ខណៈដែលវីរុសCOVID-19 កំពុងតែរាលដាលនៅប្រទេសវៀតណាម ពិសេសគឺនៅទីក្រុងហាណូយ និងទីក្រុងសៃហ្គន (ហូជីមិញ) សកម្មភាពមនុស្សធម៌ជាច្រើនត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលទុក្ខលំបាករបស់គ្រួសារក្រីក្រ នោះគឺក៏មានទូរ “ATM អង្ករ” ផងដែរ។
កាលពីព្រឹកមិញ ទូរ “ATM អង្ករ” មួយកន្លែងនៅតំបន់ហាដុង រដ្ឋធានីហាណូយ ត្រូវបានបង្កើតឡើងដោយយកតម្រាប់តាមគំរូ ទូរ “ATM អង្ករ” នៅទីក្រុងហូជីមិញ ដើម្បីធ្វើជាទីតាំងចែកអង្ករដោយមិនគិតថ្លៃដល់ប្រជាជនក្រីក្រដែលកំពុងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារវិបត្តិសុខភាពCOVID-19។ បន្ទាប់ពីចាប់ដំណើរការភ្លាម ពលរដ្ឋក្រីក្រជាច្រើន បាននាំគ្នាមកទទួលអង្ករមនុស្សធម៌ពីទូរ “ATM អង្ករ” នេះ។
សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ពលរដ្ឋដែលមកទទួលអង្ករពីទូរ “ATM អង្ករ”នេះ ដំបូងគឺតម្រូវឱ្យលាងដៃដោយអាល់កុល រួចត្រូវតម្រង់ជួរតាមលំដាប់លំដោយ និងត្រូវគោរពទៅតាមវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCOVID-19 ដែលត្រូវបានកំណត់ដោយរដ្ឋអំណាច និងអ្នកគ្រប់គ្រង “ATM”។
លោក Nguyen Van Thuan តំណាងរបស់ទូរ “ATM អង្ករ” ខាងលើបានឱ្យដឹងថា បន្ទាប់ពីមានការអនុញ្ញាតពីអាជ្ញាធរ លោកក៏បានដំឡើងទូរ “ATM អង្ករ”នេះ។
គណៈកម្មការគ្រប់គ្រងទូរ “ATM អង្ករ” ខាងលើ បានត្រៀមអង្ករចំនួន10តោនដើម្បីផ្ដល់ជូនអ្នកក្រីក្រ។ ពលរដ្ឋដែលមកទទួលអង្ករពីទូរ “ATM អង្ករ” នេះ នឹងទទួលបានអង្ករ1គីឡូក្រាម/លើក។ កម្មវិធីមនុស្សធម៌នេះនឹងបន្តរហូតដល់ថ្ងៃទី15មេសា ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង18ល្ងាចជារៀងរាល់ថ្ងៃ។ លោក Thuan បានបន្តថា “បើសិនជារដ្ឋនៅតែបន្តសុពលភាពនៃបម្រាមគោចរក្នុងតំបន់នេះ ខ្ញុំនិងមិត្តភក្ដិរបស់ខ្ញុំ ក៏នឹងនៅតែបន្តសកម្មភាពមនុស្សធម៌នេះ”។
ទូរ “ATM អង្ករ” ថ្មីមួយនេះ រួមនឹងទូរ “ATM អង្ករ” ជាច្រើនផ្សេងទៀត ត្រូវបានបង្កើតឡើងដោយយោងទៅតាមគំរូ ទូរ “ATM អង្ករ” នៅទីក្រុងសៃហ្គន ភាគខាងត្បូងប្រទេសវៀតណាម។ ទូរ “ATM អង្ករ” នេះ រួមមានប៊ូតុងមួយដែលភ្ជាប់ជាមួយសន្ទះបិទបើកស្វ័យប្រវត្ត និងធុងដាក់អង្ករមួយដែលត្រូវបានបញ្ជាដោយប្រព័ន្ធឆ្លាតវៃ។ ប្រព័ន្ធដំណើរការនេះក៏អាចដឹងបានថា អ្នកដែលមកទទួលអង្ករ ពិតជាអ្នកក្រីក្រមែន ឬអត់ ហើយពួកគេបានមកទទួលអង្ករប៉ុន្មានដងផងដែរ។
អ្នកមកទទួលអង្ករ គ្រាន់តែចុចលើប៊ូតុងមួយ នោះអង្ករក្នុងទូរ “ATM អង្ករ” នឹងហូរចេញមកទៅតាមបរិមាណដែលបានកំណត់៕
ប្រភព៖ សារព័ត៌មានបរទេស