លោក Ali Larijani អាយុ62ឆ្នាំ ជាប្រធានសភាអ៊ីរ៉ង់ ត្រូវបានរកឃើញថាវិជ្ជមានជាមួយនឹងវីរុសCOVID-19 ហើយលោកកំពុងទទួលការព្យាបាលក្នុងបន្ទប់ដាច់ដោយឡែក។
ស្ថានីយទូរទស្សន៍ជាតិអ៊ីរ៉ង់កាលពីម្សិលមិញបានចេញផ្សាយថា ប្រធានសភាអ៊ីរ៉ង់ លោក Ali Larijani ត្រូវបានធ្វើតេស្តរកមេរោគCOVID-19 បន្ទាប់ពីមានរោគសញ្ញាមួយចំនួន។ លទ្ធផលនៃការធ្វើតេស្ត បានរកឃើញថាលោកមានផ្ទុកមេរោគCOVID-19 ហើយលោកក៏កំពុងទទួលការព្យាបាល។
លោក Ali Larijani បានក្លាយជាមន្ត្រីម្នាក់ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ដែលបានឆ្លងវីរុសកូរ៉ូណានេះ។ មុននេះ អនុប្រធានាធិបតី Masoumeh Ebtekar រួមនឹងប្រធានគណៈកម្មការកិច្ចការបរទេស និងសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ លោក Mojtaba Zolnour និងតំណាងរាស្ត្រ Mahmoud Sadeghi និងអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Iraj Harirchi ក៏បានឆ្លងវីរុសCOVID-19។
លោក Hadi Khosroshahi ជាបព្វជិតម្នាក់នៅទីក្រុង Qom ដែលជាអតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Vatican ក៏បានទទួលមរណភាពដោយសារ COVID-19។
ប្រទេសអ៊ីរ៉ង់នៅតែជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅទ្វីបអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប50,468នាក់ និងអ្នកស្លាប់សរុប3,160នាក់៕
ប្រភព៖ សារព័ត៌មានបរទេស