ប្រទេសម៉ាឡេស៊ីថ្ងៃនេះបានរកឃើញអ្នកជំងឺCOVID-19ថ្មីចំនួន217ករណីបន្ថែមទៀត នាំឱ្យករណីឆ្លងមេរោគសរុបកើនលើសពី3,300នាក់ ខណៈដែលឥណ្ឌូនេស៊ី បានរកឃើញអ្នកផ្លុកមេរោគកូរ៉ូណាច្រើនបំផុតរាប់ចាប់ពីមេរោគនេះបានបង្ហាញខ្លួននៅប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ថ្ងៃនេះបានឱ្យដឹងថា ប្រទេសនេះមានអ្នកស្លាប់ដោយសារមេរោគCOVID-19 ចំនួន3នាក់បន្ថែមទៀត ធ្វើឱ្យចំនួនករណីស្លាប់ដោយសារមេរោគនេះកើនដល់53នាក់ ក្នុងចំណោមអ្នកជំងឺសរុប3,333នាក់។ ម៉ាឡេស៊ីគឺជាសម្បុកមេរោគកូរ៉ូណាធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។។
“វាលពិឃាត” របស់ COVID-19 ដែលធំជាងគេលំដាប់ទី2នៅតំបន់អាស៊ីអាគ្នេយ៍ នោះគឺប្រទេសហ្វីលីពីន ដោយមានអ្នកស្លាប់សរុប136ករណី ក្នុងនោះមាន29ករណីទើបបានកើតឡើងក្នុងថ្ងៃនេះ។ ប្រទេសនេះក៏ទើបបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីចំនួន385នាក់បន្ថែមទៀតដែរ នាំឱ្យចំនួនអ្នកជំងឺកើនដល់3,018នាក់។
ប្រទេសថៃ ថ្លៃនេះបានរកឃើញករណីឆ្លងមេរោគថ្មី103ករណី ធ្វើឱ្យអ្នកជំងឺសរុបឡើងដល់1,978នាក់។ ប្រទេសនេះ មានអ្នកស្លាប់ដោយសារ COVID-19 ចំនួន19នាក់ ក្នុងនោះមាន4នាក់ទើបតែបានស្លាប់ក្នុងថ្ងៃនេះ។
ចំណែកប្រទេសឥណ្ឌូនេស៊ីវិញ ទើបបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន196ករណីបន្ថែមទៀតដែរ បណ្ដាលឱ្យតួលេខនៃអ្នកជំងឺឡើងដោយ1,986នាក់។ ឥណ្ឌូនេស៊ីជា “វាលពិឃាត” ធំបំផុតរបស់ COVID-19 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកស្លាប់181នាក់។
តួលេខនៃចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណាសរុបនៅប្រទេសសិង្ហបុរី បានឡើងដល់1,114ករណី ក្នុងនោះអ្នកស្លាប់មានចំនួន5ករណី បើគិតមកដល់ពេលនេះ។
ប្រទេសវៀតណាម ថ្ងៃនេះបានរកឃើញអ្នកជំងឺថ្មីចំនួន10ករណី ធ្វើឱ្យករណីឆ្លងមេរោគកូរ៉ូណាសរុបឡើងដល់237ករណី ក្នុងនោះមាន86ករណីបានជាសះស្បើយ។
ប្រទេសប៊្រុយណេ មានអ្នកជំងឺសរុប134នាក់ ក្នុងនោះមានអ្នកជំងឺម្នាក់បានបាត់បង់ជីវិត។
ប្រទេសមីយ៉ានម៉ារ បានរកឃើញអ្នកជំងឺកូរ៉ូណាសរុប20នាក់ ក្នុងនោះមានម្នាក់បានស្លាប់។
ប្រទេសឡាវ មានអ្នកជំងឺសរុប10នាក់។ ប្រទេសនេះមិនទាន់មានអ្នកស្លាប់នៅឡើយ។
ទីម័រខាងកើត ដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដែរនោះ មានអ្នកជំងឺសរុប1នាក់។
នៅកម្ពុជា មកដល់បច្ចុប្បន្នបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាសរុបចំនួន114ករណី បន្ទាប់ពីបានរកឃើញ4ករណីថ្មីក្នុងថ្ងៃនេះ។ ក្នុងចំណោមអ្នកបានឆ្លងមេរោគសរុប គឺមាន79ករណីកំពុងទទួលការព្យាបាល និង35ករណីបានជាសះស្បើយ។
COVID-19 បានបង្ហាញវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន204 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជាង54,465នាក់បានស្លាប់ និង38,405នាក់កំពុងប្រឈមនឹងការស្លាប់ ខណៈដែល220,025នាក់បានជាសះស្បើយ ក្នុងចំណោមអ្នកជំងឺសរុប1,034,163នាក់៕
ប្រភព៖ សារព័ត៌មានបរទេស