ពិភពលោកមានអ្នកស្លាប់ជិត144,000នាក់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជិត2.2លាននាក់ ដោយវាកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
ស្ថិតិពីសាកលវិទ្យាល័យ Johns Hopkins នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគCOVID-19 សរុបឡើងដល់2,151,199នាក់ និងស្លាប់143,725នាក់ នៅក្នុងប្រទេស និងដែនដីចំនួន210។ អ្នកជំងឺដែលបានជាសះស្បើយ បានកើនដល់541,501នាក់។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំជាងគេនៅក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប667,225នាក់ និងស្លាប់សរុប32,686នាក់។ ប្រទេសនេះ បានធ្វើតេស្តរកមេរោគជាង3.4លាននាក់ ខ្ពស់ជាងប្រទេសណាៗទាំងអស់។
រដ្ឋ New York កំពុងរងផលវិបាកធ្ងន់ធ្ងរជាងគេ ដោយមានអ្នកជំងឺសរុប222,284នាក់ កើន8,505នាក់បើធៀបនឹងម្សិលមិញ។ អ្នកស្លាប់ដោយសារវីរុសCOVID-19 នៅក្នុងរដ្ឋនេះ បានកើនដល់ជាង10,000នាក់។
អេស្ប៉ាញទើបរកឃើញអ្នកជំងឺថ្មី4,289នាក់ និងស្លាប់ថ្មី502នាក់ ធ្វើឱ្យចំនួនអ្នកជំងឺសរុបឡើងដល់184,498នាក់ និងអ្នកស្លាប់សរុប19,135នាក់។ ប្រទេសនេះ គឺជាសម្បុកមេរោគធំជាងគេនៅអឺរ៉ុប និងទី2នៅក្នុងពិភពលោក។
អ៊ីតាលីរាយការណ៍ថា បានរកឃើញអ្នកជំងឺថ្មី3,786នាក់ និងអ្នកស្លាប់ថ្មី525នាក់។ អ្នកជំងឺសរុប168,941នាក់ និងអ្នកស្លាប់សរុប22,170នាក់។
បារាំងរកឃើញអ្នកជំងឺថ្មី17,164នាក់ និងអ្នកស្លាប់ថ្មី753នាក់។ អ្នកជំងឺសរុបមាន165,027នាក់ និងអ្នកស្លាប់សរុប17,920នាក់។ បារាំងបានពន្យារសុពលភាពនៃបម្រាមគោចរទូទាំងប្រទេសបន្ថែម1ខែទៀត ដើម្បីទប់ស្កាត់រោគរាតត្បាត ដែលនេះនឹងអូសបន្លាយពេលរហូតដល់ថ្ងៃទី11ឧសភា៕
ប្រភព៖ AFP, CNN