“ថ្វីបើវីរុសCOVID-19 អាចរក្សាជីវិតរបស់វាបានដល់ទៅ7ថ្ងៃនៅលើម៉ាស់ ប៉ុន្តែពួកវាក៏ងាយនឹងត្រូវសម្លាប់ដោយវិធីសាមញ្ញ” នេះបើតាមការសិក្សាស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យហុងកុង។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះត្រូវបានប្រកាសកាលពីថ្ងៃទី15មីនា នៅលើគេហទំព័រ medRxiv របស់ក្រុមអ្នកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យហុងកុង។ ការសិក្សាស្រាវជ្រាវនេះបានបង្ហាញថា រយៈពេលនៃការរស់រានមានជីវិតរបស់វីរុសCOVID-19 មានភាពខុសគ្នាអាស្រ័យទៅលើបរិយាកាស ឬផ្ទៃនៃវត្ថុដែលវាកំពុងស្ថិតនៅ។
ក្រុមអ្នកវិទ្យាសាស្ត្របានបន្តក់វីរុសដែលគេបានបណ្ដុះ 1តំណក់ទៅលើផ្ទៃលើនៃវត្ថុមួយចំនួន រួមមាន ក្រដាស ឈើក្រដាសជូតមាត់ ក្រណាត់ វ៉ែនតា ប្រាក់ ដែកអ៊ីណុក ជ័រ រួមនឹងម៉ាស់ជាដើម។
ជាលទ្ធផល ក្រុមអ្នកវេជ្ជសាស្ត្រមិនបានរកឃើញវីរុសCOVID-19 នៅលើក្រដាស និងក្រដាសជូនមាត់នោះទេ បន្ទាប់ពីបានបន្តក់មេរោគរយៈពេល3ម៉ោង។
COVID-19 ក៏មិនមាននៅជាប់នៅលើឈើ និងក្រណាត់ បន្ទាប់ពី2ថ្ងៃក្រោយការបន្តក់មេរោគ។ បន្ទាប់ពីរយៈពេល4ថ្ងៃ គេក៏មិនឃើញមានវីរុសនេះនៅជាប់នៅលើកញ្ចក់វ៉ែនតា និងក្រដាសប្រាក់នោះដែរ។ វីរុសកូរ៉ូណាCOVID-19 អាចរក្សាជីវិតរបស់វាបានដល់ទៅ7ថ្ងៃ នៅលើដែកអ៊ីណុក និងជ័រ។
អ្វីដែលគួរឱ្យបារម្ភជាងគេនោះគឺថា នៅផ្ទៃខាងក្រៅនៃម៉ាស់ពេទ្យ (surgical mask) វីរុសនេះអាចរក្សាជីវិតរបស់វាបានដល់ទៅ7ថ្ងៃ ដូចទៅនឹងនៅលើជ័រ និងដែកអ៊ីណុក។
ក្រុមអ្នកវេជ្ជសាស្ត្របានសន្និដ្ឋានថា បើទោះវីរុស COVID-19 អាចមានជីវិតយូរថ្ងៃនៅលើវត្ថុមួយចំនួន ប៉ុន្តែវាក៏ងាយនឹងត្រូវបានសម្លាប់ដោយវិធីកំចាត់មេរោគសាមញ្ញៗផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស