នៅអាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីនបានចូលមកជំនួសម៉ាឡេស៊ី ក្លាយជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងតំបន់ ដោយប្រទេសនេះមានអ្នកជំងឺCOVID-19 សរុប5,223នាក់ និងស្លាប់335នាក់ ខណៈម៉ាឡេស៊ីបានរកឃើញអ្នកផ្ទុកមេរោគCOVID-19 សរុប4,987នាក់ និងស្លាប់82នាក់។
អាជ្ញាធរហ្វីលីពីន រងការរិះគន់ខ្លាំង ដោយសារមានការយឺតយ៉ាវក្នុងការធ្វើតេស្តរកមេរោគ ប៉ុន្តែដើមខែមេសា ពួកគេបានដោះស្រាយបញ្ហានេះដោយការបន្ថែមឧបករណ៍ធ្វើតេស្ត និងបន្ថែមកម្លាំងប្រតិបត្តិការក្នុងបន្ទប់ធ្វើតេស្ត។ ប្រធានាធិបតីហ្វីលីពីន លោក Duterte កាលពីដើមសប្ដាហ៍នេះ បានបញ្ចេញថវិកាទិញឧបករណ៍ធ្វើតេស្តចំនួន900,000ឈុត បន្ថែមពីលើ100,000ឈុតដែលកំពុងប្រើប្រាស់សព្វថ្ងៃ។
ឥណ្ឌូនេស៊ីជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី3នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីហ្វីលីពីន និងម៉ាឡេស៊ី ដោយមានអ្នកជំងឺសរុប4,839នាក់ និងស្លាប់459នាក់។ ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានអត្រានៃការស្លាប់ខ្ពស់ជាងគេលំដាប់ទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន។
ឥណ្ឌូនេស៊ី ត្រូវបានក្រុមអ្នកជំនាញខាងសុខាភិបាល ព្យាករថា អ្នកជំងឺCOVID-19 នៅក្នុងប្រទេសនេះ អាចកើនឡើងដល់1.6លាននាក់។ បន្ទប់ព្យាបាលបន្ទាន់នានាក្នុងប្រទេសនេះ ក៏កំពុងតែទទួលព្យាបាលដោយលើសចំណុះ បើទោះអាជ្ញាធរបាន និងកំពុងអនុវត្តវិធានការទប់ស្កាត់យ៉ាងសកម្មក៏ដោយ។
សិង្ហបុរីឈរលំដាប់ទី4 ដោយមានអ្នកជំងឺសរុប3,252នាក់ ក្នុងនោះមាន10នាក់បានស្លាប់។ ក្រុមមន្ត្រីសុខាភិបាលប្រទេសនេះឱ្យដឹងថា ការត្រឡប់មកកាន់ប្រទេសកំណើតរបស់ពលរដ្ឋប្រទេសនេះនៅអំឡុងពាក់កណ្ដាលខែមីនា បានធ្វើឱ្យអ្នកជំងឺ “នាំចូល” មានការកើនឡើងខ្ពស់ ប៉ុន្តែបញ្ហានេះក៏បានថយចុះបន្តិចម្ដងៗ ក្រោយរយៈពេលប្រហែល1ខែ។ ក៏ប៉ុន្តែ ករណីឆ្លងវីរុសCOVID-19 នៅក្នុងស្រុក បែរជាកើនឡើងទៅវិញ។
ប្រទេសថៃ មានអ្នកជំងឺកូរ៉ូណាសរុប2,613នាក់ និងអ្នកស្លាប់សរុប41នាក់ ខណៈប្រទេសវៀតណាមមានអ្នកជំងឺ267នាក់ (មិនទាន់មានអ្នកស្លាប់) ប្រទេសប៊្រុយណេមានអ្នកជំងឺ136នាក់(ស្លាប់ម្នាក់) ប្រទេសកម្ពុជាមានអ្នកជំងឺ122នាក់(មិនទាន់មានអ្នកស្លាប់) ប្រទេសមីយ៉ានម៉ារមានអ្នកជំងឺ63នាក់(ស្លាប់4នាក់) ប្រទេសឡាវមានអ្នកជំងឺ19នាក់(មិនទាន់មានអ្នកស្លាប់) និងប្រទេសទីម័រខាងកើតមានអ្នកជំងឺសរុប6នាក់(មិនទាន់មានអ្នកស្លាប់)៕
ប្រភព៖ សារព័ត៌មានបរទេស