រូបថតជាច្រើនសន្លឹកដែលត្រូវបានចែករំលែកដោយបុគ្គលិកសុខាភិបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Sinai-Grace នៅតំបន់ Detroit ក្នុងរដ្ឋ Michigan បង្ហាញឱ្យឃើញ សាកសពជាច្រើនត្រូវបានគេដាក់គរលើគ្នា ក្នុងបន្ទប់ត្រជាក់។
“អ្វីដែលយើងខ្ញុំដឹងនោះគឺថា យើងអស់គ្រែសម្រាប់អ្នកជំងឺ ដូច្នេះក៏មិនមាននៅសល់គ្រែណាមួយសម្រាប់ដាក់សាកសពនោះដែរ” បុគ្គលិកសុខាភិបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បម្រើការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ Sinai-Grace ដែលជាអ្នកបានផ្ដល់រូបថតស្ដីអំពីសាកសពនៅក្នុងបន្ទប់មួយ បានឱ្យដឹងបែបនេះ។
ក្នុងរូបថត សាកសពមនុស្ស2នាក់ត្រូវបានដាក់នៅក្បែរគ្នា លើគ្រែ1 និងសាកសព1ទៀតដាក់នៅលើកៅអីក្បែរគ្រែ។ សាកសពទាំងនេះត្រូវបានដាក់ក្នុងថង់ផ្លាស្ទិកពណ៌ស។
បុគ្គលិកពេទ្យខាងលើបន្តថា “ដោយសារតែយើងមិនទាន់ទទួលបានរថយន្តដឹកទំនិញដែលមានទូក្លាសេ ហើយបុគ្គលិកនៅសាលដាក់សាកសពមិនធ្វើការក្នុងពេលយប់”។
បុគ្គលិក2រូបផ្សេងទៀតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ខាងលើ បានបញ្ជាក់ប្រាប់ CNN ថា នេះជាទិដ្ឋភាពជាក់ស្ដែង និងបង្ហាញនូវអ្វីដែលបានកើតឡើងក្នុងមន្ទីរពេទ្យនេះកាលពីដើមខែ។ ពួកគេនិយាយថា យ៉ាងហោចណាស់មានបន្ទប់ស្រាវជ្រាវ1ដែលប្រើសម្រាប់ពិសោធអំពីទម្លាប់គេង ត្រូវបានប្រើជាសាលដាក់សាកសព ដោយសារតែបុគ្គលិកនៅសាលដាកសពមិនធ្វើការនៅពេលយប់ និងព្រោះតែសាលដាកសាកសពពេញអស់ទៅហើយ។
ដើម្បីដោះស្រាយបញ្ហានេះ មន្ទីរពេទ្យបានសម្រេចស្នើសុំរថយន្តដឹកទំនិញដែលមានដាក់ទូក្លាសេ ដើម្បីដាក់សាកសពជាបណ្ដោះអាសន្ន។ នៅពេលដែលក្រុមការងាររបស់ទីភ្នាក់ងារសារព័ត៌មាន CNN បានមកកាន់មន្ទីរពេទ្យនេះកាលពីថ្ងៃទី11មេសា ពួកគេក៏បានឃើញរថយន្តដូចខាងលើ ចំនួន5គ្រឿង កំពុងចតនៅទីនេះ។
នៅក្នុងរូបថតមួយផ្សេងទៀតដែល CNN មាន បង្ហាញថា មានសាកសពជាច្រើនដែលត្រូវបានដាក់នៅក្នុងថង់ផ្លាស្ទិក ត្រូវគេដាក់គរលើគ្នា នៅក្នុងបន្ទប់ត្រជាក់របស់មន្ទីរពេទ្យ។ បុគ្គលិកមន្ទីរពេទ្យនេះបានឱ្យដឹង មូលហេតុដែលមានសាកសពច្រើនត្រូវគរលើគ្នាបែបនេះ គឺព្រោះតែករណីស្លាប់ដោយសារ COVID-19 នៅទីនេះបានកើនឡើងច្រើន។ ចំណែកថង់ពណ៌ខៀវនៅក្នុងរូបថតនោះគឺជាទ្រព្យរបស់សាកសព។
នៅពេលត្រូវបានសុំឱ្យបកស្រាយ Brian Taylor ដែលជាអ្នកនាំពាក្យរបស់មន្ទីរពេទ្យ និយាយថា អ្នកជំងឺដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យនេះ ត្រូវបានប្រព្រឹត្តយ៉ាងសមរម្យ និងដោយគោរព។ សាកសពត្រូវបានរក្សាទុកទីនេះ រហូតដល់ពេលមានការចាត់ចែង និងនាំចេញទៅដោយសមស្រប។ Taylor បានថ្លែងថា “ដូចទៅនឹងមន្ទីរពេទ្យនៅ New York និងកន្លែងដទៃទៀត យើងបានបន្ថែមរថយន្តក្លាសេដើម្បីដោះស្រាយបញ្ហាកកស្ទះសាកសពនៅទីនេះជាបណ្ដោះអាសន្ន”។
បុគ្គលិកនៅបន្ទប់សង្គ្រោះបន្ទាន់បានប្រាប់ CNN ថា មន្ទីរពេទ្យនេះ ព្យាបាលអ្នកជំងឺប្រមាណជាពី100-130នាក់ក្នុងពេលតែមួយ កាលពីដើមខែ។ ប៉ុន្តែ មួយរយៈខ្លីចុងក្រោយនេះ ករណីអ្នកឆ្លងCOVID-19 នៅទីនេះបានថយចុះច្រើនហើយ គឺនៅសល់ប្រហែល50នាក់ប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស