ប្រទេសចិនបានអនុញ្ញាតឱ្យប្រជាជននៅ Wuhan មានសេរីភាពក្នុងការចេញ-ចូលទីក្រុងនេះ ចាប់ពីម៉ោង00:00:00នាទី ថ្ងៃទី8មេសា បន្ទាប់ពីការដកបម្រាមគោចររយៈ76ថ្ងៃដោយសារCOVID-19។
ការសម្រេចចិត្តដកវិធានការបម្រាមគោចរខាងលើនេះ បានបញ្ចប់ភាពឯកោជាង2ខែរបស់ទីក្រុង Wuhan រាប់ចាប់ពីបទបញ្ជាបម្រាមគោចរដែលមិនធ្លាប់មានត្រូវបានដាក់ទៅលើតំបន់ដែលមានពលរដ្ឋប្រមាណជា11លាននាក់ នៅទីក្រុងនេះ កាលពីថ្ងៃទី23មករា។ ពេលនេះ ប្រជាជនមានសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ឱ្យតែកម្មវិធីនៅលើទូរស័ព្ទដៃរបស់ពលរដ្ឋនីមួយៗដែលរដ្ឋាភិបាលបានបង្កើតឡើង បង្ហាញថា ពួកគេមានសុខភាពល្អ ហើយថ្មីៗនេះមិនបានជួបអ្នកណាដែលមានផ្ទុកមេរោគCOVID-19។
វិធានការការពារការឆ្លងវីរុស ដូចជាការពាក់ម៉ាស់ វាស់កម្ដៅខ្លួន និងការកាត់បន្ថយទំនាក់ទំនងផ្ទាល់រវាងមនុស្សនឹងមនុស្សនៅតែបន្តអនុវត្តនៅក្នុងទីក្រុង Wuhan។
ការសម្រេចដកបម្រាមគោចរនេះត្រូវបានធ្វើឡើងនៅក្នុងពេលដែលប្រទេសចិនមិនមានករណីស្លាប់ក្នុងរយៈពេល24ម៉ោងនាថ្ងៃទី7មេសា ចាប់ពីមេរោគផ្ទុះឆ្លងរាលដាល។ ទីក្រុង Wuhan និងខេត្ត Hubei ទាំងមូលក៏មិនបានរកឃើញករណីឆ្លងមេរោគថ្មី។ ប្រទេសចិន គិតមកដល់បច្ចុប្បន្ន បានរកឃើញអ្នកផ្ទុកវីរុសសរុបជាង81,000នាក់ ខណៈអ្នកជំងឺជាង77,000នាក់បានជាសះស្បើយ និងជាង3,300នាក់បានបាត់បង់ជីវិត។
ក៏ប៉ុន្តែ People’s Daily ដែលជាសារព័ត៌មានផ្លូវការ និងជាអង្គភាពនាំពាក្យរបស់បក្សកុម្មុយនីស្តចិន បានព្រមានថា មិនគួរអបអរឆាប់ពេកនោះទេ។ “អ្នករាល់គ្នាបានទន្ទឹងរង់ចាំថ្ងៃនេះយូរណាស់មកហើយ ហើយវាគឺជារឿងដែលគួរត្រេកអរ។ ប៉ុន្តែ វាមិនមែនជាសញ្ញានៃជ័យជំនះចុងក្រោយនោះឡើង។ យើងទាំងអស់គ្នានៅតែត្រូវរំឭកខ្លួនឯងថា យើងអាចពេញចិត្តនឹងការដែលទីក្រុង Wuhan បានដកបម្រាមគោចរ តែក៏មិនត្រូវភ្លេចខ្លួននោះដែរ” បទវិចារណកថារបស់ People’s Daily មានឃ្លាមួយសរសេរបែបនេះ។
COVID-19 បានចាប់ផ្ដើមផ្ទុះឆ្លងរាលដាលពីទីក្រុង Wuhan កាលពីខែធ្នូ ឆ្នាំ2019 ប៉ុន្តែពេលនេះ សហរដ្ឋអាមេរិក និងអឺរ៉ុប គឺជាសម្បុកមេរោគធំជាងគេរបស់ពិភពលោក។ នៅទូទាំងពិភពលោក មានករណីឆ្លងមេរោគជិត1.4លាននាក់ និងអ្នកស្លាប់ជាង79,000នាក់ ខណៈដែលអ្នកជំងឺបានជាសះស្បើយមានជាង298,000នាក់ និងអ្នកជំងឺកំពុងប្រឈមនឹងការស្លាប់មានដល់ទៅជាង47.000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស