រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសកូឡុំប៊ី Cabello បានប្រកាសថានឹងដោះលែងអ្នកទោសប្រមាណជា4,000នាក់ ឱ្យនៅក្រៅឃុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCOVID-19។
“យើងបានវិភាគទៅលើការព្យាករជាច្រើន ហើយយើងនឹងជួយអ្នកទោសតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពួកគេទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះ។ ប៉ុន្តែ ខ្ញុំទទួលស្គាល់ថា យើងមិនមានវិធានការណាមួយដែលអាចធានា100%ថា ពួកគេអាចគេចផុតពីការឆ្លងវីរុសនោះទេ” រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសកូឡុំប៊ី Margarita Cabello មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី15មេសា។ លោកបានអះអាងថា អ្នកទោសនឹងត្រូវបានដោះលែងនាពេលដ៏ខ្លីខាងមុខ។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកទោស2នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារមួយនៅទីក្រុង Villavicencio បានបាត់បង់ជីវិតដោយសារឆ្លង COVID-19។ អ្នកទោសចំនួន13នាក់ រួមនឹងឆ្មាំពន្ធនាគារ2រូប និងប្រធានពន្ធនាគារ1រូបទៀត នៅឯពន្ធនាគារនេះក៏បានឆ្លងវីរុសCOVID-19នេះដែរ។
គិតមកដល់បច្ចុប្បន្ន ប្រទេសកូឡុំប៊ី មានអ្នកជំងឺCOVID-19 សរុប3,105នាក់ និងស្លាប់131នាក់៕
ប្រភព៖ សារព័ត៌មានបរទេស