មួយភាគបីនៃបុគ្គលិកសុខាភិបាលនៃប្រទេសអង់គ្លេស រួមនឹងបុគ្គលិកសំខាន់ៗជាច្រើនផ្សេងទៀត ត្រូវបានធ្វើតេស្តរកវីរុសCOVID-19 ហើយទទួលបានលទ្ធផលវិជ្ជមាន។
យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលអង់គ្លេស ដែលត្រូវបានប្រកាសកាលពីថ្ងៃទី13មេសា បានឱ្យដឹងថា បុគ្គលិកសុខាភិបាលចំនួន16,888នាក់ រួមនឹងគ្រួសាររបស់ពួកគេ បានធ្វើតេស្តរកមេរោគCOVID-19 រួចរាល់ហើយ។ បច្ចុប្បន្ន ក្នុងចំណោមអ្នកដែលបានធ្វើតេស្តខាងលើ មាន5,733នាក់ ស្មើនឹង34% វិជ្ជមានជាមួយCOVID-19។
រាជរដ្ឋាភិបាលអង់គ្លេស កំពុងតែញាប់ដៃញាប់ជើង ក្នុងការធ្វើតេស្តជូនបុគ្គលិកសុខាភិបាល NHS (National Health Service) និងគ្រួសាររបស់ពួកគេ ក្នុងពេលដែលក្រុមគ្រូពេទ្យកំពុងតែខ្វះខាតសម្ភារវេជ្ជសាស្ត្រការពារសុវត្ថិភាព។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស Matt Hancock ធ្លាប់បានប្រកាសថា បុគ្គលិក NHS ដែលមានរោគសញ្ញា ឬរស់នៅជាមួយអ្នកដែលបានឆ្លងមេរោគCOVID-19 នឹងត្រូវបានធ្វើតេស្តទៅតាមគម្រោងរបស់រាជរដ្ឋាភិបាល។ លោកបន្តថា គោលដៅចុងក្រោយគឺធ្វើតេស្តរាល់បុគ្គលិក NHS បើទោះបីពួកគេមាន ឬមិនមានរោគសញ្ញាក៏ដោយ។
COVID-19 បានបង្ហាញវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន210 នៅក្នុងសកលលោក បណ្ដាលឱ្យមនុស្សជាង1.9លាននាក់បានឆ្លងជំងឺ និងជាង110,000នាក់បានស្លាប់។ ប្រទេសអង់គ្លេស បច្ចុប្បន្នមានអ្នកជំងឺសរុបជាង88,000នាក់ ក្នុងនោះមានជាង11,000នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស