មហាសេដ្ឋី Bill Gates អះអាងថា សោកនាដកម្មដែលបង្កឡើងដោយវីរុសCOVID-19 នឹងផ្លាស់ប្ដូរជីវភាពរស់នៅរបស់យើងគ្រប់គ្នាជារៀងរហូត ហើយទម្លាប់នៃការរស់នៅក៏នឹងលែងដូចមុន។
ក្រោយមួយរយៈពេលដែលមានការរឹតបន្តឹងការធ្វើដំណើរ ការបង្ខាំងខ្លួនក្នុងផ្ទះ ការបិទអាជីវកម្ម ការបិទសេដ្ឋកិច្ចជាដើម បានធ្វើឱ្យមានសំណួរសំខាន់មួយដែលសួរថា “តើអ្វីៗនឹងត្រឡប់មករកភាពដើមដែរ ឬយ៉ាងណា នៅពេលយុគសម័យCOVID-19 បានឆ្លងផុតទៅ?”។ ចម្លើយសម្រាប់សំណួរនេះ មិនមែនពេលណាក៏ងាយស្រួលឱ្យយើងអាចទទួលយកបានភ្លាមៗនោះឡើយ។
មហាសេដ្ឋី Bill Gates (William Henry Gates III) បានឱ្យដឹងថា “យើងអាចបើកដំណើរការរោងចក្រ សាលារៀនមួយចំនួននៅដើមខែមិថុនា បើសិនជាស្ថានភាពនៃរោគរាតត្បាតធ្វើឱ្យមានទំនុកចិត្ត”។ សហស្ថាបនិករបស់ក្រុមហ៊ុន Microsoft បន្តថា “ប៉ុន្តែ វានឹងមិនទាន់ដល់ពេលដែលអ្នកអាចជួបជុំគ្នានៅក្នុងបារ ឬភោជនីយដ្ឋាននានានៅឡើយ”។
កន្លងមក មហាសេដ្ឋីលំដាប់ទី2ក្នុងពិភពលោករូបនេះ ធ្លាប់បានព្យាករថា សិស្សសាលានឹងអាចត្រឡប់មកសាលារៀនវិញនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ គឺអំឡុងខែកញ្ញាឆ្នាំនេះ។ ប៉ុន្តែ លោកបានព្រមានជាបន្តបន្ទាប់ថា គួរតែបើកចំហសង្គម នៅពេលវ៉ាក់សាំងCOVID-19 មានគ្រប់គ្រាន់តែប៉ុណ្ណោះ ពោលគឺ យ៉ាងតិច18ខែទៀត។
លោក Bill Gates ថ្លែងថា “នឹងមានការរក្សាគម្លាតសង្គមរហូតដល់ពេលយើងផលិតបានវ៉ាក់សាំងរាប់ពាន់លានដប”។ លោកបន្តថា “ហើយនៅពេលនោះ ជីវភាពរស់នៅរបស់យើងក៏ពិបាកនឹងត្រឡប់មករកធម្មតាដូចមុនខ្លាំងណាស់”។
សហស្ថាបនិកនៃមូលនិធិ Bill & Melinda Gates Foundation រូបនេះថ្លែងថា “តើអ្នករាល់គ្នានឹងទៅទេសចរណ៍ ទៅកាន់ភោជនីយដ្ឋាន ទៅជួបជុំគ្នានៅទីលាននានាក្រោយយុគរបស់ COVID-19? តាមពិត សូម្បីតែនៅពេលដែលរដ្ឋាភិបាលនានាបានប្រកាសថា អ្វីៗទាំងអស់សុទ្ធតែបានគ្មានបញ្ហា ក៏យើងមិនអាចរំពឹងថា តម្រូវការខាងលើទាំងនេះនឹងត្រឡប់មកធម្មតាវិញភ្លាមៗនោះឡើយ”។
ក៏ប៉ុន្តែ ចំណុចលេចធ្លោ និងវិជ្ជមានដែលត្រូវបាន Bill Gates លើកឡើងនោះគឺថា រោគរាតត្បាតCOVID-19 នឹងជំរុញឱ្យមនុស្សបន្តបង្កើនការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ពិសេសគឺនៅក្នុងវិស័យអប់រំ ក្រុមអាជីវកម្ម ការរៀបចំសន្និសីទ ព្រឹត្តិការណ៍ផ្សេងៗ និងការដឹកជញ្ជូន-ទិញដូរ។ល។
បច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនបានងាកមកធ្វើការតាមអនឡាញ និងប្រជុំតាមអនឡាញ ហើយពួកគេនឹងមិនចង់ត្រឡប់មករកការប្រជុំបែបបុរាណនាពេលអនាគត។ នេះបើតាមការយល់ឃើញរបស់លោក Bill Gates។
មុននេះ មហាសេដ្ឋី Bill Gates ក៏បានព្រមានថា រៀងរាល់20ឆ្នាំម្ដង នឹងអាចមានការផ្ទុះឆ្លងរាលដាលនៃរោគរាតត្បាត1 ដែលស្រដៀងទៅនឹង COVID-19។ លោកថ្លែងដោយសង្កត់ធ្ងន់ថា ដើម្បីប្រឆាំងនឹងរោគរាតត្បាតនេះ រដ្ឋាភិបាលនានាក្នុងអនាគតកាលនឹង “មានការវាយតម្លៃ ការវិភាគស៊ីជម្រៅ និងមានទាំងប្រព័ន្ធព្រមានរហ័ស” ទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស