ប្រទេសអង់គ្លេសមានអ្នកស្លាប់ថ្មីដោយសារវីរុសCOVIDD-19 ចំនួន778នាក់ នាំឱ្យអ្នកស្លាប់សរុបក្នុងប្រទេសនេះ កើនឡើងដល់12,107នាក់។
ក្រសួងសុខាភិបាលអង់គ្លេស កាលពីយប់មិញ(14មេសា) បានឱ្យដឹងថា តួលេខនៃអ្នកស្លាប់ថ្មី កើន8.5% បើធៀបនឹង717នាក់កាលពីមុននេះមួយថ្ងៃ។ ចំណែកអ្នកជំងឺថ្មី មានចំនួន5,252នាក់ នាំឱ្យចំនួនអ្នកជំងឺសរុបឡើងដល់93,873នាក់។
អង់គ្លេសបានធ្វើតេស្តរកមេរោគCOVID-19 លើមនុស្សជាង302,599នាក់។ ចំនួនករណីធ្វើតេស្ត បានថយចុះមកនៅត្រឹម15,000នាក់ បើធៀបនឹង18,000ករណីកាលពីថ្ងៃទី12មេសា។ ប្រទេសនេះបានដាក់ផែនការធ្វើតេស្តឱ្យបាន100,000នាក់/ថ្ងៃ នៅចុងខែមេសានេះ។
មណ្ឌុលចាស់ជរានៅអង់គ្លេសកំពុងក្លាយជាចំណុចកណ្ដាលនៃវិបត្តិសុខភាពនៅអង់គ្លេស។ តួលេខនៃករណីស្លាប់ទាក់ទិននឹងCOVID-19 នៅក្នុងបណ្ដាមណ្ឌុលចាស់ជរា បានកើនឡើង10ដងក្នុងរយៈពេល1សប្ដាហ៍។ នេះបើតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ។
ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដែលទើបតែចេញពីមន្ទីរពេទ្យ ក្រោយពីបានជាពីជំងឺកូរ៉ូណា ត្រូវបានអ្នកនាំពាក្យរបស់លោករាយការណ៍ថា លោកកំពុងសម្រាកយកកម្លាំងនៅឯវិមាន Chequers។ អ្នកនាំពាក្យខាងលើនេះនិយាយថា “អាទិភាពរបស់នាយករដ្ឋមន្ត្រីនាពេលនេះគឺការសម្រាកយកម្លាំង។ ក្រុមវេជ្ជបណ្ឌិតបានស្នើឱ្យលោកសម្រាក និងមិនគួរទៅធ្វើការភ្លាមនោះទេ”។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន210នៅក្នុងពិភពលោក ដោយចាប់ផ្ដើមពីប្រទេសចិន ហើយមកដល់បច្ចុប្បន្ន វីរុសនេះបានធ្វើឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបក្លាយជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងសកលលោក។ ពិភពលោកបច្ចុប្បន្ន មានអ្នកជំងឺCOVID-19 ប្រមាណជាជិត2,000,000នាក់ ក្នុងនោះមាន121,000នាក់បានស្លាប់ ខណៈ51,566នាក់កំពុងប្រឈមនឹងការស្លាប់៕
ប្រភព៖ សារព័ត៌មានបរទេស