ជារឿងដែលគួរឱ្យចម្លែកចិត្តខ្លាំងបំផុតជាមួយនឹងអាថ៌កំបាំងធម្មជាតិ ថាតើបណ្ដាលមកពីហេតុអ្វី ទើបវីរុសកូរ៉ូណាប្រភេទថ្មីដ៏កំណាចនេះ មើលទៅហាក់ដូចជាលើកលែង(ប្រណី)ជីវិតឱ្យកូនមនុស្សតូចៗ(ទារក) ដែលជាអនាគតនៃពូជពង្សមនុស្ស?
កាលពីពេលមុននេះ សារព័ត៌មានស៊ីនហួ បានរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវវិភាគមួយនៅក្នុងព្រឹត្តិបត្រ វេជ្ជសាស្ត្រកុមារអន្តរជាតិ លេខថ្មីចុងក្រោយបំផុត ដែលដំណើរការស្រាវជ្រាវដោយអ្នកជំនាញការនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារនៃប្រទេសចិន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារនៃទីក្រុងសៀងហៃ ក្នុងបណ្ដាញមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យសៀងហៃ ចៀវថុង។
លទ្ធផលនៃការស្រាវជ្រាវ បានបញ្ជាក់ថា ទោះជាអាការឆ្លងមេរោគនៅលើកុមារ នឹងមិនធ្ងន់ធ្ងរ ដូចមនុស្សធំមែន តែកុមារគ្រប់វ័យ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគវីរុសគ្រប់គ្នា ដោយមិនបែងចែកថា ក្មេងប្រុស ឬក្មេងស្រីនោះឡើយ តែទារកនឹងមានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគខ្លាំងជាង។ យ៉ាងណាក៏ដោយ ការឆ្លងមេរោគនៅលើក្មេង ទោះជាបង្ហាញអាការក៏ដោយ តែច្រើនតែមិនធ្ងន់ធ្ងរឡើយ ព្រោះការខូចខាតដោយសារការតតាំងជាមួយវីរុសរបស់ប្រព័ន្ធប្រឆាំងជំងឺរបស់ក្មេងដែលនៅមិនទាន់រីកចម្រើនពេញទំហឹង។
ការសិក្សាស្រាវជ្រាវ បានយោងទៅលើព័ត៌មានពីអ្នកជំងឺដែលបានទទួលការអះអាងលទ្ធផលហើយថា មានឆ្លងមេរោគទាំងប៉ុន្មាននៅក្នុងប្រទេសចិនមុនថ្ងៃទី8 កុម្ភៈ ឆ្នាំ2020 បានរកឃើញថា តួលេខអ្នកជំងឺក្មេង សរុបស្ថិតក្នុងចំនួន 731នាក់ គិតជាភាគរយគឺ 2.3ភាគរយនៃចំនួនអ្នកឆ្លងមេរោគសរុបទូទាំងប្រទេសចិន។
ក្នុងចំនួននេះ មានកុមារស្លាប់ 1នាក់ ក្មេងដែលមានអាការកម្រិតធ្ងន់ធ្ងរ 3នាក់ ខណៈដែលអ្នកជំងឺក្មេង 709នាក់ទៀត បង្ហាញអាការមិនធ្ងន់ធ្ងរ ដែលគិតជាភាគរយគឺ 97% នៃចំនួនក្មេងឆ្លងមេរោគទាំងអស់។
ហេតុអីបានមេរោគវីរុសកូរ៉ូណាប្រភេទថ្មី មិនបង្កផលអាក្រក់ដល់អវយវៈរបស់ក្មេងតូចៗ?
លោក ហ្គ្រេហ៊ែម រ៉ូប៊ើត អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺប្រតិកម្មចាញ់របស់ស្ថាប័ន ដេវីត ហាយដ៍ ក្នុងទីក្រុងនីវផត នៃប្រទេសអង់គ្លេស បាននិយាយថា “មូលហេតុមួយនៅក្នុងចំណោមមូលហេតុដែលគួរតែអាចទៅរួចនោះគឺ វីរុសត្រូវការប្រូតេអ៊ីននៅលើស្រទាប់ស្បែករបស់កោសិកា ដើម្បីចូលទៅផ្នែកខាងក្នុងរបស់កោសិកា និងចាប់ផ្ដើមបង្កឱ្យកើតមានអាការរោគ ដែលវាអាចទៅរួចថា ក្មេងមានប្រូតេអ៊ីននៅលើស្រទាប់ស្បែកកោសិកា តិចជាងក្នុងប្រព័ន្ធដង្ហើមផ្នែកខាងក្រោម(សួត) តិចជាងផ្លូវដង្ហើមផ្នែកខាងលើ ដែលនេះជាមូលហេតុដែលថា ហេតុអីបានជាក្មេងៗដែលឆ្លងមេរោគ មានអាការត្រឹមតែបរិវេណផ្លូវដង្ហើមផ្នែកខាងលើ(ច្រមុះ មាត់ និងបំពង់ក) មិនចុះទៅដល់សួត រហូតធ្វើឱ្យឆ្លងមេរោគរលាកសួតរុករានដល់ជីវិតដូចមនុស្សចាស់”។
លោក អ៊ែនឌ្រូវ៍ ផលឡាត ប្រធានមជ្ឈមណ្ឌលវ៉ាក់សាំង អុកស្វ៉ដ អ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមអ្នកស្រាវជ្រាវរកវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-19 បានថ្លែងថា មានបច្ច័យជាច្រើនក្នុងប្រព័ន្ធប្រឆាំងជំងឺរបស់ក្មេង ដែលខុសប្លែកពីមនុស្សធំមិនតិចទេ ដែលហុចផលខុសប្លែកពីគ្នាជាមូលដ្ឋាន ពាក់ព័ន្ធនឹងវិធីចាត់ការមេរោគវីរុសនៅលើក្មេង និងមនុស្សធំ។ ប្រព័ន្ធប្រឆាំងជំងឺរបស់ក្មេង នៅតែរីកចម្រើនមិនទាន់ពេញលេញ ហុចផលឱ្យក្រោយពីការព្យាយាមរបស់រាងកាយក្នុងការកម្ចាត់វីរុស មិនកើតសភាវក្ដៅ និងបន្សល់ការខូចខាតធ្ងន់ធ្ងរ(Cytokine storm) នៅលើអវយវៈស្មើនឹងមនុស្សធំឡើយ ទើបមិនបង្កឱ្យកើតគ្រោះថ្នាក់ ឬការខូចគាំងលើអវយវៈជាច្រើនដែលពាក់ព័ន្ធ។
យ៉ាងណាក៏ដោយ លោក ហ្គ្រេហ៊ែម រ៉ូប៊ើត អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺប្រតិកម្មចាញ់របស់ស្ថាប័ន ដេវីត ហាយដ៍ ក្នុងទីក្រុងនីវផត នៃប្រទេសអង់គ្លេស បានទទួលស្គាល់ថា “នៅមានរឿងច្រើនទៀតដែលយើងមិនដឹង ពាក់ព័ន្ធនឹងវីរុសប្រភេទថ្មីនេះ”៕
ប្រភព៖ សារព័ត៌មានបរទេស