សហរដ្ឋអាមេរិក និងអឺរ៉ុប បន្តជាសម្បុកមេរោគ COVID-19 ធំជាងគេក្នុងពិភពលោក បណ្ដាលឱ្យតួលេខអ្នកឆ្លងមេរោគឡើងដល់ជិត1,3លាននាក់ និងស្លាប់ជាង69,000នាក់។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគ COVID-19 សរុប1,270,069នាក់ និងស្លាប់69,309នាក់នៅក្នុងប្រទេស និងដែនដីចំនួន208 ដោយអ្នកឆ្លងមេរោគកើន73,515ករណី និងស្លាប់កើន4,760ករណីបន្ថែមទៀតបើធៀបនឹងម្សិលមិញ។ ចំនួនអ្នកជំងឺបានជាសះស្បើយ មាន 259,810នាក់។
សហរដ្ឋអាមេរិក៖ អ្នកជំងឹថ្មី29,704នាក់ និងអ្នកជំងឺសរុប335,524នាក់។ អ្នកស្លាប់ថ្មី1,271នាក់ និងអ្នកស្លាប់សរុប9,562នាក់។ ប្រទេសនេះ នៅតែជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី 5,478នាក់ និងអ្នកជំងឺសរុប131,646នាក់។ អ្នកស្លាប់ថ្មី694នាក់ និងស្លាប់សរុប12,641នាក់។ ប្រទេសនេះ បានក្លាយជាសម្បុកមេរោគកូរ៉ូណាធំជាងគេលំដាប់ទី2ក្នុងពិភពលោក និងលំដាប់ទី1នៅអឺរ៉ុប។
អ៊ីតាលី៖ អ្នកជំងឺថ្មី4,316នាក់ និងអ្នកស្លាប់ថ្មី525នាក់។ អ្នកជំងឺសរុប128,948នាក់ និងអ្នកស្លាប់សរុប15,887នាក់។ ប្រទេសនេះ បន្តជា “វាលពិឃាត” របស់ COVID-19 ធំជាងគេក្នុងពិភពលោក។ អ៊ីតាលី ក៏ជាប្រទេសដំបូងគេបង្អស់នៅអឺរ៉ុប ដែលបានចេញបទបញ្ជាបិទប្រទេសទាំងមូលដោយសារតែ COVID-19។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី4,031នាក់ និងអ្នកស្លាប់ថ្មី140នាក់។ អ្នកជំងឺសរុប100,123នាក់ និងអ្នកស្លាប់សរុប1,584នាក់។ ប្រទេសនេះគឺជាសម្បុកមេរោគ COVID-19 ធំជាងគេលំដាប់ទី3នៅអឺរ៉ុប។
អង់គ្លេស៖ អ្នកជំងឺសរុប47,806នាក់ និងអ្នកស្លាប់សរុប4,934នាក់។ អ្នកស្លាប់កើន621នាក់ បើធៀបនឹងម្សិលមិញ។
អ៊ីរ៉ង់៖ ប្រទេសនេះបន្តជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប52,226នាក់។ ប៉ុន្តែ ប្រទេសនេះគឺជា “វាលពិឃាត” របស់ COVID-19 ធំជាងគេលំដាប់ទី1នៅអាស៊ី ដោយមានអ្នកស្លាប់សរុប3,603នាក់ ខណៈអ្នកស្លាប់សរុបនៅប្រទេសចិន មានចំនួន3,329នាក់ ក្នុងចំណោមអ្នកជំងឺសរុប81,669នាក់។
អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី ជាសម្បុកមេរោគធំជាងគេក្នុងតំបន់ ដោយមានអ្នកជំងឺសរុប3,662នាក់ និងស្លាប់61នាក់។ ចំណែកឥណ្ឌូនេស៊ីវិញ គឺជា “វាលពិឃាត” របស់ COVID-19 ធំជាងគេក្នុងតំបន់ ដោយមានអ្នកស្លាប់198នាក់ និងអ្នកជំងឺសរុប2,273នាក់។ កម្ពុជាមានអ្នកជំងឺសរុប114នាក់ ក្នុងនោះមាន64នាក់កំពុងទទួលការព្យាបាល និង50នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស