ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Elbit Systems បានដំឡើងចង្វាក់ផលិតផលថ្មីមួយដើម្បីផលិតម៉ាស៊ីនជំនួយដកដង្ហើម ក្នុងខណៈដែលប្រទេសនេះមានអ្នកជំងឺCOVID-19 ជាង11,000នាក់។
Elbit Systems ដែលជាក្រុមហ៊ុនជំនាញខាងផលិតអាវុធបច្ចេកវិទ្យាជាន់ខ្ពស់ និងប្រព័ន្ធយកការណ៍របស់ប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា ពួកគេបានរៀបចំរចនាសម្ព័ន្ធរោងចក្រចំនួន2ឡើងវិញ ទៅតាមការស្នើរបស់រដ្ឋាភិបាលអ៊ីស្រាអែល។ តាមគម្រោង រោងចក្រនេះនឹងផលិតម៉ាស៊ីនជំនួយដកដង្ហើមចំនួន300គ្រឿងក្នុង1សប្ដាហ៍ ចាប់ពីថ្ងៃទី16មេសា។
ម៉ាស៊ីនជំនួយដកដង្ហើមនេះនឹងជួយដល់មន្ទីរពេទ្យនានា ក្នុងការព្យាបាល និងសង្គ្រោះអ្នកជំងឺCOVID-19 ដែលប្រឈមនឹងការស្លាប់ខ្ពស់ដោយសារអាការពិបាកដកដង្ហើម ឬមិនអាចដកដង្ហើមដោយខ្លួនឯងបាន។ បច្ចុប្បន្ន អ៊ីស្រាអែលមានម៉ាស៊ីននេះចំនួន3,500គ្រឿង ហើយបើតាមផែនការ ពួកគេនឹងមាន7,000គ្រឿងនៅមុនខែឧសភា។
ដោយឡែក ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែលមួយផ្សេតទៀត គឺក្រុមហ៊ុន Aerospace Industries កាលពីខែមុនក៏បានសន្យាថានឹងផលិតម៉ាស៊ីនជំនួយដកដង្ហើមផងដែរ ដើម្បីធានាឱ្យផលិតផលនេះមានបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក។
គិតមកដល់ពេលនេះអ៊ីស្រាអែលមានអ្នកជំងឺCOVID-19 សរុបជាង11,800នាក់ ក្នុងនោះមាន117នាក់បានស្លាប់។
នៅទូទាំងពិភពលោក បច្ចុប្បន្នមានអ្នកជំងឺCOVID-19 ជាង1,926,200នាក់ ក្នុងនោះមានជាង452,400បានជាសះស្បើយ និងជាង119,700នាក់បានបាត់បង់ជីវិត ខណៈដែល51,150នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ប្រភព៖ សារព័ត៌មានបរទេស