ប្រទេសអ៊ីតាលីបានរកឃើញអ្នកផ្ទុកមេរោគថ្មីចំនួន3,836ករណីបន្ថែមទៀត ដែលនេះបង្ហាញថា តួលេខកើនឡើងវិញបើធៀបនឹងមុននេះមួយថ្ងៃ ធ្វើឱ្យតួលេខសរុបនៃករណីឆ្លងមេរោគ កើនដល់ជាង139,422ករណី ក្នុងនោះមានអ្នកស្លាប់17,669ករណី។
អង្គភាពការពារប្រជាជនអ៊ីតាលី កាលពីថ្ងៃទី8មេសា បានរាយការណ៍ថា ប្រទេសនេះមានអ្នកស្លាប់ថ្មីចំនួន542ករណីបន្ថែមទៀត ហើយនេះជាថ្ងៃទី3ដែលតួលេខនៃអ្នកស្លាប់ថ្មីមានការថយចុះ។ នៅទូទាំងប្រទេស តួលេខនៃអ្នកស្លាប់សរុប បានកើនដល់17,669ករណី បណ្ដាលឱ្យអ៊ីតាលីក្លាយជា “វាលពិឃាត” របស់ COVID-19 ធំជាងគេបំផុតក្នុងពិភពលោក។
កាលពីថ្ងៃទី7មេសាកន្លងទៅ ប្រទេសនេះ បានរកឃើញអ្នកផ្ទុកមេរោគថ្មី 3,039ករណី ដែលជាតួលេខទាបបំផុតក្នុងអំឡុង25ថ្ងៃកន្លងមកនេះ។ ក៏ប៉ុន្តែ តួលេខនេះបានកើនឡើងជាថ្មីក្នុងថ្ងៃទី8មេសា ដោយមានអ្នកជំងឺថ្មីចំនួន3,836ករណី នាំឱ្យតួលេខនៃអ្នកជំងឺសរុបក្នុងប្រទេសនេះ ឡើងដល់139,422ករណី ដែលនេះក៏ធ្វើឱ្យអ៊ីតាលីក្លាយជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី3 ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ។ ក្នុងចំណោមអ្នកជំងឺសរុប មានអ្នកជំងឺ3,693នាក់កំពុងប្រឈមនឹងការស្លាប់ និង 26,491នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស