ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងថា “ថ្ងៃរន្ធត់បំផុត” ក្នុងឆាកជីវិតរបស់លោក នោះគឺពេលដែលបានដឹងថា ប្រទេសនេះមិនមានម៉ាស៊ីនជំនួយដង្ហើមគ្រប់គ្រាន់នៅក្នុងឃ្លាំងដើម្បីទប់ទល់នឹងCOVID-19 កាលពីខែមីនា។
“ថ្ងៃដែលរន្ធត់បំផុតនៅក្នុងជីវិតរបស់ខ្ញុំនោះគឺកាលពី1ខេមុន ក្រោយពីកិច្ចប្រជុំ1ថ្ងៃពេញ ក្រុមមន្ត្រីនិយាយជាមួយខ្ញុំថា យើងត្រូវការម៉ាស៊ីនជំនួយដង្ហើមដល់ទៅ130,000គ្រឿង ហើយថា យើងនៅខ្វះរាប់សែនគ្រឿងទៀត” លោក Trump ថ្លែងប្រាប់ក្រុមអ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានមួយនិយាយអំពី COVID-19 ដែលធ្វើឡើងនៅក្នុងសេតវិមានកាលពីថ្ងៃទី14មេសា។
លោក Trump បានទម្លាក់កំហុសទៅលើរដ្ឋអំណាចមុនដែលខ្វះចក្ខុវិស័យលើបញ្ហានេះ។ ទន្ទឹមនឹងនេះ លោកក៏បានរិះគន់អភិបាលរដ្ឋនានា ព្រោះតែបានទាមទារម៉ាស៊ីនជំនួយដង្ហើម “មិនសមហេតុផល” ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
“នេះគឺជាប្រព័ន្ធដែលជំនាន់មុនបានបន្សល់ទុក” លោក Trump បន្តថា “អភិបាលរដ្ឋនានា បានទាមទារម៉ាស៊ីនជំនួយដង្ហើមដោយមិនសមហេតុផល ដែលរដ្ឋាភិបាលមិនមាន ចំណែករដ្ឋនានាបែរជាមិនត្រៀមទៅវិញ។ ខ្ញុំដឹងថា អ្នករាល់គ្នាត្រូវការម៉ាស៊ីននេះ ហើយបើមិនមាន ពួកគេនឹងស្លាប់”។
លោក Trump បានឱ្យដឹងថា លោកបានចេញបញ្ជាឱ្យក្រុមមន្ត្រីថ្នាក់ក្រោម រៀបចំ ផ្គត់ផ្គង់ម៉ាស៊ីនជំនួយដង្ហើមទៅឱ្យអ្នកដែលត្រូវការបំផុត។ កាលពីខែមុន លោក Trump ក៏បានយកច្បាប់ Defense Production Act មកប្រើប្រាស់ដើម្បីជំរុញឱ្យបណ្ដាក្រុមហ៊ុន និងរោងចក្រ បង្កើនផលិតកម្មរបស់ខ្លួនក្នុងការផលិតម៉ាស៊ីនជំនួយដង្ហើមនេះផងដែរ។
“ឆ្នាំមុន អាមេរិកាំងផលិតម៉ាស៊ីនជំនួយដង្ហើម 30,000គ្រឿង។ ឆ្នាំនេះ តួលេខនេះនឹងកើនដល់ជាង150,000គ្រឿង ឬ200,000គ្រឿង ដែលនឹងច្រើនជាងអ្វីដែលយើងត្រូវការ” លោកប្រធានាធិបតីអាមេរិកាំងមានប្រសាសន៍បែបនេះ។
បច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺជាង600,000នាក់ និងអ្នកស្លាប់ជាង26,000នាក់ ខណៈនៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារវីរុសនេះដល់ទៅជាង126,800នាក់ នៅក្នុងចំណោមអ្នកជំងឺជាង2,004,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស