ក្រសួងសាធារណៈសុខាភិបាល របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍(ទី16មេសា)ម្សិលមិញ បានអះអាងពីការរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 បន្ថែមទៀតច្រើនដល់ទៅ 728នាក់ ដែលអាចនិយាយបានថា ជាស្ថិតិប្រចាំថ្ងៃដែលខ្ពស់បំផុត រាប់ចាប់តាំងពីមានការឆ្លងរាលដាលមក ខណៈដែលប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន រកឃើញអ្នកឆ្លងមេរោគថ្មីខ្ទង់រយដូចគ្នា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងសាធារណៈសុខាភិបាលសិង្ហបុរីនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបរបស់ប្រទេសមួយនេះ ស្ថិតក្នុងចំនួន 4,427នាក់ ដោយក្នុងចំណោមអ្នកឆ្លងមេរោគថ្មីទាំងនោះ មានច្រើនដល់ទៅ 654នាក់ ពាក់ព័ន្ធនឹងតំបន់ស្នាក់នៅរបស់ពលករចំណាកស្រុកបរទេស ចំណែកចំនួនដែលនៅសល់ ជាការឆ្លងរាលដាលក្នុងតំបន់។
តួលេខអ្នកឆ្លងមេរោគថ្មីក្នុងថ្ងៃព្រហស្បតិ៍(ទី16មេសា) អាចរាប់បានថា កើនឡើងយ៉ាងច្រើន ជាងស្ថិតិប្រចាំថ្ងៃខ្ពស់បំផុតកាលពីថ្ងៃមុន 447នាក់ ដែលចំនួននេះទើបតែកើតឡើងកាលពីថ្ងៃពុធ(ទី15មេសា)កន្លងទៅប៉ុណ្ណោះ…តែយ៉ាងណាក៏ដោយ ក្នុងថ្ងៃព្រហស្បតិ៍(ទី16មេសា) គ្មានរបាយការណ៍ពីអ្នកស្លាប់ឡើយ ដូច្នេះធ្វើឱ្យចំនួនអ្នកស្លាប់សរុបស្ថិតក្នុងតួលេខដដែលគឺ 10នាក់។
កាលពីពេលមុននេះ ការព្យាយាមយ៉ាងខ្លាំងក្លារបស់អាជ្ញាធរ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ក្នុងក្រុមពលរដ្ឋសិង្ហបុរី ដោយការតាមដានអ្នកប៉ះពាល់ជិតស្និទ្ធយ៉ាងតឹងរ៉ឹង និងប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់នាពេលកន្លងមក បានទទួលការកោតសរសើរពីអង្គការសុខភាពពិភពលោក។
តែយ៉ាងណាក្ដី វីរុសកូរ៉ូណាប្រភេទថ្មី បានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងទីប្រជុំជនពលករចំណាកស្រុកបរទេសខ្នាតធំមួយ បន្ថែមពីលើនូវអ្វីដែលពួកក្រុមសិទ្ធិមនុស្សបានបញ្ជាក់ថា ការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលរបស់ប្រទេសមួយនេះ មានការទំនាក់ទំនងគ្នាមិនសូវជាល្អប៉ុន្មានឡើយ។
ព័ត៌មានចុងក្រោយបំផុតរបស់ប្រទេសសិង្ហបុរីនេះ បានធ្វើឱ្យពួកគេនៅតែស្ថិតជាប្រទេសមួយ ដែលរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ច្រើនបំផុតលំដាប់លេខ4 ក្នុងភូមិភាគអាស៊ីភាគអាគ្នេយ៍ ដោយលំដាប់លេខ1 ជារបស់ប្រទេសហ្វីលីពីន ដែលមានចំនួនអ្នកឆ្លងមេរោគសរុប 5,660នាក់ ក្រោយរកឃើញអ្នកឆ្លងមេរោគថ្មី 207នាក់ ខណៈដែលការរកឃើញអ្នកស្លាប់បន្ថែមមានចំនួន 13នាក់ សរុប 362នាក់។
បន្ទាប់មកគឺ ប្រទេសឥណ្ឌូនេស៊ី ដែលស្ថានការណ៍នាពេលនេះ មើលទៅហាក់ដូចជាអាចវ៉ាប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗនេះ ដោយឥណ្ឌូនេស៊ី រកឃើញអ្នកឆ្លងមេរោគថ្មី 380នាក់ សរុប 5,516នាក់ ចំណែកអ្នកស្លាប់បន្ថែមមាន 27នាក់ សរុប 496នាក់។
លំដាប់លេខ3 ជារបស់ប្រទេសម៉ាឡេស៊ី រកឃើញអ្នកឆ្លងមេរោគថ្មិ 10នាក់ សរុប 5,182នាក់ ឯអ្នកស្លាប់បន្ថែម មានតែ 1នាក់គត់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប មាន 84នាក់។ ចំណែកប្រទេសថៃ គ្រងលំដាប់លេខ5 ក្រោយរកឃើញអ្នកឆ្លងមេរោគថ្មីចំនួន 29នាក់ សរុប 2,672នាក់ និងមានអ្នកស្លាប់សរុប 46នាក់៕
ប្រភព៖ សារព័ត៌មានបរទេស