បណ្ដាឈ្មួញកណ្ដាលដ៏អាថ៌កំបាំង បណ្ដាទំនិញស្រមោល និងតម្លៃទំនិញកើនឡើងទៅតាមម៉ោងជាដើម គឺជាប្រការដែលក្រុមអភិបាលរដ្ឋនៅសហរដ្ឋអាមេរិកកំពុងជួបប្រទះ នៅពេល “តាមប្រមាញ់” សម្ភារសុខាភិបាល ឬឧបករណ៍វេជ្ជសាស្ត្រ។
ក្នុងពេលដែលសម្ភារផ្នែកសុខាភិបាលនៅក្នុងឃ្លាំងរដ្ឋកាន់តែខើចទៅៗ ហើយរដ្ឋបាលរបស់លោក Trump បានកាត់បន្ថយការផ្គត់ផ្គង់ទៅឱ្យបណ្ដារដ្ឋ មេដឹកនាំរដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តប្រើប្រាស់វិធីសាស្ត្រពិសេសៗដើម្បីទិញម៉ាស់ ម៉ាស៊ីនជំនួយដកដង្ហើម និងឧបករណ៍ចាំបាច់ផ្សេងទៀតឱ្យខាងតែបាន។
បណ្ដារដ្ឋនៅសហរដ្ឋអាមេរិក រួមនឹងរដ្ឋាភិបាលរបស់លោក Trump ផងដែរ កំពុងតែប្រកួតប្រជែងគ្នានៅលើទីផ្សារអន្តរជាតិ ខណៈដែលតម្លៃម៉ាស៊ីនជំនួយដកដង្ហើមបានកើនឡើងទ្វេដង ចំណែកតម្លៃម៉ាស់វិញក៏បានកើនឡើងដល់10ដងឯណោះបើធៀបនឹងតម្លៃពីមុន។ ពួកគេត្រូវពឹងទៅលើមិត្តជាមហាសេដ្ឋីរបស់ពួកគេ និងបណ្ដាក្រុមហ៊ុន។ អភិបាលរដ្ឋ Massachusetts លោក Charlie Baker បានពឹងមហាសេដ្ឋី Robert Kraft ឱ្យជួយបញ្ជូនយន្តហោះរបស់ក្រុមបាល់ទាត់បែបអាមេរិកាំង (American football) Patriots ទៅកាន់ប្រទេសចិន ដើម្បីនាំយកម៉ាស់ជាង1លានបន្ទះមកកាន់សហរដ្ឋអាមេរិក។
នៅឯរដ្ឋ New York ដែលជាសម្បុកមេរោគធំជាងគេនៅសហរដ្ឋអាមេរិក អភិបាលរដ្ឋ លោក Andrew Cuomo បានស្នើឱ្យបណ្ដាមន្ទីរពេទ្យឯកជន បញ្ជូនម៉ាស៊ីនជំនួយដកដង្ហើមទៅឱ្យបណ្ដាមន្ទីរពេទ្យរដ្ឋដែលកំពុងខ្វះខាត។
មានរដ្ឋជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលចាត់ចែងក្នុងការទិញសម្ភារសុខាភិបាលជារួម ក៏ប៉ុន្តែលោក Trump ហាក់មិនចង់លូកដៃក្នុងរឿងនេះ។ សេតវិមានបានប្រកាសយ៉ាងច្បាស់ក្នុងសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក ចាត់ទុកឃ្លាំងរក្សាសម្ភារវេជ្ជសាស្ត្រជាទំនិញសម្រាប់ករណីអាសន្នបំផុតតែប៉ុណ្ណោះ។
“នេះគឺជាកំហុសដែលគួរឱ្យអស់សង្ឃឹមបំផុត” អភិបាលរដ្ឋ Maryland លោក Larry Hogan ដែលជាប្រធានសមាគមអភិបាលជាតិ(National Governors Association) ថ្លែងបែបនេះ។ លោកថា “រដ្ឋនានាបានប្រជែងគ្នា ឯរដ្ឋាភិបាលក៏ប្រជែងជាមួយពួកយើង ហើយប្រទេសដទៃក៏ប្រជែងជាមួយយើង ខណៈដែលប្រភពផ្គត់ផ្គង់គឺវាមានកំណត់”។
អភិបាលរដ្ឋ Maryland ឱ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (Federal Emergency Management Agency) បានផ្គត់ផ្គង់សម្ភារពីឃ្លាំងបម្រុងរបស់ជាតិ ប៉ុន្តែវាបានដោះស្រាយតែមួយផ្នែកដ៏តូចប៉ុណ្ណោះ។ “យើងបានទិញអ្វីៗគ្រប់យ៉ាងដែលយើងអាចទិញបាននៅក្នុងទីផ្សារ មិនថាក្នុងស្រុក ក្រៅប្រទេស ចាប់ពីកូរ៉េខាងត្បូង ចិន និងកន្លែងផ្សេងៗទៀត”។
រដ្ឋមួយចំនួន ជួនកាលក៏ត្រូវប្រជែងជាមួយមន្ទីរពេទ្យក្នុងតំបន់របស់ខ្លួន ព្រោះមន្ទីរពេទ្យនានា ចង់បានសម្ភារសុខាភិបាលឱ្យបានឆាប់បំផុតដើម្បីការពារបុគ្គលិករបស់ខ្លួន ជំនួសឱ្យការរង់ចាំការផ្គត់ផ្គង់ពីរដ្ឋាភិបាលកណ្ដាល។
វេជ្ជបណ្ឌិត Daniel Durand នៅរដ្ឋ Maryland មិននឹកស្មានសោះថា លោកត្រូវស្វែងរកទិញឈុតការពារមេរោគសម្រាប់មន្ទីរពេទ្យ នៅក្នុងទីផ្សារច្របូកច្របល់បែបនេះ។ ម៉ាស់ N95 ជាធម្មតាវាមានតម្លៃមិនដល់1ដុល្លារអាមេរិកផងក្នុង1បន្ទះ ប៉ុន្តែពេលនេះវាមានតម្លៃលើសពី3.7ដុល្លារទៅទៀត ដែលនេះគឺជាតម្លៃទាបបំផុត៖ មានមនុស្សជាច្រើនឱ្យថ្លៃដល់ទៅ10ដុល្លារឯណោះ។
លោកវេជ្ជបណ្ឌិត Daniel Durand ឱ្យដឹងថា មានឈ្មួញកណ្ដាលមួយចំនួនថែមទាំងបានគំរាមលោកទៀតផង នៅពេលដែលសួរសំណួរបែបមូលដ្ឋានបំផុតដើម្បីស្វែងយល់អំពីផលិតផល។ លោកថ្លែងថា “ខ្ញុំឮថា មានអ្នកខ្លះចំណាយរាប់លានដុល្លារហើយ នៅតែមិនទទួលបានទំនិញទៀត។ មានពួកជនខិលខូច ធ្វើសកម្មភាពបែបបញ្ឆោតទៅលើមន្ទីរពេទ្យនានាទៀតផង”។
មន្ត្រីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់រដ្ឋ Virginia លោក Aubrey Layne ដែលជាអ្នកស្វែងរកទិញសម្ភារសុខាភិបាលសម្រាប់រដ្ឋ Virginia និយាយថា លោកធ្លាប់បានជួបឈ្មួញដែលគួរឱ្យសង្ស័យ ប៉ុន្តែពុំមានពេលគ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រាកដថា ពួកគេនោះគួរឱ្យទុកចិត្តដែរ ឬអត់នោះទេ។ លោកបន្ថែមថា “អ្នកណាក៏និយាយថា ពួកគេស្គាល់អ្នកណាម្នាក់ដែលអាចទាក់ទងនឹងអ្នកណាម្នាក់ទៀតនៅប្រទេសចិន”។
ក្រុមឈ្មួញកណ្ដាល និងអ្នកផ្គត់ផ្គង់ កំពុងទាញប្រយោជន៍ពីស្ថានការណ៍៖ ម៉ាស៊ីនជំនួយដកដង្ហើមប្រភេទតូចដែលដើមឡើយវាមានតម្លៃត្រឹម 11,000 ទៅ14,000ដុល្លារ ប៉ុន្តែពេលនេះវាមានតម្លៃដល់ទៅ20,000 ទៅ30,000ដុល្លារ។ នេះបើតាម Christian Mitchell អភិបាលរងនៃរដ្ឋ Illinois។ ម៉ាស៊ីនប្រភេទគុណភាពខ្ពស់ដែលធ្លាប់តែមានតម្លៃ45,000ដុល្លារ តែឥឡូវវាត្រូវបានគេបន្ថែម20,000ដុល្លារពីលើទៀត៕
ប្រភព៖ សារព័ត៌មានបរទេស