌មាន នីបប៉ុន របស់ជប៉ុនក៏បានបញ្ជាក់ដែរថា លោក អាបេ បានត្រៀមឱ្យរដ្ឋបាលចែកលុយសុទ្ធដល់ប្រជាពលរដ្ឋគ្រប់រូប ម្នាក់ៗ 100,000យ៉េន(ជិត 1,000ដុល្លារអាមេរិក) ដោយបញ្ជាឱ្យគណបក្សរដ្ឋាភិបាល “សេរីប្រជាធិបតេយ្យ” ពិចារណាពិនិត្យកែច្បាប់ថវិកាពិសេសសម្រាប់ឆ្នាំថវិកា2020 មិនប៉ុន្មានថ្ងៃមុន ដោយលោកនឹងដាក់ស្នើច្បាប់នេះទៅឱ្យរដ្ឋសភាពិចារណា និងមិនមានការកម្រិតប្រាក់ចំណូលសម្រាប់ការចែកប្រាក់នេះទេ គឺដើម្បីឃុំគ្រងសេដ្ឋកិច្ចពីផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតរបស់វីរុស។ យ៉ាងណាក៏ដោយ ប្រភពព័ត៌មានបានបញ្ជាក់ថា រដ្ឋាភិបាលអាចលុបចោលផែនការចែកលុយសុទ្ធ 300,000យ៉េនទៅឱ្យគ្រួសារណាដែលមានបញ្ហាខាងហិរញ្ញវត្ថុ។
ចំណែកលោក យ៉ាស៊ុតូឈិ និឈិមូរៈ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិធានការបន្ទាន់របស់ជប៉ុន បានថ្លែងថា ការពង្រីកសភាវគ្រាអាសន្នឱ្យគ្របដណ្ដប់ទូទាំង 47ខេត្តក្នុងប្រទេសនេះ ជារឿងចាំបាច់ដែលត្រូវតែធ្វើ មុននឹងដល់អំឡុងពេល Golden week ជាអំឡុងពេលដែលមានថ្ងៃឈប់សម្រាកជាតិ ដល់ទៅ 4ថ្ងៃជាប់គ្នា ក្នុងសប្ដាហ៍តែមួយ ដោយសភាវគ្រាអាសន្ននឹងត្រូវប្រកាសឱ្យប្រើរហូតដល់ថ្ងៃទី6 ខែឧសភា ដែលជាថ្ងៃចុងក្រោយរបស់ Golden week។
ការប្រកាសសភាវគ្រាអាសន្នទូទាំងប្រទេស បានកើតឡើងក្នុងខណៈដែលមានសំឡេងរិះគន់ចំពោះលោក អាបេ ចាប់ផ្ដើមលាន់ឮខ្លាំងឡើងជារឿយៗ ដោយលទ្ធផលប្រជាមតិ និងការយល់ឃើញរបស់ប្រជាពលរដ្ឋជប៉ុន បានបង្ហាញថា មនុស្ស 75% គិតថា លោកនាយករដ្ឋមន្ត្រីម្នាក់នេះប្រើពេលវេលាយូរជ្រុលពេក ទម្រាំនឹងប្រកាសសភាវអាសន្នក្នុងទីក្រុងតូក្យូ ដោយត្រូវរង់ចាំឱ្យចំនួនអ្នកឆ្លងមេរោគហក់ឡើងខ្ពស់ កាលពីអំឡុងដើមខែកន្លងទៅ ទើបប្រកាស។
ក្រោយពីសភាវគ្រាអាសន្ន ត្រូវបានប្រកាសឱ្យប្រើនៅក្នុង 7ខេត្ត កាលពីថ្ងៃទី8 មេសាមក អភិបាលខេត្តផ្សេងៗទៀតរបស់ជប៉ុន ក៏ចេញមកអំពាវនាវឱ្យរដ្ឋាភិបាលប្រកាសសភាវគ្រាអាសន្ននៅក្នុងខេត្តរបស់ពួកគេផង ដោយសារតែចំនួនអ្នកឆ្លងមេរោគបានកើនឡើងយ៉ាងបន្តបន្ទាប់ ហើយក្រុមមន្ត្រីពេទ្យ ត្រូវទប់ទល់ជាមួយអ្នកជំងឺក្នុងចំនួនដ៏ច្រើន។ អភិបាលក្រុងអូសាកា ដល់ថ្នាក់ត្រូវសុំអង្វរឱ្យមានការបរិច្ចាគអាវភ្លៀងពីប្រជាជន ដើម្បីឱ្យបុគ្គលិកខាងផ្នែកពេទ្យ បានប្រើធ្វើជាឧបករណ៍ការពារ ដោយសារតែឧបករណ៍បែបនេះមានការខ្វះខាតខ្លាំង។
ទាំងអស់នេះ ជប៉ុនបានរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ដំបូងគេតាំងពី 3ខែមុន តែរហូតមកដល់ពេលនេះ ពួកគេបានធ្វើការត្រួតពិនិត្យរោគទៅលើប្រជាជន បានចំនួនត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ខុសពីកូរ៉េខាងត្បូងដែលគ្រប់គ្រងការឆ្លងរាលដាលបានស្ទើរតែទាំងស្រុង ដោយការពិនិត្យប្រជាជនក្នុងចំនួនដ៏ច្រើន ដោយរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ការពិនិត្យជាទ្រង់ទ្រាយធំ គឺជាការខាតបង់ទ្រព្យធន និងខ្លាចថា មន្ទីរពេទ្យនឹងពេញទៅដោយអ្នកជំងឺដែលមានលទ្ធផលវិជ្ជមាន(ឆ្លងមេរោគ) តែមានអាការតែបន្តិចបន្តួច(មិនធ្ងន់ធ្ងរ)។
ក្រៅពីនេះ ការពិនិត្យរកមេរោគរបស់ជប៉ុន ថែមទាំងធ្វើឡើងនៅតាមមណ្ឌលសុខភាពកម្រិតតំបន់ មិនមែនលំដាប់ប្រទេសឡើយ ដោយមណ្ឌលសុខភាពក្នុងតំបន់មួយចំនួន ថែមទាំងមានឧបករណ៍មិនគ្រប់គ្រាន់ក្នុងការពិនិត្យមនុស្សម្នាក្នុងចំនួនច្រើនបានទៀតផង៕
ប្រភេព៖ សារព័ត៌មានបរទេស