ប្រធានាធិបតីសហរដ្ឋអាមេរិកបានចេញបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល និងកងទ័ពអាមេរិកាំង ជួយប្រទេសអ៊ីតាលីក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសCOVID-19 ដោយការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងជំនួយមនុស្សធម៌។
នៅក្នុងលិខិតមួយដែលបានផ្ញើទៅកាន់ក្រុមមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិកកាលពីម្សិលមិញ ប្រធានាធិបតី Donald Trump ស្នើឱ្យកងទ័ពអាមេរិកាំងនៅអ៊ីតាលី ចាប់ផ្ដើមធ្វើយុទ្ធនាការព្យាបាលអ្នកជំងឺ និងជួយដល់ការសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន រួមនឹងការដឹកជញ្ជូនសម្ភារផ្នែកសុខាភិបាល។ល។
លោក Trump ក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wilbur Ross ជំរុញឱ្យបណ្ដាក្រុមហ៊ុន លក់សម្ភារសុខាភិបាលទៅតាមការស្នើរបស់ក្រុមមន្ត្រីនៃប្រទេសអ៊ីតាលី លើកលែងតែផលិតផលដែលសហរដ្ឋអាមេរិកកំពុងខ្វះខាតក្នុងការទប់ទល់នឹងCOVID-19។ ក្រសួងការបរទេស ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក និងធនាគារអាហរ័ណនីហរ័ណអាមេរិក ក៏ទទួលបានសិទ្ធិប្រើប្រាស់រាល់ធនធានដើម្បីជួយសង្គ្រោះខឿនសេដ្ឋកិច្ចនៃប្រទេសអ៊ីតាលីផងដែរ។
លោក Trump ថ្លែងថា “អ៊ីតាលី ដែលជាប្រទេសសម្ព័ន្ធមិត្តមួយដ៏ជិតស្និទ្ធ និងយូរអង្វែងបំផុតរបស់សហរដ្ឋអាំមេរិក កំពុងត្រូវបានវាយប្រហារដែល COVID-19 និងបានរាយការណ៍ថាមានអ្នកស្លាប់ដល់ទៅ18,000នាក់។ មេរោគរាតត្របាតសកលនេះ បានបណ្ដាលឱ្យប្រព័ន្ធសុខាភិបាលរបស់ពួកគេ ស្ថិតក្បែរមាត់ជ្រោះ និងអាចរុញច្រានសេដ្ឋកិច្ចប្រទេសនេះធ្លាប់ទៅក្នុងវិបត្តិ”។ នេះបើតាមសារព័ត៌មាន Reuters។
គិតមកដល់ពេលនេះ ប្រទេសអ៊ីតាលីបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង147,500នាក់ ក្នុងនោះមានអ្នកជំងឺជិត19,000នាក់បានបាត់បង់ជីវិត។ ក្រុមអ្នកជំនាញយល់ថា តួលេខនៃករណីឆ្លងវីរុស និងស្លាប់ លែងកើនឡើងយ៉ាងគំហុកដូចមុន ប៉ុន្តែវាក៏មិនទាន់ថយចុះខ្លាំងនោះដែរ ហើយអ៊ីតាលីនៅតែជា “វាលពិឃាត” របស់វីរុសCOVID-19 ធំជាងគេបង្អស់នៅក្នុងពិភពលោក។ រដ្ឋាភិបាលអ៊ីតាលីបានចេញបម្រាមគោចរទូទាំងប្រទេសចាប់ពីថ្ងៃទី9មីនា ដោយស្នើឱ្យប្រជាជននៅតែក្នុងផ្ទះ ព្រមទាំងបានផ្អាកដំណើរការរាល់អាជីវកម្មមិនចាំបាច់ផងដែរ។
នៅទូទាំងពិភពលោក មកដល់បច្ចុប្បន្ន មានអ្នកស្លាប់ដោយសារវីរុសCOVID-19 ជាង102,780នាក់ ក្នុងចំំណោមអ្នកផ្ទុកវីរុសជាង1,699,400នាក់ ខណៈអ្នកជំងឺបានជាសះស្បើយមានចំនួន 377,040នាក់៕
ប្រភព៖ សារព័ត៌មានបរទេស