Chris Cuomo ជាពិធីករម្នាក់របស់ស្ថានីយទូរទស្សន៍ CNN និងជាប្អូនប្រុសរបស់អភិបាលរដ្ឋ New York លោក Andrew Cuomo បានទទួលលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCOVID-19។
“Chris Cuomo អាយុ49ឆ្នាំ មានសុខភាពល្អខ្លាំងណស់” នេះបើតាមសាររបស់ CNN ដែលបានផ្ញើទៅកាន់បុគ្គលិកទាំងអស់របស់ខ្លួន បន្ទាប់ពីពិធីករម្នាក់នេះបានឆ្លងវីរុសCOVID-19។
Chris ដែលបានចូលធ្វើការនៅ CNN តាំងពីឆ្នាំ2013 គឺជាប្អូនប្រុសរបស់អភិបាលរដ្ឋ New York នៃសហរដ្ឋអាមេរិក និងជាកូនប្រុសពៅរបស់លោក Mario Cuomo ដែលជាអតីតអភិបាលរដ្ឋ New York។ គិតមកដល់បច្ចុប្បន្ន Chris គឺជាបុគ្គលិកទី3របស់ CNN នៅ New York វិជ្ជមានជាមួយនឹងCOVID-19។
“ខ្ញុំបាននៅក្បែរមនុស្សជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលក្រោយមក អ្នកទាំងនោះត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុក COVID-19។ ខ្ញុំក្ដៅខ្លួន ស្រៀវស្រាញ និងពិបាកដកដង្ហើម”។ លោក Chris សរសេរបែបនេះនៅលើទំព័រ Twitter កាលពីថ្ងៃទី31មីនា។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន200 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជាង 857,800នាក់បានឆ្លងវីរុសនេះ ក្នុងនោះមានជាង42,000នាក់បានបាត់បង់ជីវិត។ សហរដ្ឋអាមេរិក គឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុបជាង189,500នាក់ ក្នុងនោះមាន4,076នាក់បានស្លាប់។ រដ្ឋ New York គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារវិបត្តិសុខភាពនេះ៕
ប្រភព៖ សារព័ត៌មានបរទេស