បន្ទាប់ពីបានចេញពីមន្ទីរពេទ្យ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានរ៉ាយរ៉ាប់អំពីអំឡុងពេល48ម៉ោងដែលលោកបានប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដោយសារតែអាការរោគដ៏ធ្ងន់ធ្ងរនៃជំងឺCOVID-19ដែលលោកបានឆ្លង។
យោងតាមសារព័ត៌មាន Telegraph នាយករដ្ឋមន្ត្រី Johnson កាលពីថ្ងៃទី12មេសាកន្លងទៅ បានរៀបរាប់ថា “48ម៉ោងដែលអ្វីៗទាំងអស់អាចឆ្ពោះទៅទិសផ្សេង”។ លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាលអង់គ្លេស NHS (National Health Service) “ដែលបានជួយសង្គ្រោះជីវិតខ្ញុំ ជាទង្វើដែលខ្ញុំមិនមានអ្វីអាចប្រកែកបាន”។
លោក Johnson ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីម្សិលមិញ និងបានទៅកាន់ភូមិគ្រឹះ Chequers នៅតំបន់ Buckinghamshire ជាកន្លែងភរិយាកំពុងមានផ្ទៃពោះ(លោកស្រី Carrie Symonds)របស់លោក រស់នៅ។
លោក Johnson និងលោកស្រី Carrie Symonds មិនបានជួបគ្នាអស់មួយរយៈពេល ចាប់តាំងពីលោក Johnson បានឆ្លងវីរុសCOVID-19 កាលពីចុងខែមុន។
មុនពេលទៅកាន់ Chequers ដើម្បីសម្រាកយកកម្លាំង លោក Johnson បានបង្ហោះសារជាវីដេអូមួយ រៀបរាប់អំពីកម្រិតនៃភាពធ្ងន់ធ្ងររបស់ជំងឺដែលលោកបានឆ្លង ជាពេលវេលាដែលអាចគ្រោះថ្នាក់ដល់ជីវិត ហើយលោកក៏បានកោតសរសើរចំពោះបុគ្គលិកសុខាភិបាល(NHS) ដែលបានជួយសង្គ្រោះជីវិត និងថែទាំរូបលោក។
“ថ្ងៃនេះខ្ញុំបានចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេល1សប្ដាហ៍។ នៅទីនោះ ក្រុមបុគ្គលិកសុខាភិបាលបានជួយសង្គ្រោះជីវិតខ្ញុំ។ ខ្ញុំពិតជាពិបាករកពាក្យអ្វីមកសម្ដែងអំពីការដែលខ្ញុំជំពាក់គុណពួកគេខ្លាំងណាស់” នាយករដ្ឋមន្ត្រី Johnson ថ្លែងនៅក្នុងសារខាងលើ។
នាយករដ្ឋមន្ត្រីអង់គ្លេសបានឱ្យដឹងថា លោកបានមើលឃើញផ្ទាល់នឹងភ្នែកនូវ “សម្ពាធដែលបុគ្គលិកសុខាភិបាលកំពុងជួបប្រទះ” ហើយលោកសង្កត់ធ្ងន់ថា NHS នឹងទទួលបានជោគជ័យលើវីរុសCOVID-19។ លោកប្រាប់ថា NHS គឺជាស្ថាប័នល្អបំផុតនៅអង់គ្លេស។
ក្នុងសារខាងលើ លោកនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាលមួយចំនួន ដូចជា “Jenny មកពី នូវែលហ្សេឡង់ និង Luis មកពីព័រទុយហ្គាល់” ផងដែរ។ “ខ្ញុំសង្ឃឹមថា ពួកគេនឹងមិនប្រកាន់នោះទេនៅពេលខ្ញុំរំឭកពីគិលានុបដ្ឋាយិកា2រូបដែលនៅក្បែរខ្ញុំ48ម៉ោង ខណៈដែលអ្វីៗអាចឆ្ពោះទៅទិសផ្សេង”។
“មូលហេតុដែលរាងកាយរបស់ខ្ញុំ ក្នុងដំណាក់កាលចុងក្រោយ អាចមានសុខភាពល្អ នោះគឺដោយសារថា ជារៀងរាល់វិនាទីក្នុងរាត្រី ពួកគេសុទ្ធតែសង្កេតមើល គិតគូរ យកចិត្តទុកដាក់ និងធ្វើអ្វីដែលខ្ញុំត្រូវការ” លោក Johnson ថ្លែងដូច្នេះ។ លោកក៏បានអរគុណដល់ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ St Thomas ដែលបានប្រឹងប្រែងព្យាបាលរូបលោក។
នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានសម្ដែងការគោរពចំពោះការលះបង់របស់សាធារណជន ក្នុងពេលខិតខំធ្វើតាមបទបញ្ជាបម្រាមគោចដ៏លំបាក ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពី3សប្ដាហ៍មុន។
បន្ទាប់ពីលោក Johnson បានចេញពីមន្ទីរពេទ្យ លោកស្រី Carrie Symonds ក៏បានផ្ញើសារថ្លែងអំណរគុណដល់ក្រុមការងារ NHS ផងដែរ។
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឱ្យដឹងថា លោក Johnson នឹងមិនទាន់វិលមកបំពេញភារកិច្ចបានភ្លាមៗនោះទេ៕
ប្រភព៖ សារព័ត៌មានបរទេស