សហរដ្ឋអាមេរិកបានចោទប្រកាន់ថា អង្គការសុខភាពពិភពលោក(WHO) បានមើលបញ្ហានយោបាយធំជាងបញ្ហាសុខភាពសាធារណៈ នៅពេលអង្គការនេះមិនបានយកចិត្តទុកដាក់ទៅលើការព្រមានដំបូងរបស់កោះតៃវ៉ាន់អំពីវីរុសCOVID-19។
សហរដ្ឋអាមេរិក “មានការព្រួយបារម្ភខ្លាំងណាស់អំពីបញ្ហាព័ត៌មានរបស់តៃវ៉ាន់ដែលត្រូវបានគេលាក់បាំងពីសហគមន៍សុខាភិបាលសកល។ ប្រការនេះត្រូវបានបង្ហាញដោយការប្រកាសកាលពីថ្ងៃទី14មករា របស់ WHO ថា មិនមានសញ្ញា COVID-19 ដែលឆ្លងពីមនុស្សទៅមនុស្ស” នេះបើតាមសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី9មេសា។
ក្រសួងការបរទេសអាមេរិកាំងយល់ថា WHO ធ្វើសកម្មភាពយឺតយ៉ាវខ្លាំងពេកក្នុងការប្រកាសព្រមានអំពី COVID-19 ព្រមទាំងការពារប្រទេសចិនដោយហួសហេតុ។ ទន្ទឹមនឹងនេះ អាមេរិកាំងក៏បានដាក់ជាសំណួរទាក់ទិននឹងមូលហេតុដែល WHO មិនយកចិត្តទុកដាក់លើការព្រមានកាលពីដំបូងរបស់កោះតៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថ្លែងថា “WHO សាជាថ្មីម្ដងទៀត បានយកបញ្ហានយោបាយធំជាងបញ្ហាសុខាភិបាលសាធារណៈ”។ អ្នកនាំពាក្យរូបនេះក៏បានរិះគន់ WHO ផងដែរ ព្រោះតែបានបដិសេធតួនាទីជាអ្នកសង្កេតការណ៍របស់តៃវ៉ាន់នៅក្នុងអង្គការសុខភាពពិភពលោកតាំងពីឆ្នាំ2016។ “សកម្មភាពរបស់ WHO បានធ្វើឱ្យខាតបង់ពេលវេលា និងអាយុជីវិតមនុស្សយ៉ាងច្រើន”។
កោះតៃវ៉ាន់ ដែលជាដែនដីដែលទទួលបានជោគជ័យច្រើនក្នុងការទប់ស្កាត់COVID-19 ដោយមានអ្នកឆ្លងមេរោគត្រឹមតែ380នាក់ និងស្លាប់5នាក់បើទោះជាមានទីតាំងភូមិសាស្ត្រក្បែរប្រទេសចិន បានព្រមាន WHO កាលពីថ្ងៃទី31ធ្នូរ2019 អំពីលទ្ធភាពឆ្លងពីមនុស្សទៅមនុស្សរបស់វីរុសCOVID-19។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់ Chen Chien-Jen។
លោក Chen Chien-Jen ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លង ធ្លាប់បានប្រាប់សារព័ត៌មាន Financial Times ថា ក្រុមវេជ្ជបណ្ឌិតតៃវ៉ាន់ដឹងថា អ្នករួមអាជីពរបស់ពួកគេនៅឯទីក្រុង Wuhan បានឆ្លងវីរុស ក៏ប៉ុន្តែ WHO មិនបានធ្វើសកម្មភាពដើម្បីបញ្ជាក់អំពីការរកឃើញនេះនោះទេ។
ប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ជាចំណែកមួយនៃដែនដីរបស់ខ្លួនដែលរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ បើទោះត្រូវប្រើកម្លាំងទ័ព។ កោះតៃវ៉ាន់ធ្លាប់មានតួនាទីជាអ្នកសង្កេតការណ៍នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ WHO។ ក៏ប៉ុន្តែ ឥទ្ធិពលពីទីក្រុងប៉េកាំងក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ បានរុញកោះតៃវ៉ាន់ចេញពីអង្គការអន្តរជាតិធំៗរបស់ពិភពលោក។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃទី8មេសា បានចោទប្រកាន់តៃវ៉ាន់ថាជាអ្នកនាំអាទិ៍ក្នុងការរិះគន់មកលើរូបលោក។ ប៉ុន្តែ កោះតៃវ៉ាន់បានបដិសេធការចោទប្រកាន់នេះ ហើយស្នើឱ្យ Tedros បកស្រាយ និងសុំទោស។
នៅក្នុងអត្ថបទដែលបង្ហោះលើបណ្ដាញសង្គម Facebook កាលពីម្សិលមិញ មេដឹកនាំកោះតៃវ៉ាន់ Tsai Ing-wen បានអញ្ជើញ Tedros មកកាន់កោះតៃវ៉ាន់ និងរៀនសូត្រអំពីវិធីទប់ទល់នឹងមេរោគរាតត្បាតពីកោះនេះ។ លោកស្រី Tsai Ing-wen ថ្លែងថា “យើងត្រូវបានរុញច្រានចេញពីអង្គការអន្តរជាតិនានាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដូច្នេះ យើងដឹងច្បាស់អំពីអារម្មណ៍ដែលត្រូវគេរើសអើង និងដាក់ឱ្យនៅឯកោច្រើនជាងអ្នកណាៗទាំងអស់”។
ចំណែកប្រទេសចិនឯណេះវិញ បានប្រតិកម្ម និងបដិសេធការបញ្ចេញមតិរបស់មេដឹកនាំកោះតៃវ៉ាន់ ហើយចោទកោះនេះថា បានចូលរួម “ឧបាយកលនយោបាយ” ដែលធ្វើទៅលើ WHO។ “គោលបំណងរបស់ពួកគេ គឺស្វែងរកឯករាជតាមរយៈអាសន្នរោគ។ យើងប្ដេជ្ញាបដិសេធចោលប្រការនេះ ហើយផែនការរបស់ពួកគេនឹងមិនបានសម្រេចនោះទេ” នេះបើតាមសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន។
មនុស្សជាច្រើន រួមទាំងមន្ត្រីជាន់ខ្ពស់នានារបស់សហរដ្ឋអាមេរិក យល់ថា ក្រោមការដឹកនាំរបស់ Tedros អង្គការ WHO មានភាពជិតស្និទ្ធខ្លាំងពេកជាមួយនឹងប្រទេសចិន។ ប្រធានាធិបតី Donald Trump ថែមទាំងបាននិយាយថា WHO “លម្អៀងទៅរកប្រទេសចិន” ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ លោក Tedros បានបដិសេធការចោទប្រកាន់នេះ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះក៏បានអំពាវនាវពិភពលោកទាំងមូល ឱ្យសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស និងមិនគួរយករឿងសុខភាពទៅភ្ជាប់ជាមួយរឿងនយោបាយនោះទេ៕
ប្រភព៖ AFP