លោក ថេដ្រូស អ៊ែដហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ(ទី8មេសា) បានសំណូមពរឱ្យបណ្ដាមេដឹកនាំលើពិភពលោកបញ្ឈប់ការលេងនយោបាយក្រោមវិបត្តិជំងឺឆ្លងរាតត្បាតដ៏ធំ កូវីដ-19 ក្រោយពីអង្គការលំដាប់ពិភពលោកមួយនេះ ត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក។
ក្រៅពីនេះ ប្រធានអង្គការសុខភាពពិភពលោក ថែមទាំងបានជំរុញឱ្យសហរដ្ឋអាមេរិក និងចិន រួមកម្លាំងគ្នាក្នុងការប្រយុទ្ធតស៊ូនឹងមេរោគកំណាចនេះ ជំនួសឱ្យការគិតតែពីស្ដីបន្ទោស និងចោទប្រកាន់គ្នាទៅវិញទៅមកនោះ។
ការឆ្លើយតបរបស់លោក ថេដ្រូស បានកើតឡើង ក្រោយពីលោកប្រធានាធិបតី ត្រាំ រិះគន់អង្គភាពផ្នែកសាធារណៈសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះ ដោយបានចោទថា ទទួលប្រាក់ពីសហរដ្ឋអាមេរិក តែទៅកាន់ជើងចិន ជាតំបន់ដែលមេរោគកូវីដ-19 ចាប់កំណើតឡើងកាលពីខែធ្នូឆ្នាំទៅ។
លោកត្រាំ បានសរសេរនៅក្នុងធ្វីតធើរថា “អង្គការសុខភាពពិភពលោក បានធ្វើខុសយ៉ាងធ្ងន់ធ្ងរសម្រាប់ហេតុផលមួយចំនួន…បានទទួលប្រាក់គាំទ្រមួយផ្នែកធំពីអាមេរិក តែទៅផ្ដល់ភាពសំខាន់ចំពោះចិនខ្លាំងជ្រុលពេក” លោកបានសរសេរបន្តថា “សំណាងល្អដែរ ដែលខ្ញុំបានបដិសេធការណែនាំរបស់ពួកគេ ដែលប្រាប់ថា ឱ្យបើកព្រំដែនស្វាគមន៍ចិនក្នុងអំឡុងពេលដំបូងៗ…តើហេតុអី បានពួកគេផ្ដល់ការណែនាំដែលខុសឆ្គងដល់ពួកយើង?”
ក្នុងរឿងនេះ លោក ថេដ្រូស បានថ្លែងការពារ វិធីការខាងការគ្រប់គ្រងចាត់ការរោគរាតត្បាតដ៏ធំរបស់អង្គការសុខភាពពិភពលោក ក្នុងខណៈដែលវីរុសកូវីដ-19 បានសម្លាប់ជីវិតមនុស្សរួចហើយ អស់ច្រើនជាង 80,000នាក់ និងមានអ្នកឆ្លងមេរោគមួយនេះយ៉ាងតិច 1លាន 4សែននាក់នេះថា៖
“សហរដ្ឋអាមេរិក និងចិន គួរតែបែរមុខមករកគ្នា និងប្រយុទ្ធតស៊ូនឹងសត្រូវដ៏គ្រោះថ្នាក់នេះ។ ប្រធានបទចម្បងដែលគ្រប់គ្នាត្រូវផ្ដល់ភាពសំខាន់ គឺការការពារជីវិតមនុស្ស…សូមមេត្តាកុំយកមេរោគវីរុសមកលេងល្បែងនយោបាយ តែបើអ្នកត្រូវការឃើញក្ដារមឈូសដាក់សាកសពជាច្រើនទៀត ក៏សូមអញ្ជើញ! តែបើអ្នកមិនត្រូវការឃើញក្ដារមឈូសជាច្រើនទៀតទេនោះ អ្នកគួរអត់ទ្រាំពីការលេងល្បែងនយោបាយ…”
“រារាំងមេរោគ ឬល្បែងនយោបាយកូវីដ យើងមិនគួរខាតពេលប្រើចង្អុលដៃជ្រើសរើសនោះទេ វាប្រៀបដូចជាលេងជាមួយភ្លើង យើងនឹងមានក្ដារមឈូសដាក់សាកសពជាច្រើនទៀត គរនៅពីមុខ បើសិនយើងមិនឈប់ធ្វើខ្លួនបែបហ្នឹង ព្រោះពេលណាដែលមានភាពប្រះឆាកើតឡើង ទាំងក្នុងកម្រិតជាតិ និងកម្រិតពិភពលោក ពេលនោះវីរុសនឹងសម្រេចគោលដៅរបស់វាមិនខាន…ឱ្យស្លាប់ទៅចុះ! យើងបាត់បង់ប្រជាជនលើពិភពលោករួចទៅហើយជាង 80,000នាក់ តើយើងរវល់តែនាំគ្នាធ្វើអី?! ប៉ុនហ្នឹង មិនទាន់គ្រប់គ្រាន់ទៀត ឬយ៉ាងណា?!”
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ(ទី7មេសា) លោកត្រាំបានគំរាមថា លោកមានផែនការនឹងកាត់បន្ថយចំណែកប្រាក់គាំទ្រអង្គការសុខភាពពិភពលោក ក្រោយពីមិនពេញចិត្ត ដែលអង្គការមួយនេះលម្អៀងទៅខាងប្រទេសចិនខ្លាំងជ្រុលពេក និងថែមទាំងផ្ដល់ការណែនាំដែលគ្មានប្រសិទ្ធភាព រហូតធ្វើឱ្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះឆ្លងរាលដាលទូទាំងពិភពលោក។
យ៉ាងណាក៏ដោយ លោកថេដ្រូស បានថ្លែងអំណរគុណក្រុងវ៉ាស៊ីនតោន សម្រាប់ការគាំទ្រ និងជួយឧបត្ថម្ភរហូតមកដល់ពេលនេះ ព្រមទាំងសម្ដែងក្ដីរំពឹងថា សហរដ្ឋអាមេរិក នឹងនៅតែទុកចំណែកប្រាក់គាំទ្រអង្គការសុខភាពពិភពលោកដូចដើមដដែល។
លោក ថេដ្រូស និយាយថា ស្ថានការណ៍របស់មេរោគកូវីដ-19 នឹងកាន់តែអាក្រក់ឡើង បើសិនប្រទេសនានា មិនរួមគ្នាជាធ្លុងមួយ ក្នុងការក្រោកឈរប្រយុទ្ធតតាំងនឹងការឆ្លងរាលដាលនេះ។ លោកថ្លែងថា “ចូរជួយគ្នាតស៊ូឱ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះ និងគ្រប់គ្រងវីរុសនេះឱ្យបាន វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ មិនដូច្នោះទេ តាមរយៈវិធីការដែលយើងកំពុងធ្វើក្នុងពេលនេះ ខ្ញុំគិតថា យើងប្រហែលជានឹងត្រូវសោកស្ដាយមិនខាន…”៕
ប្រភព៖ សារព័ត៌មានបរទេស