អាជ្ញាធរនៃប្រទេសអេក្វាដ័រ បានប្រញាប់ដើរប្រមូលសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ដែលដេកស្លាប់នៅតាមចិញ្ចើមថ្នល់ដ៏ច្រើន មកដាក់ក្នុងទូកុងតឺន័រ ក្រោយពីប្រព័ន្ធសាធារណៈសុខាភិបាលក្នុងទីក្រុង កួយ៉ាហ្គីល មណ្ឌលកណ្ដាលនៃការឆ្លងរាតត្បាត ទ្រាំទ្រនឹងវិបត្តិកូវីដ-19 លែងរួច។
នៅថ្ងៃទី5 មេសា 2020នេះ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងរ៉យទ័រ បានរាយការណ៍ពីការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសអេក្វាដ័រ ប្រទេសដែលក្របំផុតក្នុងតំបន់អាហ្វ្រិកខាងត្បូង ដែលនាំឱ្យកើតមានភាពអាណោចអធម និងសោកសង្រេងក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែប្រទេសមួយនេះ កំពុងជួបនឹងបញ្ហាមានចំនួនអ្នកស្លាប់ដ៏ច្រើន រហូតដល់បន្ទប់តម្កល់សពនៅក្នុងមន្ទីពេទ្យក្នុងតំបន់ លែងមានកន្លែងគ្រប់គ្រាន់សម្រាប់ទុកដាក់ និងខណៈពេលជាមួយគ្នា បុគ្គលិកក្នុងមន្ទីរពេទ្យ ក៏កំពុងតស៊ូទ្រាំទ្រក្នុងការព្យាបាលអ្នកជំងឺក្នុងចំនួនដ៏ច្រើន ស្ទើរតែលែងរួចហើយដែរ ធ្វើឱ្យមានអ្នកជំងឺដោយសារមេរោគកូវីដ-19 ដែលមិនបានមកព្យាបាលក្នុងមន្ទីរពេទ្យ ត្រូវដេកស្លាប់នៅតាមចិញ្ចើមថ្នល់យ៉ាងច្រើនគួរឱ្យរន្ធត់ចិត្ត រហូតដល់អាជ្ញាធរក្នុងតំបន់ត្រូវប្រញាប់ដើរប្រមូលសាកសពទាំងនោះមកទុកមួយកន្លែង។
Caption៖ អាជ្ញាធរក្នុងប្រទេសអេក្វាដ័រ កំពុងដឹកជញ្ជូនសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រ ខណៈដែលមេរោគមរណៈនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ
យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍(ទី4មេសា)កន្លងទៅ រដ្ឋបាលអេក្វាដ័រ បានចាប់ផ្ដើមដំណើរការដឹកជញ្ជូនអ្នកស្លាប់ដោយសារមេរោគវីរុសកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រខ្នាតធំហើយ ក្រោយពីមានអ្នកស្លាប់ចំនួនជាច្រើនរយនាក់ នៅក្នុងទីក្រុង កួយ៉ាហ្គីល ទីក្រុងធំបំផុត និងមានប្រជាជនច្រើនបំផុតរបស់ប្រទេស ចំនួនប្រមាណជា 2.29លាននាក់។
រដ្ឋបាលអេក្វាដ័រ មានការត្រៀមទូកុងតឺន័រខ្នាតធំ មានម៉ាស៊ីនត្រជាក់ចំនួន 3ទូ ដែលទូនីមួយៗមានបណ្ដោយប្រវែង ប្រមាណជា 12ម៉ែត្រ និងបាននាំយកមកដាក់តាំងនៅក្នុងមន្ទីរពេទ្យដើម្បីតម្កល់សាកសពអ្នកស្លាប់ មុននឹងនាំយកទៅធ្វើបុណ្យតាមពិធីសាសនា។
លោកអភិបាលក្រុង កួយ៉ាហ្គីល ដែលជាទីក្រុងធំរបស់ប្រទេសអេក្វាដ័រ និងដែលបានរកឃើញអ្នកឆ្លងមេរោគ និងស្លាប់ច្រើនជាងគេបំផុតក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ប្រទេសអេក្វាដ័រនោះ បានថ្លែងថា ខណៈនេះមានអ្នកស្លាប់ដោយសារមេរោគកូវីដ-19នៅក្នុងទីក្រុងនេះ ត្រូវបានយកទៅបញ្ចុះរួចរាល់ហើយប្រមាណជា 150សាកសព។
ទាំងអស់នេះ រដ្ឋបាលអេក្វាដ័រ បានអះអាងថា មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ចំនួន 318នាក់ ដែលធ្វើឱ្យអេក្វាដ័រកំពុងតែក្លាយជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ដោយសារមេរោគនេះ ច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រិក និងមានអ្នកឆ្លងមេរោគនេះ ចំនួន 3,465នាក់ ខណៈដែលរដ្ឋបាលអេក្វាដ័របានធ្វើការប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នៅក្នុងទីក្រុងកួយ៉ាហ្គីល និងខេត្តក្បែរខាង នឹងកើនឡើងខ្ពស់ដល់ទៅ 3,500នាក់ រហូតដល់ត្រូវរៀបចំជាជំរំពិសេសមួយសម្រាប់កប់សាកសពចំនួនដ៏ច្រើនទាំងនោះ និងកាលពីថ្ងៃសៅរ៍(ទី4មេសា)កន្លងទៅ រដ្ឋបាលអេក្វាដ័រថែមទាំងបានចាប់ផ្ដើមប្រើប្រព័ន្ធឌីជីថលបែបថ្មី ដើម្បីឱ្យសមាជិកក្នុងគ្រួសារអ្នកស្លាប់ អាចតាមដានស្វែងរកសាច់ញាតិរបស់ខ្លួនដែលស្លាប់ហើយនោះថា ត្រូវបាននាំយកទៅបញ្ចុះនៅទីណាហើយទៀតផង៕
ប្រភព៖សារព័ត៌មានបរទេស