ភាពតានតឹងបានបន្តកើនឡើង នៅពេលកោះតៃវ៉ាន់ចោទប្រកាន់ WHO ថា បានលេងពាក្យនៅក្នុងអ៊ីម៉េលដែលបានបង្កភាពចម្រូងចម្រាសកាលពីចុងឆ្នាំ2019 ទាក់ទិននឹងបញ្ហាវីរុសCOVID-19។
“ប្រភពព័ត៌មាននានានៅថ្ងៃនេះឱ្យដឹងថា យ៉ាងហោចណាស់មាន9ករណីរលាកសួតចម្លែកត្រូវបានរាយការណ៍នៅទីក្រុង Wuhan” មេដឹកនាំស្ថាប័នសុខាភិបាលតៃវ៉ាន់ Chen Shih-chung នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតៃប៉ិ នាថ្ងៃនេះ បានអានសារក្នុងអ៊ីម៉េលមួយដែលតៃវ៉ាន់បានផ្ញើទៅកាន់អង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃតី31ធ្នូ ឆ្នាំ2019។
លោក Chen Shih-chung បន្តអានសារខាងលើ “បណ្ដាស្ថាប័នសុខាភិបាលនៅទីក្រុង Wuhan បានឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានថា 9ករណីនេះត្រូវបានជឿថាមិនមែនជា SARS(ជំងឺផ្លូវដង្ហើមម្យ៉ាង)នោះទេ ប៉ុន្តែ កំពុងពិនិត្យទៅលើសំណាកវត្ថុវិភាគទាំងនេះ ហើយអ្នកជំងឺត្រូវបានដាក់ឱ្យនៅដោយឡែក។ ខ្ញុំពិតជាពេញចិត្តក្នុងការស្ដាប់ បើសិនអស់លោកមានព័ត៌មានទាក់ទិន ចែករំលែកមកយើងខ្ញុំ”។
ខ្លឹមសារនៃអ៊ីម៉េលត្រូវបានភាគីតៃវ៉ាន់ប្រកាសបន្ទាប់ពី WHO ថ្ងៃនេះបានឱ្យដឹងថា អ៊ីម៉េលដែល WHO បានទទួលពីតៃវ៉ាន់ មិនបាននិយាយដល់បញ្ហាវីរុសឆ្លងពីមនុស្សទៅមនុស្សនោះទេ។ កាលពីខែមុន កោះតៃវ៉ាន់បាននិយាយថា ពួកគេមិនបានទទួលការឆ្លើយតបពី WHO ទៅនឹងអ៊ីម៉េលដែលបានផ្ញើកាលពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ទាក់ទិននឹងអាសន្នរោគនៅទីក្រុង Wuhan ក្នុងនោះមានសំណួរដែលសួរអំពីថាតើវីរុសអាចឆ្លងពីមនុស្សទៅមនុស្សដែរ ឬអត់ផងដែរ។
WHO ឱ្យដឹងថា “យើងសួរពួកគេថា តើពួកគេបញ្ជូនព័ត៌មាននោះមកកាន់យើងខ្ញុំដោយរបៀបណា បើយើងខ្ញុំទទួលបានតែអ៊ីម៉េលមួយដែលមិនបាននិយាយដល់បញ្ហាឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែពួកគេមិនបានឆ្លើយតប”។
លោក Chen បានច្រានចោលការប្រកាសរបស់ WHO ដោយលោកនិយាយថា អ្នកជំនាញផ្នែកសុខាភិបាលណាក៏ដឹងអំពីករណីដែលត្រូវដាក់ឱ្យនៅដោយឡែកនោះដែរ។ លោកបន្តថា WHO កំពុងតែលេងពាក្យសម្ដី។ “បើសិនជាត្រូវបានព្យាបាលដោយដាក់ឱ្យនៅដោយឡែកមិនមែនជាការព្រមាន តើវាជាអ្វី?”។
តៃវ៉ាន់ ធ្លាប់ជាអ្នកសង្កេតការណ៍របស់ WHO ប៉ុន្តែ តាំងពីលោកស្រី Tsai Ing-wen ឡើងដឹកនាំកោះតៃវ៉ាន់ចាប់ពីឆ្នាំ2016 តៃវ៉ាន់បានបាត់បង់តួនាទីជាអ្នកសង្កេតការនេះ ដោយសារមានការជំទាស់ពីប្រទេសចិន។
ប្រទេសចិនតែងចាត់ទុកតៃវ៉ាន់ជាដែនដីមួយផ្នែករបស់ខ្លួន និងអះអាងថា កោះនេះមិនមានសិទ្ធិចូលរួមក្នុងស្ថាប័នអន្តរជាតិណាមួយនោះឡើយ។ តៃវ៉ាន់យល់ថា ប្រការនេះហើយ ដែលបានដកហូតឱកាសបញ្ជូនសារទាន់ពេលដើម្បីទប់ស្កាត់វីរុស ហើយតៃវ៉ាន់ក៏បានចោទប្រកាន់ WHO ថា មិនបានអើពើដល់ការព្រមានពីដំបូងរបស់កោះតៃវ៉ាន់នៅក្នុងបញ្ហាCOVID-19។
កាលពីថ្ងៃទី12មករា WHO បានឱ្យដឹងថា មិនមានភ័ស្តុតាងច្បាស់លាស់អំពីការដែលថាវីរុសអាចឆ្លងពីមនុស្សទៅមនុស្ស។ ថ្ងៃទី 20មករា ប្រទេសចិនបញ្ជាក់ថា វីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្ស។ ប៉ុន្តែ តៃវ៉ាន់សង្ស័យលើព័ត៌មានពីប្រទេសចិន ហើយបានធ្វើការចម្រាញ់ជ្រើសរើសអ្នកដែលមកពីទីក្រុង Wuhan ចាប់ពីថ្ងៃទី31ធ្នូ2019។ តៃវ៉ាន់ក៏បានធ្វើសកម្មភាពបន្ទាន់ចាប់ពីថ្ងៃទី2មករា ដែលប្រការនេះត្រូវបានអ្នកជំនាញវាយតម្លៃថា បានជួយឱ្យតៃវ៉ាន់គ្រប់គ្រងការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាព។
តៃវ៉ាន់បច្ចុប្បន្ន មានអ្នកជំងឺ COVID-19 ជិត390នាក់ ក្នុងនោះមាន6នាក់បានបាត់បង់ជីវិត៕
ប្រភព៖ Reuters