ឥណ្ឌូនេស៊ី បានលោតរំលងម៉ាឡេស៊ី និងក្លាយជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី2នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីហ្វីលីពីន ដែលជាប្រទេសមានអ្នកជំងឺថ្មីជាង1,000នាក់។
ប្រទេសឥណ្ឌូនេស៊ីថ្ងៃនេះបានរាយការណ៍ថា បានរកឃើញអ្នកជំងឺថ្មី380នាក់ និងអ្នកស្លាប់ថ្មី29នាក់ដោយសារវីរុសCOVID-19 នាំឱ្យចំនួនអ្នកជំងឺសរុបនៅប្រទេសនេះ កើនដល់5,516នាក់ និងអ្នកស្លាប់សរុបឡើងដល់498នាក់។
តួលេខនៃអ្នកជំងឺCOVID-19 របស់ឥណ្ឌូនេស៊ី ក៏បានកើនលើសម៉ាឡេស៊ី ហើយក្លាយជាសម្បុកមេរោគកូរ៉ូណាធំជាងគេលំដាប់ទី2នៅអាស៊ីអាគ្នេយ៍។ ប្រទេសនេះបានប្រកាសអាសន្នចាប់ពីចុងខែមីនាដើម្បីទប់ទល់នឹងវីរុសនេះ។ រដ្ឋាភិបាលក៏បានប្រកាសផ្ដល់ជំនួយដល់ពលរដ្ឋដែលមានចំណូលទាបផងដែរ។
ឥណ្ឌូនេស៊ីបានធ្វើតេស្តរកមេរោគជូនប្រជាជនជិត40,000នាក់ ខណៈដែលអ្នកជំងឺបានកើនឡើងដល់ជាង11,800នាក់។ ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានឱ្យដឹងថា តួលេខនៃករណីឆ្លងវីរុសនៅក្នុងប្រទេសនេះអាចឡើងដល់ចំណុចកំពូលនៅដើមខែឧសភាខាងមុខ។
ចំណែកហ្វីលីពីនវិញ នៅតែបន្តជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈបានរកឃើញអ្នកជំងឺថ្មី207នាក់ និងអ្នកស្លាប់ថ្មី13នាក់បន្ថែមទៀត នាំឱ្យអ្នកជំងឺសរុបឡើងដល់5,660នាក់ និងអ្នកស្លាប់សរុប362នាក់។ អ្នកជំងឺបានជាសះស្បើយក្នុងប្រទេសនេះក៏បានកើនដល់435នាក់។
ម៉ាឡេស៊ីបានរកឃើញករណីឆ្លងថ្មី110នាក់បន្ថែមទៀត ធ្វើឱ្យអ្នកជំងឺសរុបកើនដល់5,182នាក់ ខណៈអ្នកស្លាប់បានឡើងដល់84នាក់ ដោយមានករណីស្លាប់ថ្មី1នាក់ក្នុងថ្ងៃនេះ។
ម៉ាឡេស៊ីបានចេញបញ្ជាដាក់បម្រាមគោចរទូទាំងប្រទេសចាប់ពីថ្ងៃទី18មីនាដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCOVID-19។ ក្រៅពីបិទព្រំដែន ប្រទេសនេះក៏បានបិទសាលារៀនក្នុងរយៈពេល2សប្ដាហ៍ និងហាមប្រារព្ធពិធីជួបជុំផ្សេងៗផងដែរ។ វិហារសាសនា និងហាងលក់ដូរផ្សេងៗ លើកលែងតែផ្សារទំនើប និងធនាគារ ក៏ត្រូវបានផ្អាកដំណើការ។
សិង្ហបុរី ថ្ងៃនេះក៏បានរកឃើញអ្នកជំងឺថ្មី447នាក់ ធ្វើឱ្យអ្នកជំងឺសរុបឡើងដល់3,699នាក់ ក្នុងនោះមាន10នាក់បានបាត់បង់ជីវិត។
នៅក្នុងករណីឆ្លងមេរោគថ្មី មាន404ករណីជាប់ទាក់ទិននឹងតំបន់ស្នាក់នៅរបស់ពលករបរទេស 5ករណីគឺជាពលករក្រៅស្រុករស់នៅតំបន់ផ្សេង និង38ករណីគឺឆ្លងពីសហគមន៍។
ខាងក្រោមនេះគឺជាតារាងស្ថិតិថ្មីនៃករណីឆ្លង និងស្លាប់ដោយសារវីរុសCOVID-19 នៅអាស៊ីអាគ្នេយ៍៖
ប្រភព៖ សារព័ត៌មានបរទេស