ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ជិត1.8លាននាក់ អ្នកស្លាប់ជាង108,000នាក់ ក្នុងនោះសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែជាសម្បុកមេរោគធំជាងគេ។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ពិភពលោកបច្ចុប្បន្នបានរកឃើញអ្នកឆ្លងមេរោគCOVID-19សរុប1,767,855នាក់ និងអ្នកស្លាប់ដោយសារមេរោគនេះសរុប108,281នាក់នៅក្នុងប្រទេស និងដែនដីចំនួន210 ដោយអ្នកផ្ទុកមេរោគកើន76,136នាក់ និងអ្នកស្លាប់កើន6,145នាក់ បើធៀបនឹងម្សិលមិញ។ អ្នកជំងឺបានជាសះស្បើយមានចំនួន401,873នាក់។
សហរដ្ឋអាមេរិកជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ ដោយមានអ្នកជំងឺសរុប524,903នាក់ និងស្លាប់សរុប20,389នាក់ ក្នុងនោះអ្នកស្លាប់ថ្មីមានចំនួនជាង2,000នាក់។
អេស្ប៉ាញ៖ ប្រទេសនេះជាសម្បុកមេរោគធំជាងគេនៅអឺរ៉ុប និងលំដាប់ទី2នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ អេស្ប៉ាញមានអ្នកជំងឺសរុប161,852នាក់ និងអ្នកស្លាប់សរុប16,480នាក់ ក្នុងនោះអ្នកជំងឺថ្មីមានចំនួន3,579នាក់ និងអ្នកស្លាប់ថ្មីមាន399នាក់។
អ៊ីតាលីមានអ្នកជំងឺសរុប152,271នាក់ និងអ្នកស្លាប់សរុបមាន19,468នាក់។ អ្នកជំងឺថ្មី4,694នាក់ និងអ្នកស្លាប់ថ្មី619នាក់។
បារាំងគឺជាសម្បុកមេរោគធំជាងគេលំដាប់ទី4ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប130,727នាក់ និងអ្នកស្លាប់សរុប13,851នាក់ ក្នុងនោះមានអ្នកជំងឺថ្មី5,858នាក់ និងអ្នកស្លាប់ថ្មី654នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺសរុប124,288នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន2,767នាក់ និងអ្នកជំងឺថ្មី2,117នាក់។
អង់គ្លេសគឺជាសម្បុកមេរោគធំជាងគេទី5នៅអឺរ៉ុប៖ អ្នកជំងឺសរុប79,874នាក់ និងអ្នកស្លាប់សរុប9,892នាក់ ក្នុងនោះអ្នកស្លាប់ថ្មីមាន934នាក់។
ប្រទេសចិនទើបតែបានរកឃើញអ្នកជំងឺថ្មី97នាក់ ទាំងអស់នេះសុទ្ធតែជាអ្នកជំងឺនាំចូល ក្នុងនោះមាន63នាក់ជាករណីមិនមានរោគសញ្ញា។ ចិនមានអ្នកជំងឺសរុប82,052នាក់ និងអ្នកស្លាប់សរុប3,339នាក់។ ប្រទេសនេះមិនមានអ្នកស្លាប់ថ្មីទៀតនោះទេ។
អ៊ីរ៉ង់ជាសម្បុកមេរោគធំជាងគេទី2អាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប70,029នាក់ និងអ្នកស្លាប់សរុប4,357នាក់៕
ប្រភព៖ សារព័ត៌មានបរទេស