ប្រទេសសិង្ហបុរី បានអះអាងថា រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ថែមទៀត 287នាក់ កាលពីថ្ងៃព្រហស្បតិ៍(ទី9មេសា)ម្សិលមិញ គឺជាចំនួនអ្នកឆ្លងមេរោគប្រចាំថ្ងៃដែលខ្ពស់បំផុត រាប់ចាប់ពីមេរោគកូវីដ-19 ចាប់ផ្ដើមឆ្លងរាតត្បាតនៅក្នុងប្រទេសមួយនេះ ដែលបណ្ដាលឱ្យចំនួនអ្នកឆ្លងមេរោគកំណាចនេះកើនដល់ 1,910នាក់ បើទោះជាសិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រើវិធានការបែបតឹងរ៉ឹងបំផុតក្នុងការទប់ទល់នឹងឆ្លងរាលដាលក៏ដោយ។
ក្នុងចំណោមអ្នកឆ្លងមេរោគថ្មីទាំងនោះ មានជាង 200នាក់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៅក្នុងបន្ទប់ស្នាក់នៅរបស់ពលករចំណាកស្រុកបរទេស ដោយសិង្ហបុរី បានបង្ខាំងពលករចំនួនរាប់ពាន់ឱ្យនៅដាច់ដោយឡែកនៅតាមបន្ទប់ស្នាក់ផ្សេងៗ ក្រោយពីមនុស្សទាំងអស់នោះ មានការពាក់ព័ន្ធនឹងអ្នកឆ្លងមេរោគកូវីដ-19 ជាច្រើនករណី។
រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នេះរួចហើយ 6នាក់ ហើយអាជ្ញាធរក៏កំពុងតែស៊ើបអង្កេតករណីការស្លាប់របស់មនុស្សទី7 ដែលឆ្លងមេរោគនេះ តែក៏មានអាការជ្រៀតជ្រែកពីរោគផ្សេងៗទៀតផងដែរ។
តួលេខអ្នកឆ្លងមេរោគថ្មីក្នុងប្រទេសសិង្ហបុរី ក្នុងថ្ងៃព្រហស្បតិ៍(ទី9មេសា) កើនឡើងជាងទ្វេដងពីមួយថ្ងៃមុនហ្នឹង ដោយនៅថ្ងៃពុធ(ទី8មេសា) សិង្ហបុរីបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងមេរោគថ្មីត្រឹមតែ 142នាក់ប៉ុណ្ណោះ។
សិង្ហបុរី ជាប្រទេសមួយ ដែលទទួលបានការកោតសរសើរ ក្នុងរឿងការចាត់វិធានការទប់ស្កាត់មេរោគវីរុសដ៏មានប្រសិទ្ធភាព ទាំងការត្រួតពិនិត្យលម្អិតពលរដ្ឋចំនួនដ៏ច្រើន រួមទាំងការតាមដានអ្នកដែលធ្លាប់ប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-19 ទៀតផង។
កាលពីអំឡុងចុងសប្ដាហ៍កន្លងទៅ រដ្ឋបាលសិង្ហបុរីបានបញ្ជាបិទសាលារៀនគ្រប់កន្លែង និងទីកន្លែងធ្វើការភាគច្រើន ព្រមទាំងបញ្ជាឱ្យប្រជាជនសម្ងំនៅតែក្នុងផ្ទះ ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 តែយ៉ាងណាក៏ដោយ ទីបំផុត តួលេខអ្នកឆ្លងជំងឺ ក៏កើនឡើងខ្ពស់បំផុត លុបស្ថិតិកាលពីពេលកន្លងទៅ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កាលពីពេលមុនហ្នឹង រដ្ឋបាលសិង្ហបុរី បានចេញបញ្ជាជាថ្មី ឱ្យប្រជាជនស្ថិតនៅឆ្ងាយពីគ្នានៅក្នុងទីសាធារណៈ យ៉ាងហោចណាស់ 1ម៉ែត្រ។ ចាប់តាំងពីថ្ងៃសុក្រ ទី27 មីនារហូតមក មួយផ្នែកនៃវិធានការការពារការឆ្លងរាលដាលមេរោគកូវីដ-19 និងនរណាក៏ដោយដែលល្មើសបទបញ្ជារក្សាគម្លាតឆ្ងាយពីគ្នានេះ អាចនឹងដល់ថ្នាក់ត្រូវជាប់ពន្ធនាគារ។
អ្នកល្មើសបទបញ្ជា នឹងមានទោសពិន័យប្រាក់ខ្ពស់បំផុត 20,000ដុល្លារសិង្ហបុរី(ប្រហែល 7,000ដុល្លារអាមេរិក) ឬជាប់ពន្ធនាគារ 6ខែ ឬទាំងពិន័យ និងជាប់ពន្ធនាគារ ដោយបទបញ្ជានេះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី30 ខែមេសានេះ សម្រាប់ប្រជាជនគ្រប់រូប៕
ប្រភព៖ សារព័ត៌មានបរទេស