មឈូសចំនួន45ដែលមានដាក់សាកសពអ្នកជំងឺCOVID-19 ត្រូវបានគេបញ្ចុះជាក្រុមនៅលើកោះ Hart ក្នុងរដ្ឋ New York ព្រោះតែពុំមានអ្នកផ្ទះមកទទួល។
មឈូសជាច្រើនដែលមានដាក់ឈ្មោះ ដូចជា “Abraham” និង “Rogers” ជាដើម ត្រូវបានអ្នកទោសនៅពន្ធនាគារ Riker’s Island លើកោះ Hart ស្រុក Bronx នៅភាគខាងកើតទីក្រុង New York លើកចេញពីរថយន្តដឹកទំនិញក្លាសេត្រជាក់ រួចហើយក៏បានបញ្ចុះនៅលើវាលបញ្ចុះសពថ្មីមួយនៅលើកោះ កាលពីថ្ងៃទី9មេសាកន្លងទៅ។
សូមរំឭកថា កោះ Hart ធ្លាប់ជាកន្លែងបញ្ចុះសាកសពរបស់ជនរងគ្រោះក្នុងអាសន្នរោគផ្ដាសាយអេស្ប៉ាញ កាលពីឆ្នាំ1919។ យោងតាមនាយកដ្ឋានកែសម្រួល ដែលជាអ្នកត្រួតពិនិត្យសកម្មភាពបញ្ចុះសពនៅលើកោះនេះអស់រយៈ150ឆ្នាំកន្លងទៅហើយនោះ បានឱ្យដឹងថា សាកសពប្រមាណជា25នាក់ ត្រូវបានបញ្ចុះជារៀងរាល់ថ្ងៃព្រហស្បតិ៍នៅលើកោះ Hart។ ក៏ប៉ុន្តែ តួលេខនេះបានកើនឡើង3ដងនៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
លេខាផ្នែកសារព័ត៌មានរបស់អភិបាលក្រុង New York អ្នកស្រី Freddi Goldstein បានឱ្យដឹងថា បើសិនជាអាជ្ញាធរទាក់ទងទៅកាន់អ្នកផ្ទះរបស់សាកសពបានក្នុងអំឡុង14ថ្ងៃ នោះសាកសពនឹងមិនត្រូវបានបញ្ជូនទៅកាន់កោះ Hart នោះទេ។ ប៉ុន្តែ បើសិនជាផ្ទុយពីនេះ នោះសាកសពនឹងត្រូវបានដឹកទៅកាន់កោះ ហើយបញ្ចុះនៅទីនោះ។
“គោលដៅរបស់យើងគឺដើម្បីបញ្ចៀសស្ថានភាពដូចនៅប្រទេសអ៊ីតាលី ជាកន្លែងដែលកងទ័ពត្រូវប្រមូលសាកសពពីវិហារ និងតាមដងផ្លូវក្នុងក្រុង” នេះបើតាមលោក Mark Levine ប្រធានគណៈកម្មការសុខាភិបាលក្រុង New York។
រដ្ឋ New York គឺជាសម្បុកមេរោគធំបំផុតរបស់សហរដ្ឋអាមេរិក ដោយមានអ្នកជំងឺជិត160,000នាក់ និងស្លាប់ជាង7,000នាក់ដោយសារវីរុសCOVID-19 ដែលចំនួនអ្នកស្លាប់នេះជិតស្មើនឹងពាក់កណ្ដាលនៃអ្នកស្លាប់ទូទាំងសហរដ្ឋអាមេរិក។ ដោយឡែកនៅទីក្រុង New Yorkវិញ មានអ្នកជំងឺជាង87,000នាក់ (ច្រើនជាងប្រទេសចិនទៅទៀត) ក្នុងនោះមានអ្នកស្លាប់ជាង4,700នាក់៕
ប្រភព៖ សារព័ត៌មានបរទេស