យោងតាមស្ថិតតិមួយដែលបានប្រកាសថ្មីៗនេះថា យ៉ាងហោចណាស់មានវេជ្ជបណ្ឌិតចំនួន100នាក់បានបាត់បង់ជីវិតព្រោះតែមេរោគCOVID-19 នៅក្នុងចំណោមបុគ្គលិកសុខាភិបាល13,522នាក់ដែលបានឆ្លងវីរុសដ៏កាចសាហាវនេះ។
សារព័ត៌មាន CNN ដកស្រង់ស្ថិតិរបស់សមាគមវេជ្ជបណ្ឌិតអ៊ីតាលី ដែលបានប្រកាសក្នុងថ្ងៃទី9មេសាឱ្យដឹងថា វេជ្ជបណ្ឌិតអ៊ីតាលីយ៉ាងតិច100នាក់ បានស្លាប់ដោយសារឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(COVID-19)។ ក្នុងចំណោមវេជ្ជបណ្ឌិតដែលបានស្លាប់នេះ គឺមាន80% ធ្វើការនៅអ៊ីតាលីភាគខាងជើង ជាតំបន់ដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតក្នុងវិបត្តិសុខភាពនេះ។
គិតមកដល់ថ្ងៃទី8មេសា បុគ្គលិកសុខាភិបាលនៃប្រទេសអ៊ីតាលីចំនួន13,552នាក់បានឆ្លងវីរុសCOVID-19 ដែលនេះគឺយោងទៅតាមទិន្នន័យដែលត្រូវបានប្រកាសដោយវិទ្យាស្ថានសុខាភិបាលអ៊ីតាលី។
“យើងមិនធ្លាប់បានឃើញក្រុមគិលានុបដ្ឋាក ធ្វើការលើសកម្លាំងដល់កម្រិតនេះនោះទេ ពិសេសគឺអ្នកដែលធ្វើការនៅកន្លែងព្យាបាលពិសេស។ ពួកគេមិនមានពេលដើម្បីសម្រាកនោះឡើយ” នេះគឺជាសម្ដីរបស់លោក Giorgio Cometto ដែលជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សទាក់ទិននឹងគោលនយោបាយ និងស្ដង់ដារសុខាភិបាល របស់អង្គភាពកម្លាំងពលកម្មនៃអង្គការសុខភាពពិភពលោក WHO។
នៅពេលដែលអ៊ីតាលីនៅតែបន្តអនុវត្តបម្រាមគោចរទូទាំងដែនដី ប្រទេសនេះក៏នៅតែជា “វាលពិឃាត” របស់វីរុសCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកស្លាប់សរុប17,669នាក់។ នេះបើតាមស្ថិតិរបស់សាកលវិទ្យាល័យ John Hopkins នៃសហរដ្ឋអាមេរិក។
តួលេខសរុបនៃអ្នកបានឆ្លងវីរុសCOVID-19 នៅអ៊ីតាលី គិតមកដល់ពេលនេះ មានចំនួន139,422នាក់ ក្នុងនោះមាន3,693នាក់កំពុងទទួលការព្យាបាលជាពិសេស។
គិតមកដល់បច្ចុប្បន្ន ទូទាំងពិភពលោក មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីចំនួន1,518,773នាក់ ក្នុងនោះមាន330,589នាក់បានជាសះស្បើយ និង88,505នាក់កំពុងប្រឈមនឹងការបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស