ក្រុមហ៊ុនជីវសាស្ត្រ CanSino Biologics ជ្រើសរើសអ្នកស្ម័គ្រចិត្ត500នាក់ ដើម្បីពិសោធវ៉ាក់សាំងCOVID-19 ដំណាក់កាលទី2។
ក្រុមហ៊ុនខាងលើនេះ សហការជាមួយមន្ទីរបច្ចេកវិទ្យាជីវសាស្ត្រនៅវិទ្យាស្ថានវិទ្យាសាស្ត្រនៃពេទ្យយោធាចិន ចាប់ផ្ដើមដំណាក់កាលទី2នៃការពិសោធន៍វ៉ាក់សាំងនៅលើមនុស្ស បន្ទាប់ពីទិន្នន័យប្រមូលបានពីការសាកល្បងដំណាក់កាលដំបូងបង្ហាញថាមានសុវត្ថិភាព។ នេះបើតាមរបាយការណ៍របស់ CanSino Biologics ដែលចេញផ្សាយកាលពីថ្ងៃទី9មេសា។
រយៈពេលនៃការអភិវឌ្ឍវ៉ាក់សាំង តែងតែត្រូវចំណាយពេលជាច្រើនឆ្នាំទើបអាចទទួលបានជោគជ័យ។ អ្នកវិទ្យាសាស្ត្រជាច្រើនប្រទេសនៅក្នុងពិភពលោក កំពុងប្រជែងគ្នាធ្វើការអភិវឌ្ឍជាច្រើនដែលមានសក្ដានុពល ក្នុងអំឡុង COVID-19 កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
នៅប្រទេសចិនដំណាក់កាលដំបូងនៃការពិសោធ ក្រុមហ៊ុន CanSino បានចាក់វ៉ាក់់សាំងការពារវីរុសCOVID-19 ទៅលើអ្នកស្ម័គ្រចិត្តចំនួន108នាក់ នៅទីក្រុងWuhan ចាប់ពីថ្ងៃទី18មីនាដល់ថ្ងៃទី2មេសា។ ពួកគេត្រូវចែកជា3ក្រុម និងត្រូវបានចាក់វ៉ាក់សាំងពីបរិមាណទាបទៅខ្ពស់ ដើម្បីវាយតម្លៃប្រសិទ្ធភាព និងសុវត្ថិភាព។
ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការពិសោធដំណាក់កាលដំបូង មានផលវិបាកខ្លះៗនៅលើក្រុមដែលប្រើបរិមាណខ្ពស់ ដោយពួកគេត្រូវក្ដៅខ្លួន38.5អង្សាសេ។ អាការគ្រុនក្ដៅនេះកើតឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំង តែវាបាត់ទៅវិញក្រោយរយៈពេល24ម៉ោង។
ក្នុងដំណាក់កាលទី2នេះ ក្រុមអ្នកវិទ្យាសាស្ត្រនឹងសាកល្បងចាក់វ៉ាក់សាំងក្នុងបរិមាណទាប និងមធ្យម។ អ្នកស្ម័គ្រចិត្ត250នាក់នឹងត្រូវចាក់វ៉ាក់សាំងក្នុងបរិមាណមធ្យម ខណៈដែល125នាក់ទៀតត្រូវចាក់ក្នុងបរិមាណទាប ចំណែក125នាក់ផ្សេងទៀតនឹងត្រូវចាក់ថ្នាំវ៉ាក់សាំងក្លែងក្លាយ Placebo(Placebo គឺជាថ្នាំដែលមិនមានប្រសិទ្ធភាពអ្វីទាំងអស់ទៅលើជំងឺ ដោយសារវាមិនមានផ្ទុកសារធាតុជាឱសថអ្វីនោះទេ។ គេប្រើថ្នាំនេះទៅលើអ្នកជំងឺ/អ្នកស្ម័គ្រចិត្តក្នុងការពិសោធឱសថថ្មី ក្នុងលក្ខខណ្ឌអ្នកជំងឺ/ស្ម័គ្រចិត្តមិនដឹងថាខ្លួនត្រូវចាក់ថ្នាំក្លែងក្លាយ Placeboនេះនោះឡើយ)។
ការពិសោធវ៉ាក់សាំងនៅលើមនុស្សមាន3ដំណាក់កាល។ ដំណាក់កាលដំបូង គឺពិសោធទៅលើក្រុមមនុស្សដែលមានចំនួនតិចដើម្បីបញ្ជាក់ថាផលិតផលមានសុវត្ថិភាព។ ដំណាក់កាលទី2 គឺគេត្រូវពិសោធទៅលើអ្នកស្ម័គ្រចិត្តច្រើនជាងដំណាក់កាលដំបូង ដែលជាទូទៅគឺរាប់រយនាក់ ដើម្បីពិនិត្យទៅលើសុវត្ថិភាព ប្រសិទ្ធភាព និងកំណត់ផែនការចាក់វ៉ាក់សាំង។ ដំណាក់កាលទី3 គេត្រូវពិសោធលើមនុស្សច្រើនជាងដំណាក់កាលទី2 ដើម្បីបានយល់កាន់តែច្បាស់អំពីប្រសិទ្ធភាពក្នុងការការពារការឆ្លងវីរុសនៅលើរាងកាយមនុស្ស។
អ្នកស្ម័គ្រចិត្តក្នុងដំណាក់កាលទី2នេះ ត្រូវមានអាយុពី18ដល់60ឆ្នាំ និងមិនធ្លាប់ឆ្លងវីរុសCOVID-19 ឬប្រតិកម្មជាមួយវ៉ាក់សាំង។
កាលពីថ្ងៃទី16មីនា វិទ្យាស្ថានសុខាភិបាលជាតិអាមេរិកាំង សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Moderna បានធ្វើការសាកល្បងវ៉ាក់សាំងរបស់ពួកគេនៅលើអ្នកស្ម័គ្រចិត្ត45នាក់ដែលមានអាយុចាប់ពី18ដល់55ឆ្នាំ ដោយចំណាយពេល6សប្ដាហ៍។ ចំណែកក្រុមហ៊ុនមួយទៀតរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Inovio ក៏បានឱ្យដឹងថា ពួកគេនឹងធ្វើការពិសោធវ៉ាក់សាំងCOVID-19 នៅលើអ្នកស្ម័គ្រចិត្ត40នាក់ នៅក្នុងសប្ដាហ៍នេះផងដែរ៕
ប្រភព៖ SCMP