ប្រទេសជាច្រើនកំពុងតែដណ្ដើមទំនិញជាសម្ភារសុខាភិបាលដើម្បីទប់ទល់នឹងCOVID-19 ក៏ប៉ុន្តែប្រទេសហ្វង់ឡង់ឯណោះវិញ បែរជាមិនខ្ចីអើពើលើរឿងនេះ ដោយសារតែអាងម៉ាស់ដែលបានត្រៀមពេញក្នុងឃ្លាំង។
ឃ្លាំងដ៏ធំបំផុតនៅអឺរ៉ុបនេះ ត្រូវបានប្រទេសហ្វាំងឡង់សាងសង់អស់ជាច្រើនឆ្នាំ ដោយមិនត្រឹមតែមានសម្ភារសុខាភិបាលនោះទេ តែនៅមានទាំងប្រេង គ្រាប់ធញ្ញជាតិ ឧបករណ៍កសិកម្ម រួមនឹងវត្ថុធាតុសម្រាប់ផលិតគ្រាប់រំសេវទៀតផង។
នៅពេលត្រូវបាន COVID-19 វាយប្រហារ រដ្ឋាភិបាលហ្វាំងឡង់ក៏បានបើកឃ្លាំងនេះជាលើកដំបូង បន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់។ “ហ្វាំងឡង់គឺជាប្រទេសដែលមានស្មារតីបង្ការខ្ពស់បំផុតនៅអឺរ៉ុបខាងជើង។ ពួកគេតែងតែត្រៀមជាស្រេចក្នុងការទប់ទល់នឹងមហន្តរាយនានា ឬសង្គ្រាមលោកលើកទី3” នេះបើតាម Magnus Hakenstad អ្នកស្រាវជ្រាវនៅមន្ទីរស្រាវជ្រាវផ្នែកការពារជាតិនៃប្រទសន័រវែស។
Tomi Lounema ប្រធានទីភ្នាក់ងារជាតិសង្គ្រោះបន្ទាន់របស់ហ្វាំងឡង់ថ្លែងថា “បើទោះជាហ្វាំងឡង់ទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងបញ្ជីប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកជាបន្តបន្ទាប់ ប៉ុន្តែទីតាំងភូមិសាស្ត្រ និងមេរៀនប្រវត្តិសាស្ត្របាននាំឱ្យប្រទេសដែលមានប្រជាជន5.5លាននាក់នេះ តែងតែត្រៀមជាស្រេចដើម្បីទប់ទល់នឹងបញ្ហាអាក្រក់បំផុតដែលអាចកើតមាន។ លោកក៏បានរំឭកអំពីសង្គ្រាមជាមួយសូវៀតកាលពីឆ្នាំ1939 ដែលធ្វើឱ្យហ្វាំងឡង់ត្រូវប្រុងជើងការជានិច្ច។
កាលពីសប្ដាហ៍មុន នៅពេលករណីឆ្លងវីរុសCOVID-19 ចាប់ផ្ដើមកើនឡើងច្រើន ក្រសួងសុខាភិបាលបានស្នើឱ្យបញ្ចេញម៉ាស់ចែកជូនដល់បណ្ដាមន្ទីរពេទ្យនៅទូទាំងប្រទេស។ គិតមកដល់ពេលនេះ ហ្វាំងឡង់បានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ជាង2,176នាក់ ក្នុងនោះមាន28នាក់បានបាត់បង់ជីវិត។ Lounema ថ្លែងថា “ម៉ាស់បានចាស់ហើយ ប៉ុន្តែនៅប្រើប្រាស់បាន”។
ហ្វាំងឡង់មិនបានឱ្យដឹងអំពីចំនួនម៉ាស់ ក៏ដូចជាសម្ភារសុខាភិបាលដែលខ្លួនមាននោះទេ ប៉ុន្តែមន្ត្រីនៃប្រទេសនេះ ទទួលស្គាល់ថា សម្ភារដែលបានរក្សាទុក គឺនៅក្នុងឃ្លាំងជាច្រើនកន្លែងនៅពាសពេញផ្ទៃប្រទេស។
ជាមួយនឹងប្រការខាងលើ ហ្វាំងឡង់មានប្រៀបជាងប្រទេសផ្សេងៗ ខណៈត្រូវទប់ទល់នឹងរោគរាតត្បាត។ បណ្ដាប្រទេសដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ឬបារាំងជាដើម កំពុងតែស្ថិតក្នុងស្ថានភាពខ្វះសម្ភារវេជ្ជាសាស្ត្រ ដូចជាម៉ាស់ ម៉ាស៊ីនជំនួយដកដង្ហើម ឈុតសម្លៀកបំពាក់ការពារមេរោគជាដើម ធ្វើឱ្យពួកគេត្រូវដណ្ដើមគ្នាយ៉ាងខ្លាំងក្លា សូម្បីតែជាសម្ព័ន្ធមិត្តនឹងគ្នាក៏ដោយ៕
ប្រភព៖ សារព័ត៌មានបរទេស