រាជាណាចក្រជប៉ុនបានប្រកាសស្នើឱ្យប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស បង្ខាំងខ្លួននៅក្នុងផ្ទះ បន្ទាប់ពីមានការសិក្សាស្រាវជ្រាវបានព្រមានថា ប្រទេសនេះនឹងមានអ្នកស្លាប់ដោយសារ COVID-19 ដល់ទៅ400,000នាក់ បើសិនបន្ធូរដៃក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
រាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី15មេសា បានប្រកាសអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស កុំចេញក្រៅផ្ទះ ជំនួសឱ្យការអនុវត្តវិធានការនេះសម្រាប់តែបណ្ដាខេត្ត និងទីក្រុងមួយចំនួនដូចមុន។ វិធានការបង្កើនការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCOVID-19នេះ រួមមានការស្នើឱ្យពលរដ្ឋបង្ខាំងខ្លួនឯងក្នុងផ្ទះ និងអាជីវកម្មនានាបិទទ្វារបណ្ដោះអាសន្ន ក៏ប៉ុន្តែ អាជ្ញាធរមិនទាន់បង្ហាញអំពីកម្រិតនៃការពិន័យ ឬទម្រង់នៃការពិន័យជាក់លាក់ណាមួយដើម្បីបង្ខំឱ្យមនុស្សអនុវត្តតាមនៅឡើយ។
កាលពីថ្ងៃទី15មេសាម្សិលមិញ ប្រធាននៃទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានអំពាវនាវសូមឱ្យប្រជាជន ធ្វើរឿងគ្រប់យ៉ាងដែលស្ថិតក្នុងសមត្ថភាព ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់វីរសឆ្លងរាលដាល។
សេចក្ដីប្រកាស និងអំពាវនាវខាងលើ ត្រូវបានធ្វើឡើង ក្រោយពីសារព័ត៌មាននានារបស់ជប៉ុន បានចុះផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្ងាត់មួយរបស់ក្រសួងសុខាភិបាលប្រទេសនេះ ដែលបានព្យាករថា តួលេខនៃអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅជប៉ុន អាចកើនឡើងដល់400,000នាក់ បើសិនជាមិនបានអនុវត្តវិធានការទប់ស្កាត់។ របាយការណ៍នេះក៏បានឱ្យដឹងថា អ្នកជំងឺប្រហែល850,000នាក់ នឹងត្រូវការប្រើម៉ាស៊ីនជំនួយដង្ហើម។
បច្ចុប្បន្ន ប្រទេសជប៉ុន ធ្វើតេស្តទៅលើតែអ្នកណាដែលមានរោគសញ្ញានៃជំងឺCOVID-19 ប៉ុណ្ណោះ។ ប្រទេសនេះ មានអ្នកជំងឺ COVID-19 សរុបជិត9,000នាក់ រួមទាំងទេសចរនៅលើនាវា Diamond Princess ក្នុងនោះមានអ្នកជំងឺប្រមាណជាជិត200នាក់បានស្លាប់។
កំណើននៃអ្នកជំងឺមានការកើនឡើងជាលំដាប់នៅជប៉ុនក្នុងអំឡុងដើមខែមេសានេះ ពិសេសនៅរាជធានីតូក្យូ។ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសអាសន្ននៅក្នុងរដ្ឋធានី និងតំបន់ចំនួន6ផ្សេងទៀត ក្នុងនោះក៏មាន Osaka ផងដែរ ដើម្បីកាត់បន្ថយការប៉ះពាល់ផ្ទាល់រវាងប្រជាជន។ ប្រទេសនេះ បានរកឃើញអ្នកជំងឺថ្មីយ៉ាងតិច327នាក់កាលពីម្សិលមិញ ក្នុងនោះទីក្រុងតូក្យូមាន127នាក់។
ប្រភពព័ត៌មានសំខាន់ចំនួន2របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Abe នឹងសម្រេចចិត្តនៅសប្ដាហ៍ក្រោយ ទាក់ទិននឹងបញ្ហាថា តើត្រូវពន្យារសុពលភាពនៃការប្រកាសអាសន្នរបស់រាជរដ្ឋាភិបាលដែរ ឬយ៉ាងណា បន្ទាប់ពីទទួលបានយោបល់ពីក្រុមអ្នកជំនាញផ្នែកសុខាភិបាល៕
ប្រភព៖ សារព័ត៌មានបរទេស