ដោយសារតែមានការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារការពារការឆ្លងវីរុស ក្រុមវេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌូនេស៊ី កំពុងតែប្រថុយប្រថានជាមួយនឹងការប្រយុទ្ធប្រឆាំងវីរុសCOVID-19 ដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគដល់ពួកគេ។
គិតមកដល់បច្ចុប្បន្ន វេជ្ជបណ្ឌិតចំនួន20រូបហើយដែលបានបាត់បង់ជីវិតចាប់តាំងពីCOVID-19 បានបង្ហាញខ្លួននៅឥណ្ឌូនេស៊ី។ តួលេខនៃអ្នកស្លាប់ចំនួន459នាក់ក្នុងប្រទេសនេះ ត្រូវបានក្រុមអ្នកវិភាគយល់ថា ជាតួលេខទាបបំផុត បើធៀបជាមួយនឹងស្ថានភាពជាក់ស្ដែង។
មន្ទីរពេទ្យនានា មិនមានសម្ភារការពារសុវត្ថិភាពគ្រប់គ្រាន់ ខណៈម៉ាស៊ីនជំនួយដង្ហើមក៏មានតម្លៃខ្ពស់ ធ្វើឱ្យក្រុមវេជ្ជបណ្ឌិតពិបាលក្នុងការទប់ទល់នឹងវីរុសCOVID-19នេះ។ ពួកគេក៏ត្រូវពាក់អាវភ្លៀងដែលមានតម្លៃទាប ជំនួសឈុតការពារសុវត្ថិភាពដែលមានតម្លៃថ្លៃ និងកំពុងខ្វះខាត។
Muhammad Farras Hadyan ដែលជាវេជ្ជបណ្ឌិតម្នាក់នៅទីក្រុង Jakarta បានឱ្យដឹងថា សម្ភារវេជ្ជសាស្ត្រកំពុងតែអស់ជាបណ្ដើរៗហើយនៅក្នុងមន្ទីរពេទ្យរបស់លោក រហូតដល់មានវេជ្ជបណ្ឌិតខ្លះ ត្រូវស្នើសុំជំនួយប្រាក់កាសពីគ្រួសាររបស់ពួកគេដើម្បីទិញឈុតការពារសុវត្ថិភាព។
Handoko Gunawan វេជ្ជបណ្ឌិតឯកទេសផ្នែករោគសួត វ័យ79ឆ្នាំ បាននៅជួរមុខរហូតដល់ថ្ងៃមួយគាត់ត្រូវបង្ខំចិត្តបង្ខាំងខ្លួនឯងដោយសារសង្ស័យថា បានឆ្លងវីរុសកូរ៉ូណា។
Handoko Gunawan និយាយថា “ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងណាស់ ហើយក្រុមបុគ្គលិកពេទ្យផ្សេងៗទៀតក៏ដូចគ្នា។ វេជ្ជបណ្ឌិតក្មេងៗ មានប្ដី និងកូនៗនៅឯផ្ទះ ប៉ុន្តែពួកគេនៅតែប្រឹងប្រែងប្រឈមនឹងបញ្ហានេះ។ មានវេជ្ជបណ្ឌិតតិចណាស់នៅឥណ្ឌូនេស៊ី ហើយបើពួកគេស្លាប់ ពួកយើងនឹងមានវេជ្ជបណ្ឌិតកាន់តែតិចដើម្បីជួយព្យាបាលអ្នកជំងឺ”។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ប្រទេសឥណ្ឌូនេស៊ី មានវេជ្ជបណ្ឌិតមិនដល់4នាក់ផងក្នុងចំណោមមនុស្ស10,000នាក់។ តួលេខនេះ ទាបខ្លាំងណាស់បើធៀបនឹងចំនួន40នាក់នៅអ៊ីតាលី និង24នាក់នៅកូរ៉េខាងត្បូង។ សមាគមវេជ្ជបណ្ឌិតឥណ្ឌូនេស៊ីបានព្រមានថា វិបត្តិCOVID-19នេះ អាក្រក់ជាងអ្វីដែលបានរាយការណ៍ទៅទៀត ចំណែកប្រតិកម្មរបស់រដ្ឋាភិបាលវិញ ហាក់មានសភាព “ទន់ជ្រាយ”។
ស្ថិតិផ្លូវការថ្មីបំផុតបានឱ្យដឹងថា ឥណ្ឌូនេស៊ីបានរកឃើញអ្នកផ្ទុកវីរុសចំនួន 5,136នាក់ ក្នុងចំណោម36,000នាក់ដែលបានធ្វើតេស្ត ខណៈប្រជាជនរបស់ប្រទេសនេះ មានចំនួនដល់ទៅជាង260លាននាក់ (ច្រើនជាងគេលំដាប់ទី4ក្នុងពិភពលោក)។
អ្នកនាំពាក្យរបស់សមាគមវេជ្ជបណ្ឌិតឥណ្ឌូនេស៊ីបានថ្លែងថា “តួលេខផ្លូវការរបស់រដ្ឋាភិបាល មិនបង្ហាញអំពីទិដ្ឋភាពពិតប្រាកដស្ដីអំពីចំនួនអ្នកឆ្លងមេរោគក្នុងប្រទេសនេះនោះទេ”។
តួលេខរបស់អាជ្ញាធរទីក្រុង Jakarta បានបង្ហាញថា មានអ្នកស្លាប់ដោយសារការឆ្លងមេរោគ ឬសង្ស័យថាបានឆ្លងមេរោគCOVID-19 ជាង1,000នាក់ ត្រូវបានបញ្ចុះនៅក្នុងទីបញ្ចុះសពនៅឯមូលដ្ឋាន ដែលតួលេខនេះ ខ្ពស់ជាង5ដង បើធៀបនឹងតួលេខដែលបង្ហាញដោយរដ្ឋាភិបាល។
ករណីបញ្ចុះសពនៅក្នុងទីក្រុង Ban Dung នៃខេត្ត Java ដែលជាប់ជាមួយនឹងទីក្រុង Jakarta បានកើនទ្វេដង ដោយមានប្រមាណជា400នាក់ក្នុងរយៈពេលតែ1ខែ រាប់ចាប់ពី COVID-19 បានឆ្លងរាលដាលក្នុងប្រទេសនេះ។ នេះបើតាមការឱ្យដឹងពីអភិបាលក្រុង Ban Dung លោក Ridwan Kamil។
លោក Ridwan Kamil បន្តថា “នេះគឺជាស្ថានភាពដែលដូចទៅនឹង Jakarta។ យើងមិនអាចប្រាកដថា អ្នកដែលបានស្លាប់ទាំងអស់នេះ គឺសុទ្ធតែបានឆ្លងវីរុសCOVID-19នោះទេ ប៉ុន្តែតួលេខនៃករណីស្លាប់ គឺវាខ្ពស់ជាងធម្មតា”៕
ប្រភព៖សារព័ត៌មានបរទេស