លោកស្រី Bernardita Catalla អាយុ62ឆ្នាំ ជាឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសលីបង់ បានបាត់បង់ជីវិតក្នុងថ្ងៃនេះនៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋធានី Beirut នៃប្រទេសលីបង់ ក្រោយពីបានឆ្លងវីរុសCOVID-19។
ក្រសួងការបរទេសហ្វីលីពីន បានប្រកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុង Beirut បានទទួលមរណភាពដោយសារតែវីរុសបង្កជំងឺរលាកសួតថ្មី COVID-19។ លោកស្រី Catalla បានធ្វើការក្នុងវិស័យការទូតអស់រយៈពេល27ឆ្នាំមកហើយ។ លោកស្រីធ្លាប់កាន់តំណែងសំខាន់ៗប្រចាំនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ នៅមុនពេលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសលីបង់ លោកស្រីក៏ធ្លាប់ធ្វើជាអគ្គកុងស៊ុលរបស់ហ្វីលីពីន ប្រចាំទីក្រុងហុងកុងផងដែរ។
ប្រទេសលីបង់ មកដល់ពេលនេះ បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួនជិត500នាក់ ក្នុងនោះមាន16នាក់បានបាត់បង់ជីវិត។
ក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកស្រី Catalla ត្រូវបានគេមើលឃើញថា មមាញឹកយ៉ាងខ្លាំងក្នុងការបំពេញការងារ ពិសេសគឺកិច្ចការដែលទាក់ទិននឹងការបញ្ជូនពលករហ្វីលីពីនជាច្រើនម៉ឺននាក់នៅលីបង់ ត្រឡប់ទៅកាន់ប្រទេសវិញ ខណៈមេរោគ COVID-19 កំពុងរាលដាលពាសពេញពិភពលោក។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន203 ក្នុងពិភពលោក បណ្ដាលឱ្យមនុស្ស 956,588នាក់បានឆ្លងមេរោគ ក្នុងនោះមានអ្នកជំងឺ 48,583នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស