លោកវេជ្ជបណ្ឌិត Li Wenliang ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានព្រមានអំពីវីរុស COVID-19 ដំបូងគេនៅប្រទេសចិន ប៉ុន្តែត្រូវបានអាជ្ញាធរបង្ខំឱ្យចុះកិច្ចសន្យាទទួលកំហុសកន្លងមកនោះ ពេលនេះត្រូវបានតែងតាំងជាវីរជនពលី។
អាជ្ញាធរខេត្ត Hubei ប្រទេសចិន បានសម្រេចផ្ដល់ឋានៈជាវីរជនពលី (martyr) ដល់បុគ្គលិកពេទ្យចំនួន12រូបដែលបានបាត់បង់ជីវិតដោយសារវីរុសCOVID-19 បន្ទាប់ពីបានបូជាជីវិតក្នុងសង្គ្រាមប្រឆាំងនឹងវីរុសដើម្បីការពារជីវិត និងសុខភាពរបស់ប្រជាជន។ នេះបើតាមការចេញផ្សាយរបស់ CCTV កាលពីថ្ងៃទី2មេសាកន្លងទៅ។
“វីរជនពលី” គឺជាឋានៈកិត្តិយសខ្ពស់បំផុតត្រូវបានប្រទេសចិនតែងតាំងដល់ពលរដ្ឋដែលបានស្លាប់ក្នុងពេលបំពេញបេសកកម្មដើម្បីប្រទេសជាតិ។ ឋានៈនេះត្រូវបានផ្ដល់ជូនសពវេជ្ជបណ្ឌិត Li Wenliang បន្ទាប់ពីគ្រូពេទ្យរូបនេះត្រូវបានអាជ្ញាធរទីក្រុង Wuhan ហៅទៅស្ដីបន្ទោស បង្ខំឱ្យចុះកិច្ចសន្យា និងទទួលកំហុស។
Li Wenliang គឺជាវេជ្ជបណ្ឌិតឯកទេសខាងជំងឺភ្នែកនៅមន្ទីរពេទ្យ Central Hospital ក្នុងទីក្រុង Wuhan ខេត្ត Hubie។ ចុងខែធ្នូ ឆ្នាំ2019 វេជ្ជបណ្ឌិតរូបនេះបានចែករំលែកសារមួយទៅកាន់អ្នករួមអាជីព អំពីជំងឺថ្មីមួយដែលដូចទៅនឹងជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសSARS។ បន្ទាប់មក មេរោគនេះត្រូវបានគេហៅថា COVID-19 ដែលបច្ចុប្បន្ន បានធ្វើឱ្យមនុស្សជាង1098,000នាក់បានកើតជំងឺ និងជាង59,160នាក់ បានបាត់បង់ជីវិត នៅទូទាំងពិភពលោក។
ក្រោយពីបានចែករំលែកព័ត៌មានស្ដីអំពីវីរុសថ្មី វេជ្ជបណ្ឌិត Li Wenliang ក៏ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ ហើយបង្ខំឱ្យចុះហត្ថលេខាទទួលស្គាល់កំហុសថាបាន “បញ្ចេញព័ត៌មានព័ត៌មិនពិត” និង “បញ្ចេញមតិមិនត្រឹមត្រូវ”។
លោកវេជ្ជបណ្ឌិត Li បន្ទាប់មកក៏បានឆ្លងវីរុសកូរ៉ូណា COVID-19 នៅពេលកំពុងព្យាបាលអ្នកជំងឺ ហើយបានបាត់បង់ជីវិតកាលពីថ្ងៃទី27មីនា នៅមន្ទីរពេទ្យCentral Hospital។ នៅមុនពេលលោកស្លាប់ លោកវេជ្ជបណ្ឌិតរូបនេះក៏ធ្លាប់បានសម្ភាសជាមួយសារព័ត៌មាន New York Time និងបានថ្លែងថា “បើសិនជាក្រុមមន្ត្រីបានបញ្ចេញព័ត៌មានស្ដីអំពីជំងឺនេះបានឆាប់ ខ្ញុំគិតថាស្ថានភាពនឹងបានធូរស្រាលជាងនេះច្រើន។ គេត្រូវការភាពស្មោះត្រង់ និងតម្លាភាពជាងនេះ”។
ការស្លាប់របស់គ្រូពេទ្យ Li បានធ្វើឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន។ ពួកគេអំពាវនាវឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ និងឱ្យអាជ្ញាធរសុំទោសជាដើម។ល។ ប្រការនេះបានជះឥទ្ធិពលដល់រដ្ឋាភិបាលចិន។ ថ្ងៃទី19មីនា NSC(National Supervisory Commission) ដែលជាអង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន បានប្រកាសថា ទង្វើដែលអាជ្ញាធរទីក្រុង Wuhan ពិន័យទៅលើវេជ្ជបណ្ឌិត Li Wenliang គឺជារឿង “ខុសប្រក្រតី” និង “មិនត្រឹមត្រូវ”។
NSC ថ្លែងថា នគរបាលទីក្រុង Wuhan ត្រូវតែទទួលខុសត្រូវ ហើយការពិន័យទៅលើវេជ្ជបណ្ឌិត Li ក៏ត្រូវតែលុបចោល។ អាជ្ញាធរទីក្រុង Wuhan ក្រោយមកក៏បានធ្វើការសុំទោស និងដកការពិន័យរបស់ខ្លួនមកវិញ។
នៅព្រឹកនេះ ប្រទេសចិនទាំងមូលបានធ្វើការគោរពវិញ្ញាណក្ខន្ធ3នាទី ដើម្បីលើកតម្កើងកិត្តិយសរបស់វីរជន វីរនាីទាំងអស់ដែលបានស្លាប់ក្នុងសង្គ្រាមប្រឆាំងនឹងវីរុសCOVID-19៕
ប្រភព៖ សារព័ត៌មានបរទេស