រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Pompeo បានអះអាងថា នឹងមានការថ្កោលទោសអ្នកដែលត្រូវទទួលខុសត្រូវលើបញ្ហាវីរុសCOVID-19 ប៉ុន្តែលោកមិនបានលើកឡើងឱ្យចំឈ្មោះថាជាប្រទេសចិន ឬមួយប្រទេសណានោះទេ។
“នឹងដល់ពេលមួយដែលត្រូវធានាថា យើងទាំងអស់គ្នាត្រូវតែបានដឹងអំពីអ្វីដែលបានកើតឡើង ហើយអ្នកទទួលខុសត្រូវ ត្រូវតែមានមូលហេតុសមហេតុផលបំផុត។ ខ្ញុំជឿជាក់ថា ដំណាក់កាលនោះនឹងកើតឡើងមិនខាន” នេះបើតាមសម្ដីរបស់លោក Mike Pompeo ដែលបានឆ្លើយនឹងសំណួររបស់ភ្នាក់ងារយកព័ត៌មានអាល្លឺម៉ង់ កាលពីថ្ងៃទី13មេសាកន្លងទៅ។
នៅពេលត្រូវបានសួរថា តើប្រទេសចិន ត្រូវតែ “ទទួលខុសត្រូវ” ចំពោះការខាតបង់ដោយសារCOVID-19 ដែរ ឬអត់ លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំង បានច្រានចោលរាល់ការដាក់ទោសជាបន្ទាន់ណាមួយទៅលើទីក្រុងប៉េកាំង ដោយលោកសង្កត់ធ្ងន់ថា ប្រការសំខាន់នៅពេលនេះ គឺត្រូវតែសហការគ្នាទូទាំងពិភពលោក ដើម្បីទប់ទល់នឹងរោគរាតត្បាត។
លោក Pompeo ឱ្យដឹងថា គេត្រូវការជជែកវែកញែកជាសកលអំពីការដែលថា តើរដ្ឋាភិបាលចិន ត្រូវតែទទួលខុសត្រូវលើបញ្ហាCOVID-19 ឬអត់។ លោកអះអាងថា “រឿងដែលសំខាន់គឺត្រូវតែយល់ច្បាស់ថា រោគរាតត្បាតនេះ បានចាប់ផ្ដើមដោយរបៀបណា កើតឡើងនៅទីណា និងមានប្រភពមកពីណា។ យើងបានដឹងអំពីរឿងរ៉ាវនៅតំបន់ផ្សារដ៏សើមមួយនៅប្រទេសចិន ជាកន្លែងដែលវីរុសបានចាប់ផ្ដើមឆ្លងរាលដាល ហើយសំខាន់គឺទូទាំងពិភពលោកសុទ្ធតែយល់អំពីប្រការនេះ”។
លោកបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែផ្ដោតទៅលើការ “មើលទៅខាងមុខ” និងប្រឹងប្រែងស្វែងរកច្រកចេញសមស្របដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងដោយសារCOVID-19 នាពេលខាងមុខ។ Pompeo អះអាងថា សហរដ្ឋអាមេរិក កំពុងអនុវត្តភារកិច្ចចំពោះមុខ ធ្វើឱ្យប្រព័ន្ធដំណើរការឡើងវិញ ដើម្បីអាចបើកទ្វារសេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចសកលជាថ្មី។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីខែមុន បានរិះគន់ចំពោះវិធីដែលប្រទេសចិនប្រើដើម្បីទប់ទល់នឹងCOVID-19 និងចោទប្រកាន់ទីក្រុងប៉េកាំងថា មិនបានផ្ដល់ព័ត៌មានចាំបាច់ដល់ពិភពលោក សម្រាប់ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ លោក Pompeo បានអះអាងជាច្រើនលើកថា ប្រទេសចិនខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ក្នុងការទប់ទល់នឹងវីរុស ហើយលោកក៏ធ្លាប់បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បាជាបន្តបន្ទាប់ ដោយហៅ COVID-19 ថាជា “វីរុសចិន”។
សូមរំឭកថា COVID-19 បានចាប់ផ្ដើមបង្ហាញខ្លួននៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 ហើយមកដល់ពេលនេះ វាមានវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន210 នៅក្នុងពិភពលោក បណ្ដាលឱ្យមនុស្សជាង1,925,000នាក់ត្រូវឆ្លងមេរោគ និងជាង119.600នាក់បានបាត់បង់ជីវិត ក្នុងនោះ សហរដ្ឋអាមេរិកមានអ្នកជំងឺសរុបជាង580,000នាក់ និងអ្នកស្លាប់ជាង23,600នាក់ ខណៈប្រទេសចិនបានប្រកាសថា បានគ្រប់គ្រងវីរុសនេះស្ទើរតែទាំងស្រុងហើយ ដោយមានអ្នកឆ្លងវីរុសថ្មីប្រមាណជា100នាក់ក្នុងមួយថ្ងៃៗ ចំណែកករណីស្លាប់ថ្មីក៏បានថយចុះនៅក្រោម10នាក់ក្នុងមួយថ្ងៃ៕
ប្រភព៖ សារព័ត៌មានបរទេស