ការវិភាគទៅលើប្រព័ន្ធហ្សែនរបស់ COVID-19 បានបង្ហាញថា រចនាសម្ព័ន្ធប្រូតេអ៊ីនរាងបន្លានៅលើផ្ទៃខាងលើនៃវីរុសនេះ ធ្វើការដោយមានប្រសិទ្ធភាពខ្លាំងណាស់ រហូតដល់ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានថា មនុស្សមិនអាចបង្កើតបានមេរោគបែបនេះនោះឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា COVID-19 មិនមែនជាផលិតផលនៃការបង្កើតឡើងដោយមនុស្សនោះទេ នៅពេលបានប្រៀបធៀបលំដាប់អាស៊ីត RNA (Ribonucleic acid) របស់វីរុសCOVID-19 ជាមួយនឹងវីរុសSARS, MERS និងបណ្ដាវីរុសកូរ៉ូណាប្រភេទផ្សេងទៀត ដូចជាវីរុស HKU1 ដែលបង្កអាការរោគស្រាលនៅលើមនុស្សជាដើម។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយកាលពីថ្ងៃទី17មីនា លើទស្សនាវដ្ដី Nature។ ការសិក្សាស្រាវជ្រាវនេះ ផ្ដោតសំខាន់ទៅលើបណ្ដាប្រូតេអ៊ីនដែលមានរូបរាងដូចបន្លារបស់ COVID-19។ ប្រូតេអ៊ីននេះ រួមមានដែនតភ្ជាប់ RDB (Receptor Binding Domain) និងទីតាំងកាត់ផ្ដាច់ (Cleavage Site)។
RDB ថ្ពក់ជាប់ទៅនឹងទីតាំងភ្ជាប់ ACE2 ដែលមាននៅលើកោសិកាមនុស្ស បន្ទាប់មក Cleavage Site បើកផ្លូវឱ្យវីរុសរុកចូលទៅខាងក្នុងកោសិកា។ រចនាសម្ព័ន្ធរបស់ប្រូតេអ៊ីនរូបបន្លារបស់វីរុសCOVID-19 ធ្វើការមានប្រសិទ្ធភាពរហូតដល់ថ្នាក់ “មានតែធម្មជាតិប៉ុណ្ណោះទើបអាចធ្វើបែបនេះបាន” ពោលគឺមិនមែនជាផលិតផលផ្នែកជីវសាស្ត្ររបស់មនុស្សនោះទេ។
នៅពេលដែលអ្នកវិទ្យាសាស្ត្របង្កើតវីរុស COVID-19 នៅលើកុំព្យូទ័រ ពួកគេឃើញថា សមត្ថភាពឆ្លងរបស់វីរុសនៅលើកុំព្យូទ័រ មានលក្ខណៈខ្សោយជាងច្រើនណាស់បើធៀបនឹងវីរុសនៅខាងក្រៅ។
វេជ្ជបណ្ឌិត Kristian Andersen នៅមន្ទីរពិសោធន៍ Scripps ដែលជាសមាជិកម្នាក់នៃក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បានឱ្យដឹងថា បើសិនជាអ្នកវិទ្យាសាស្ត្រជាអ្នកបង្កើតវីរុសCOVID-19ពិតមែន នោះពួកគេនឹងមិនជ្រើសយកប្រូតេអ៊ីនវ៉ារ៉្យុង(variant protein) ដែលមិនសូវមានប្រសិទ្ធភាពនោះទេ។ ក្រៅពីនេះ អាវុធជីវសាស្ត្រជាទូទៅត្រូវបានបង្កើតឡើងដោយវីរុសសាហាវៗ។ ក៏ប៉ុន្តែ បណ្ដាវីរុសសែស្រឡាយជិតរបស់កូរ៉ូណាCOVID-19 ដែលមាននៅលើសត្វប្រចៀវ និងពង្រូល វាហាក់មិនបង្កគ្រោះថ្នាក់នោះឡើយ។
រូបរាង និងរចនាសម្ព័ន្ធរបស់វីរុសកូរ៉ូណាCOVID-19
COVID-19 ត្រូវបានគេជឿថា បានឆ្លងពីសត្វប្រចៀវ ទៅពង្រូល និងពីពង្រូលទៅកាន់មនុស្ស។ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានឱ្យដឹងថា ពួកគេកំពុងតែធ្វើការដើម្បីកំណត់ឱ្យបានច្បាស់ទៅលើបញ្ហានេះ៕
ប្រភព៖ សារព័ត៌មានបរទេស