មន្ទីរពេទ្យជាច្រើនកន្លែងនៅក្នុងប្រទេសអាមេរិក បានគំរាមដេញមន្ត្រីផ្នែកសាធារណៈសុខាភិបាលណា ដែលហ៊ានចេញមករិះគន់យ៉ាងបើកចំហ អំពីស្ថានភាពក្នុងកន្លែងធ្វើការ ក្នុងអំឡុងពេលវិបត្តិនៃការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) និងមានអ្នកខ្លះត្រូវបានបណ្ដេញចេញពីការងាររួចរាល់ហើយទៀតផង។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន ប្ល៊ូមប៊ើក។
មិង លីន គ្រូពេទ្យប្រចាំបន្ទប់សង្គ្រោះបន្ទាន់ក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្ហើបឱ្យដឹងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា រូបគេត្រូវអស់ការងារធ្វើ ក្រោយពីបានទៅផ្ដល់បទសម្ភាសដល់សារព័ត៌មានមួយច្បាប់ ពាក់ព័ន្ធនឹងព័ត៌មានដែលរូបគេបានផូស្តនៅលើហ្វេសប៊ុកកាលពីពេលមុននោះ ដោយគេបានសរសេរបង្ហាញពីគំនិតយោបល់នៅលើបណ្ដាញសង្គមអនឡាញ ណែនាំមិត្តរួមការងារថា ការពាក់ម៉ាស់អនាម័យការពារតែម្យ៉ាង មិនគ្រប់គ្រាន់ទេសម្រាប់ការការពារមេរោគកូវីដ-19។
នៅក្នុងទីក្រុងស៊ីកាហ្គោ គិលានុបដ្ឋាកម្នាក់ ក៏ត្រូវបានបណ្ដេញចេញពីការងារដូចគ្នាដែរ បន្ទាប់ពីនាងបានសរសេរអ៊ីមែលផ្ញើទៅមិត្តភក្តិ ដោយរអ៊ូថា ត្រូវការម៉ាស់អនាម័យការពារមេរោគច្រើនជាងនេះក្នុងអំឡុងពេលប្រតិបត្តិតួនាទី។ ចំណែកឯនៅទីក្រុងនីវយ៉កវិញ មណ្ឌលព្យាបាល NYU Langone Health បានចេញសេចក្ដីប្រកាស ព្រមានដល់គ្រូពេទ្យ និងក្រុមគិលានុបដ្ឋាកដែលជានិយោជិតថា ពួកគេនឹងត្រូវបណ្ដេញចេញពីការងារ បើសិនជាទៅផ្ដល់សម្ភាសជាមួយសារព័ត៌មានណាមួយដោយគ្មានការអនុញ្ញាត។
អ្នកស្រី រូត ឈូប៊ែត អ្នកនាំពាក្យ នៃសមាគមគិលានុបដ្ឋាកនៃទីក្រុងនីវយ៉ក បានឱ្យដឹងថា “មន្ទីរពេទ្យទាំងឡាយ កំពុងរិះរកវិធីហាមប្រាមបណ្ដាគិលានុបដ្ឋាក និងមន្ត្រីសាធារណៈសុខាភិបាលដទៃទៀត ដើម្បីព្យាយាមការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន វាគួរឱ្យឈឺចាប់ណាស់” អ្នកស្រីនិយាយថា “ជាធម្មតា មន្ទីរពេទ្យនានា តែងតែប្រកាន់ខ្ជាប់ក្បួនច្បាប់ប្រតិបត្តិផ្នែកទំនាក់ទំនងមហាជនយ៉ាងតឹងរ៉ឹង ដើម្បីការពារសិទ្ធិបុគ្គលរបស់អ្នកជំងឺ ដោយទាមទារឱ្យមន្ត្រីនិយាយជាមួយសារព័ត៌មានតាមរយៈអង្គភាពទំនាក់ទំនងព័ត៌មានតែប៉ុណ្ណោះ តែក្នុងអំឡុងពេលវិបត្តិរោគរាតត្បាតដ៏សាហាវនេះ វាបាននាំមកនូវយុគសម័យមួយដែលប្រែប្រួលខុសពីមុន”។
អ្នកស្រីបន្តថា៖ “មន្ត្រីសាធារណៈសុខាភិបាល ត្រូវតែបានទទួលឱកាសក្នុងការប្រកាសប្រាប់ទៅសាធារណជន ឱ្យបានដឹងថា មានអ្វីកើតឡើងខ្លះ នៅក្នុងមណ្ឌលព្យាបាលដែលកំពុងមើលថែទាំអ្នកជំងឺកូវីដ-19”។
គ្រូពេទ្យ និងគិលានុបដ្ឋាកដែលជានិយោជិតរបស់មណ្ឌលព្យាបាល NYU Langone Health បានទទួលការឱ្យដំណឹងពី លោក ខេធី លូអ៊ីស អនុប្រធានគ្រប់គ្រងផ្នែកព័ត៌មានថា អ្នកណាក៏ដោយដែលនិយាយជាមួយសារព័ត៌មានដោយមិនមានការអនុញ្ញាត នឹងត្រូវទទួលទោសខាងវិន័យ ក្នុងនោះមានទាំងការបណ្ដេញចេញពីការងារផងដែរ។
លោក ជីមម៉ានឡឺរ៍ អ្នកនាំពាក្យរបស់ NYU Langone Health បានប្រាប់ថា គោលការណ៍នេះ គឺដើម្បីការពាររឿងសម្ងាត់របស់អ្នកជំងឺ និងបុគ្គលិក(គ្រូពេទ្យ និងគិលានុបដ្ឋាក) “ព្រោះថា ព័ត៌មានទាំងឡាយ វាអាចប្រែប្រួលជារឿយៗ វាជាផលប្រយោជន៍ខ្ពស់បំផុតរបស់បុគ្គលិក និងស្ថាប័នរបស់យើង និងជាពិសេសអ្នកដែលមានព័ត៌មានអាប់ឌែតថ្មីៗ នឹងបានទទួលការអនុញ្ញាតឱ្យនិយាយពីប្រធានបទទាំងនោះជាមួយអ្នកយកព័ត៌មាន”។
អ្នកស្រី ឡូរី ម៉ាស៊ូខៀវិស ជាគិលានុបដ្ឋាក និងជាអ្នកទីក្រុងស៊ីកាហ្គោ ត្រូវបានបណ្ដេញចេញពីមន្ទីរពេទ្យ Northwestern Memorial Hospital ក្រោយពីអ្នកស្រីទាមទារឱ្យមិត្តរួមការងារស្លៀកឈុតការពារឱ្យបានច្រើនជាន់ ជាងពេលបច្ចុប្បន្ន ហើយពេលនេះ អ្នកស្រីកំពុងដាក់ពាក្យប្ដឹងមន្ទីរពេទ្យខាងលើ ពីបទបណ្ដេញឈប់ដោយមិនត្រឹមត្រូវ។ អ្នកស្រីបាននិយាយថា “មន្ទីរពេទ្យជាច្រើន កំពុងប្រាប់បុគ្គលិករបស់ពួកគេថា ត្រឹមតែម៉ាស់អនាម័យការពារមួយ វាគ្រប់គ្រាន់ហើយ ហើយមកដល់ពេលនេះ មានគ្រូពេទ្យ និងគិលានុបដ្ឋាកជាច្រើន កំពុងធ្លាក់ខ្លួនឈឺ ពួកគេកំពុងតែជិតស្លាប់”។
អ្នកស្រី ម៉ាស៊ូខៀវីស វ័យ 40ឆ្នាំ ត្រូមើលថែឪពុកដែលកំពុងធ្លាក់ខ្លួនឈឺ ដោយជំងឺខាងផ្លូវដង្ហើម និងស្ថិតក្នុងវ័យ 75ឆ្នាំ ឪពុករបស់អ្នកស្រី ស្ថិតក្នុងក្រុមមនុស្សដែលមានភាពប្រថុយប្រថានបំផុតពីការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19៕
ប្រភព៖ សារព័ត៌មានបរទេស