មន្ត្រីនៃប្រទេសចិន ថ្ងៃនេះបានប្រកាសថា ប្រទេសនេះបានលក់ម៉ាស់ជិត4ពាន់លានបន្ទះទៅឱ្យបណ្ដាប្រទេសផ្សេងៗ រាប់ចាប់តាំងពីខែមិនារហូតដល់បច្ចុប្បន្ន។
បើទោះជា COVID-19 កំពុងតែបន្ថយឥទ្ធិពលនៅប្រទេសចិន ប៉ុន្តែទីក្រុងប៉េកាំងនៅតែជំរុញឱ្យបណ្ដារោងចក្រ បង្កើនការផលិតឧបករណ៍សុខាភិបាល ខណៈដែលវីរុសនៅតែបន្តឆ្លងរាលដាលខ្លាំងនៅលើពិភពលោក ដែលបានបណ្ដាលឱ្យមនុស្សជិត1.3លាននាក់ឆ្លងមេរោគ ក្នុងនោះមានជិត70,000នាក់បានបាត់បង់ជីវិត។
ប្រទេសចិន បាននាំចេញម៉ាស់ចំនួន3.86ពាន់លានបន្ទះ សម្លៀកបំពាក់ការពារមេរោគចំនួន37.5លានឈុត ម៉ាស៊ីនជំនួយដកដង្ហើមចំនួន16,000គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគCOVID-19ចំនួន2.84លានឈុត ចាប់តាំងពីថ្ងៃទី1មីនា ដោយមានការបញ្ជាទិញពីប្រទេសចំនួនជាង50។ នេះបើតាមការឱ្យដឹងពីមន្ត្រីគយម្នាក់ឈ្មោះ Jin Hai នាថ្ងៃនេះ។ មន្ត្រីរូបនេះបានបន្តថា ទំហំទឹកប្រាក់នៃសម្ភារសុខាភិបាលដែលបាននាំចេញរបស់ប្រទេសចិនសរុបប្រមាណជា1.4ពាន់លានដុល្លារអាមេរិក។
ក៏ប៉ុន្តែ ប្រទេសមួយចំនួនដូចជាហូឡង់ ហ្វីលីពីន ក្រូអាត ទួរគី និងអេស្ប៉ាញជាដើម បានត្អូញត្អែរអំពីគុណភាពសម្ភារដែលនាំចូលពីប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស